ជាតិ
ក្រសួង​អប់រំ ស្នើ​ឲ្យ​បញ្ឈប់​ការចែករំលែក​វិញ្ញាសា អត្រាកំណែ ឬ​សន្លឹក​កិច្ចការ​បេក្ខជន នៅតាម​ប​ណ្តា​ញ​សង្គម
22, Aug 2017 , 3:05 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​អ្នក​ប្រើ​ប​ណ្តា​ញ​សង្គម​មួយចំនួន បញ្ឈប់​ជាបន្ទាន់ សកម្មភាព​ចែករំលែក​វិញ្ញាសា អត្រាកំណែ ឬ​សន្លឹក​កិច្ចការ​បេក្ខជន ក្នុងអំឡុងពេល​ប្រឡង និង​មុន​ការប្រកាស​លទ្ធផល​ផ្លូវការ​។ ក្រសួង​អប់រំ នឹង​ស្វែងរក​ម្ចាស់​ទំព័រ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ មក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ក្នុងករណី​មិន​បញ្ឈប់​សកម្មភាព​ដែល​ក្រសួង​ចាត់ទុកថា បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​ប្រឡង​នេះ​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រើ​បណ្តាញ​សង្គម​បញ្ឈប់​ជាបន្ទាន់ ការចែករំលែក​វិញ្ញាសា អត្រាកំណែ ឬ​សន្លឹក​កិច្ចការ​បេក្ខជន ក្នុងអំឡុងពេល​ប្រឡង និង​មុន​ការប្រកាស​លទ្ធផល​ផ្លូវការ​។ ការអំពាវនាវ​នេះ កើតឡើង​បន្ទាប់ពី​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ្នកប្រើប្រាស់​គណនី​ឯកជន​មួយចំនួន​បង្ហោះ ចែករំលែក​វិញ្ញាសា និង​អត្រាកំណែ​មុខវិជ្ជា ជីវវិទ្យា និង​គីមីវិទ្យា នៅ​យប់​ថ្ងៃទី​២១ ខែសីហា​។ 

​ក្រសួង​អប់រំ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន បានចាត់ទុក​ទង្វើ​នេះ ថា​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​ដំណើរ​ការប្រឡង ដែល​ក្រសួង​អះអាងថា កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវ​ដល់​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ពាក់ព័ន្ធ បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​នេះ​។ បើ​នៅមាន​សកម្មភាព​ចែករំលែក​វិញ្ញាសា អត្រាកំណែ ឬ​សន្លឹក​កិច្ចការ​បេក្ខជន ក្នុងពេល​ដំណើរការ​ប្រឡង និង​ការប្រកាស​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវបាន​បញ្ចប់ ក្រសួង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ស្វែងរក​ម្ចាស់​ទំព័រ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ មក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​៕


Tag:
 បាក់​ឌុប​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com