អន្តរជាតិ
ថៃ ត្រៀមពង្រាយកងកម្លាំង«បួនពាន់នាក់» នៅថ្ងៃប្រកាសសាលដីកាសំណុំរឿងលោកស្រី យីងឡាក់ រូបភាព៖ Thai Visa
× តុលាការកំពូលថៃ នឹងប្រកាសសាលដីកាលើសំណុំរឿងអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា នៅថ្ងៃសុក្រនេះហើយ ។ ជាការឆ្លើយតបទៅនឹងស្ថានភាព និងដើម្បីរក្សាសន្តិសុខ និងសណ្តាប់នៅតុលានោះ រដ្ឋាភិបាលថៃ នឹងពង្រាយកងកម្លាំងសន្តិសុខរបស់ខ្លួនបួនពាន់នាក់នៅឯស្ថាប័នយុត្តិធម៌នោះ ខណៈ ក្រុមអ្នកគាំទ្ររបស់លោកស្រីអតីតនាយករដ្ឋមន្ត្រី ប្រមាណជាងបីពាន់នាក់ ក៏គ្រោងប្រមូលផ្តុំគ្នានៅទីនោះផងដែរ ។
បើតាមការអះអាងរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់ថៃ លោកឧត្តមសេនីយ៍ ផាណូរ៉ាត ឡាក់ប៊ុន កងកម្លាំងសន្តិសុខប្រមាណបួនពាន់នាក់ ដែលរួមមានបំពាក់ទាំងកាមេរ៉ាសុវត្ថិភាព ខែល ឧទ្ធម្ភាគចក្រ និងឡានបង្ក្រាបកុបកម្មជាដើមនោះ នឹងត្រូវពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់នាថ្ងៃប្រកាសសាលដីកាសំណុំរឿងលោកស្រី យីងឡាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២២ សីហា ។
លោកឧត្តមសេនីយ៍ បានបន្ថែមថា ប៉ូលិស បានបែងចែកតំបន់សម្រាប់សុវត្ថិភាពតុលាការ និងតំបន់សម្រាប់ឲ្យក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ អាចប្រហែលផ្តុំបាន ក៏ប៉ុន្តែ ប៉ូលិស ក៏នឹងដាក់តម្លើងរបាំងការពារដើម្បីទប់ស្កាត់ក្រុមអ្នកគាំទ្រទាំងនោះ និងក្រុមជនទីបី ដែលមានចេតនាបង្កឲ្យមានចលាចលផងដែរ ។
មន្ត្រីជាន់ខ្ពស់ដដែលនោះ ក៏ព្រមានទៅកាន់ជនទីបី កុំឲ្យមានចេតនាបង្កចលាចលឲ្យសោះ ព្រោះ កាមេរ៉ា សុវត្ថិភាព នឹងត្រូវដំឡើងគ្រប់ទីកន្លែងជុំវិញបរិវេណ ហើយប៉ូលិស ក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការឃាត់ខ្លួនពួកគេ ភ្លាមៗតែម្តង ។
សូមជម្រាបផងដែរ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី ដោយសាររដ្ឋប្រហារយោធានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។ ក្រោយអស់អំណាច លោកស្រី ត្រូវបានសភាថៃ ហាមពាក់ព័ន្ធកិច្ចការនយោបាយរយៈពេលប្រាំឆ្នាំ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោកស្រីអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏ត្រូវបានរងការចោទប្រកាន់ទាំងបទព្រហ្មទណ្ឌ និងរដ្ឋប្បវេណីពាក់ព័ន្ធថាបានធ្វើឲ្យបាត់បង់ថវិកាជាតិរាប់លានដុល្លារក្នុងពេលលោកស្រីដឹកនាំប្រទេស និងពាក់ព័ន្ធអំពើពុករលួយទៀតផង។ គេមិនទាន់អាចធ្វើការសន្និដ្ឋានបានឡើយ ថា សាលដីកា ដែលនឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែសីហានេះ សម្រេចឲ្យលោកស្រី ទទួលខុសលើសំណុំរឿងនេះឬយ៉ាងណានោះ ក៏ប៉ុន្តែ សំណុំរឿងនេះ បានអូសបន្លាយជាច្រើនឆ្នាំហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com