អន្តរជាតិ
កូរ៉េខាងជើង​ព្រមាន​អូស្ត្រាលី «​ចង់​ជួយ​អាមេរិក ប្រយ័ត្ន​គ្រោះថ្នាក់​ខ្លួនឯង​»
22, Aug 2017 , 5:37 pm        
រូបភាព
​កូរ៉េខាងជើង បាន​ព្រមាន​អូស្ត្រាលី​ដែល​ចង់​ជួយ​អាមេរិក និង​កូរ៉េខាងត្បូង បើសិនជា​ប្រទេស​ទាំងពីរ​នេះ​ធ្វើសង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​។ កូរ៉េខាងជើង​ចាត់ទុក​ជំហរ​របស់​អូស្ត្រាលី​ជាការ​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​មិនបាន​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​។ អូស្ត្រាលី និង​អាមេរិក ជា​សម្ព័ន្ធមិត្ត​ចាស់វស្សា និង​មាន​កិច្ចព្រមព្រៀង​ការពារ​គ្នា​ទៅវិញទៅមក ក្នុងករណី​មានការ​វាយប្រហារ​លើ​ប្រទេស​ណាមួយ​។



​ថ្វី​ដ្បិត​ជា​រដ្ឋ​មិន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ អូស្ត្រាលី​តែង​ចេញមុខ​គាំទ្រ​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ អូស្ត្រាលី​តែង​អនុវត្ត​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ពេលខ្លះ​ក៏​ចេញ​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ រួច​ដើរចូល​តុ​ចរចា​បញ្ចប់​បញ្ហា​។ លើសពីនោះ អូស្ត្រាលី​ក៏​ត្រៀមខ្លួន​ជួយ​អាមេរិក​ក្នុងករណី​សង្គ្រាម​ផ្ទុះឡើង​ទៀតផង​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ា​ល់ខម ធើ​ន​ប៊ូល (Malcolm Turnbull) ធ្លាប់​ប្រកាស​ហើយ​ថា អូស្ត្រាលី​នឹង​ចេញ​ទ័ព​ជួយ​អាមេរិក បើ​កូរ៉េខាងជើង​វាយ​អាមេរិក ហើយ​អាមេរិក​វាយបក​វិញ​នោះ​។ ការប្រកាស​បែបនេះ​រប​ស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ធ្វើ​ឲ្យ​កូរ៉េខាងជើង​រង្កៀស​ចិត្ត​យ៉ាងខ្លាំង​។ ជាមួយគ្នានេះ អូស្ត្រាលី​ក៏បាន​បញ្ជូន​ទ័ព​របស់ខ្លួន​ចូលរួម​សមយុទ្ធ Ulchi-Freedom Guardian ដែល​កូរ៉េខាងជើង​ចាត់ទុកជា​ឈ្លានពាន​ខ្លួន​នោះ​។​

​យោងតាម​សារព័ត៌មាន Sputnik អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​និយាយ​នៅ​ថ្ងៃទី​២១ ខែសីហា ថា ទង្វើ​របស់​អូស្ត្រាលី​គឺជា​សម្លាប់​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​វា​បង្ហាញ​ពី​ភាព​ក្មេងខ្ចី​ផ្នែក​នយោបាយ​ទាំង​មិនបាន​ស្វែងយល់​ស្ថានភាព​ឲ្យ​បានជា​ក់លាក់​។ អ្នកនាំពាក្យ​ដដែល​បន្តថា អូស្ត្រាលី​បាន​ដើរ​តាម​អាមេរិក​ក្នុង​សង្គ្រាម​នៅ​កូរ៉េ វៀតណាម និង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ប៉ុន្តែ​អ្វីដែល​ទទួល​មកវិញ​គឺ​ការបាត់​បង់ជីវិត​ទាហាន និង​យុទ្ធោបករណ៍​សង្គ្រាម​ទៅវិញ​។​

​អាមេរិក អូស្ត្រាលី បូករួម​នូវ៉ែល​សេ​ឡង់​ផង​នោះ មាន​កិច្ច​ព្រមព្រៀងគ្នា​មួយ គឺ​កិច្ចព្រមព្រៀង ANZUS ដែល​ចងសម្ព័ន្ធ​ប្រទេស​ទាំងបី​ក្នុង​គោលដៅ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងពេល​មាន​អាសន្ន​។ អ្វីដែល​គេ​សង្កេតឃើញ ទីណា​មាន​វត្តមាន​ទាហាន​អាមេរិក ទីនោះ​ក៏មាន​មុខ​ទាហាន​អូស្ត្រាលី​ដែរ ដែល​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ប្រទេស​ទាំងពីរ​។ ដូច្នេះ​វា​ក៏​គ្មានអ្វី​ចម្លែក​ដែរ​ពេល​អូស្ត្រាលី​ចាំ​ជួយ​អាមេរិក​នោះ​។​

​កន្លងមក កូរ៉េខាងជើង​ក៏​ធ្លាប់​គំរាម​វាយប្រហារ​អូស្ត្រាលី​ដែរ​ជុំវិញ​ជំហរ​ជួយ​អាមេរិក​នេះ​។ ទោះជា​ស្ថិតនៅ​ឆ្ងាយ​ពី​ឧបទ្វីប​កូរ៉េ​ក្ដី ក៏​អូស្ត្រាលី​ស្ថិតក្នុង​រង្វង់​ដែល​មី​ស៊ី​ល​រំលង​ទ្វីប​របស់​កូរ៉េខាងជើង​បាញ់​ដល់​ដែរ ហើយ​នេះ​ជា​អ្វីដែល​ថ្នាក់ដឹកនាំ​ក្រុង​កង់​បេ​រ៉ា​ព្រួយបារម្ភ និង​តែង​ស្នើ​ឲ្យ​ព្យុងយ៉ាង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​ចោល​ទៅ​៕ 
 

Tag:
 កូរ៉េខាងជើង​
  អូស្ត្រាលី​
  អាមេរិក​
  Malcolm Turnbull
© រក្សាសិទ្ធិដោយ thmeythmey.com