កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ផ្តោតលើ Everton ជាង​តំណែង​ជម្រើសជាតិ ក្រោយ​ស៊ុត​បាន ២០០​គ្រាប់​នៅ EPL
22, Aug 2017 , 5:09 pm        
រូបភាព
 
​ខ្សែប្រយុទ្ធ Wayne Rooney និយាយថា​រូបគេ​ផ្តោត​តែ​លើ​ក្រុម Everton ជាជាង​ការកោះហៅ​ចូលទៅ​ក្រុម​ជម្រើសជាតិ​ឡើងវិញ​ក្រោយពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ២០០ នៅក្នុង​ក្របខណ្ឌ Premier League​។​


​អតីត​ខ្សែប្រយុទ្ធ​របស់ Manchester United វ័យ ៣១​ឆ្នាំ​រូបនេះ បា​នរក​គ្រាប់​បាល់​បើកឆាក​ឲ្យ​ក្រុម Everton ក្នុងការ​ប្រកួត​ស្មើ ១-១ កាលពី​ថ្ងៃ​ចន្ទ​ជាមួយ Manchester City និង​ជា​គ្រាប់​បាល់​ទី​ពីរ​ផងដែរ សម្រាប់​ការប្រកួត​ទី​២​នៃ​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​។​
 
​លោក Gareth Southgate អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បាន​មើលរំលង​រូបគេ​កាលពី​ប្រកួត​ជាមួយ​ស្កុ​តឡែ​ន និង​អេ​ស្ប៉ា​ញ​កាលពី​ខែមិថុនា​កន្លងទៅ​។​
​ក្រោយ​រកបាន​ពីរ​គ្រាប់​នៅ​ដើមរដូវ​កាល​ដំបូង​នៃ​ការ​ត្រឡប់​ទៅ​ក្លិប​ចាស់ និង​ជា​គ្រាប់​ទី​២០០​នៅ Premier League នេះ Rooney បាន​និយាយថា​៖«​ខ្ញុំ​ប្រាកដ​ណាស់​ថា​ខ្ញុំ​នឹង​និយាយ​ទៅកាន់ Gareth Southgate ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​។ យើង​នឹង​ឃើញ​អ្វីដែល​នឹង​កើតឡើង​»​។​
 
​លោក Southgate នឹងត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កីឡាករ​ថ្មី​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដើម្បី​ប្រកួត​វគ្គ​ជម្រុះ World Cup នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ តោ​កំណាច​អង់គ្លេស នឹងត្រូវ​ជួប​ក្រុម ម៉ា​លត៍ នៅ​ថ្ងៃទី ១ ខែកញ្ញា ហើយនឹង​ធ្វើដំណើរ​ទៅកាន់ ស្លូ​វ៉ា​គី នៅ​៣​ថ្ងៃ​បន្ទាប់​។​
 
​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នេះ គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យ​ក្រុម​ជម្រើសជាតិ គឺ​ចំនួន​៥៣​គ្រាប់ ក៏ដូចជា​នៅ​អតីត​ក្រុម​ចាស់ Manchester United ផងដែរ ដោយ​ស៊ុត​ចូល ២៥៣​គ្រាប់ ក្នុង​រយៈពេល ១៣​ឆ្នាំកន្លងមក​។​
 
​សូមបញ្ជាក់ថា Rooney បានសម្រេច​ចាកចេញ​ពី​បិសាច​ក្រហម ទៅ​ចូលរួម​ជាមួយ Everton វិញ​តាំង​ពីមុន​បើក​រដូវ​កាល​ថ្មី​មក​ម្លេះ​។ ការចាកចេញ​នេះ​ត្រូវបាន​គេ​មើលឃើញថា​មកពី​អ្នកចាត់ការ​លោក Jose Mourinho បាន​នាំចូល​កីឡាករ​ល្អ​ថ្មី​ចូល​ច្រើន​ក្នុង​រដូវ​កាល​នេះ​៕

Tag:
 ​បាល់ទាត់​
  Wayne Rooney
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com