ជាតិ
ប្តី​ប្រពន្ធ​រវល់​ធ្វើជា​អនុរក្ស​ប្រឡង​បាក់​ឌុប ឯ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​
22, Aug 2017 , 4:04 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក​ក្រសួងអប់រំ
រូបភាពពីហ្វេសប៊ុក​ក្រសួងអប់រំ
ដោយ:
​ផ្ទះ​របស់​លោកគ្រូ​អ្នកគ្រូ​ប្ដី​ប្រពន្ធ ជា​អនុរក្ស​ដែល​ស្ថិតនៅ​ទី​រួម​ខេត្តបាត់ដំបង​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ កាលពី​ម៉ោង​៤​ ទៀប​ភ្លឺ​នៅ​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១៧​។



​ផ្ទះ​របស់​លោកគ្រូ អ្នកគ្រូ ដែលជា​ប្ដី​ប្រពន្ធ ហើយ​ធ្វើជា​អនុរក្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ នៅ​មណ្ឌល​ក្នុង​ទី​រួម​ខេត្តបាត់ដំបង ត្រូវបាន​ភ្លើង​ឆេះ​ខូចខាត​ទាំងស្រុង កាលពី​យប់​ម៉ោង​៤​ទៀបភ្លឺ នៅ​ថ្ងៃទី ២២ សីហា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​២២ ខែសីហានេះ​។​

​គេហទំព័រ​របស់​អគ្គ​ស្នងការបន្តទៀតថា ដោយសារ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នោះ ជាប់រវល់​ចុះ​បំពេញបេសកកម្ម ធ្វើជា​អនុរក្ស​នៅឯ​ទី​រួម​ខេត្តបាត់ដំបង ក្នុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ រយៈពេល​២​ថ្ងៃ ទើប​ផ្ទះ​របស់​ពួកគេ មិនមាន​អ្នក​មើលថែ​នោះទេ​។ ផ្ទះ​របស់​លោកគ្រូ​អ្នកគ្រូ​ ដែល​ត្រូវ​ភ្លើង​ឆេះ ស្ថិតនៅ​ភូមិ​ទួល​បា​ល្ល័​ង្គ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។



​អធិការនគរបាល ស្រុក​គាស់ក្រឡ លោក ឆាង វ៉ាន់​ឆៃ បាន​លើកឡើងថា ផ្ទះមួយ​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​នេះ ​គឺ​​សង់​ពី​ឈើ ដំបូល​ស័ង្កសី និង​មាន​ទំហំ ៦​ម៉ែត្រ គុណនឹង ​៩ ម៉ែត្រ​។ លោក​បាន​បន្ថែមទៀតថា បើទោះបីជា​មានអន្តរាគមន៍​ពី​​​រថយន្ត​ពន្លត់អគ្គិភ័យ របស់​អធិការដ្ឋាន​ក៏ដោយ ក៏​មិនអាច​ទប់ស្កាត់​បានដែរ​។ បើតាមការសន្និដ្ឋាន​ជំហាន​ដំបូង ភ្លើង​ឆេះ​ផ្ទះ​នេះ អាច​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គិសនី​។​

​បើតាម​ការលើកឡើងរ​បស់​ម្ចាស់ផ្ទះ ​ដែលជា​អនុរក្ស​ប្រឡង ការខូចខាត​ទាំង​ផ្ទះ និង​របស់របរ​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​នៅក្នុង​ផ្ទះ ​​​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​១​ម៉ឺន​ដុល្លារ​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស ប្រចាំខេត្ត​បាត់ដំបង និង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​នាំយក​នូវ​ថវិកា​មួយចំនួន​របស់​ក្រសួង​អប់រំ​​ និង​ថវិកា​ផ្ទាល់ខ្លួន ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​៕


Tag:
 អនុរក្ស​
  បាត់ដំបង​
  បាក់ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com