ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាការដែលបញ្ជាក់ថា អ្នកកំពុងតែថប់អារម្មណ៍
× អ្នកប្រហែលជាអាចមានការបារម្ភច្រើនអំពីបញ្ហាណាមួយនៅកន្លែងធ្វើការ ឬអាចជាមានអ្វីមួយកំពុងតែហោះក្នុងពោះ ខណៈពេលដែលកំពុងតែរង់ចាំលទ្ធផល នៃការធ្វើតេស្តសុខភាព។ ជាទូទៅ មនុស្សគ្រប់គ្នាតែងតែមានការថប់អារម្មណ៍ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ រឿងនេះ មានទាំងមនុស្សធំ និងកូនក្មេង។ សម្រាប់មនុស្សភាគច្រើន ការថប់អារម្មណ៍ គឺមានបាត់ៗ ហើយមានរយៈពេលខ្លីដែរ។
ប៉ុន្តែសម្រាប់អ្នកខ្លះទៀត ការថប់អារម្មណ៍គឺមានរយៈពេលយូរ និងច្រើនខ្លាំង។ ការថប់អារម្មណ៍ ប្រហែលជាមិនអាចបាត់ទៅវិញ ក្នុងរយៈពេលច្រើនសប្តាហ៍ ខែ ឬឆ្នាំឯណោះ។ វាអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ និងពេលខ្លះ រំខានដល់របៀបរស់នៅប្រចាំថ្ងៃថែមទៀត។
ខណៈពេលដែល អាការនៃការថប់អារម្មណ៍ ខុសគ្នាពីមនុស្សម្នាក់ ទៅម្នាក់ទៀត តែជាទូទៅ រាងកាយនឹងមានប្រតិកម្មទៅនឹងរបៀបពិសេសនៃការថប់អារម្មណ៍តែម្តង។ នៅពេលមានអារម្មណ៍តក់ស្លុត រាងកាយនឹងមានការប្រុងប្រយ័ត្នខ្ពស់ ដែលមើលអ្វីៗតែងតែមានគ្រោះថ្នាក់សឹងតែទាំងអស់។ រោគសញ្ញានៃការថប់អារម្មណ៍ខ្លះមានដូចជា៖
• ភ័យ គេងមិនលក់ ឬមានអារម្មណ៍តានតឹងជាប់
• មានអារម្មណ៍ថាមានគ្រោះថ្នាក់ ខ្លាច ឬមានការគំរាមកំហែង
• ចង្វាក់បេះដូងដើរញាប់
• ដកដង្ហើមញាប់
• ញាក់សាច់ដុំ
• ខ្សោយ និងល្ហិតល្ហៃ
• ពិបាកផ្ចង់អារម្មណ៍ ឬគិតអ្វីមួយឲ្យបានច្បាស់លាស់ណាស់
• គេងមិនលក់
• មានបញ្ហានៅផ្លូវក្រពះពោះវៀនដូចជា ផោមច្រើន ទល់លាមក ឬរាករូស
• ចេះតែចង់គេចវេស ពីមូលហេតុដែលនាំឲ្យអ្នកថប់អារម្មណ៍
• ចេះតែសម្តែងនូវអាកប្បកិរិយាដដែលៗ ម្តងហើយ ម្តងទៀត
• ភ័យខ្លាចនូវរាល់ហេតុការណ៍ដែលប៉ះទង្គិចផ្លូវចិត្ត កាលពីពេលមុនៗ ទោះបីជាវាកន្លងផុតហើយក៏ដោយ។
Panic Attacks
វាគឺជាការខ្លាច ឬថប់អារម្មណ៍ខ្លាំងភ្លាមៗ ដែលកើតឡើងក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចមានអាការយ៉ាងហោចណាស់បួនយ៉ាង នៃអាការខាងក្រោមនេះ៖
• ញ័រដើមទ្រូង
• បែកញើស
• ញ័រខ្លួន
• មានអារម្មណ៍ថាពិបាកដកដង្ហើម
• មានអារម្មណ៍ថាឆ្លាក់អ្វីមួយក្នុងបំពង់ក
• ចង្អោ ឬមានបញ្ហាក្រពះពោះវៀន
• វិលមុខ ឬមានអារម្មណ៍ចង់ខ្យល់គរ
• មានអារម្មណ៍ថាត្រជាក់ ឬក្តៅ
• មានអារម្មណ៍ស្ពឹកៗ ឬឈឺឈៀបៗ
• មានអារម្មណ៍ថាដូចបាត់លក្ខណៈជាមនុស្ស
• ខ្លាច ឬចង់ឆ្គួត ឬបាត់បង់ការគ្រប់គ្រងខ្លួនឯង
• ខ្លាចស្លាប់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com