កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ទារ ១០​លាន​ដុល្លារ​ពី Neymar ដោយសារ​រំលោភ​កិច្ចសន្យា​
23, Aug 2017 , 3:42 pm        
រូបភាព
​ក្លិប Barcelona កំពុងតែ​ប្តឹង​អតីត​កីឡាករ​ខ្លួន Neymar ដោយ​ទាមទារ​ប្រាក់ ៧.៨​លាន​ផោន ប្រហែល ១០​លាន​ដុល្លារ ពីបទ​រំលោភ​កិច្ចសន្យា ក្រោយ​ការផ្ទេរ​ក្នុងតម្លៃ​ឯតទគ្គ​កម្ម​ពិភពលោក​ទៅកាន់​ក្រុម Paris St-Germain​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​នៃ​លី​ក​កំពូល​បារាំង កាលពីដើម​ខែសីហា​ក្នុង​តំលៃ​ទិញ​ផ្តាច់​កិច្ចសន្យា ២០០​លាន​ផោន ប្រមាណ ២៦០​លាន​ដុល្លារ​អាមេរិក ពី Barcelona​។​

​មូលហេតុ​នៃ​ការប្តឹង​រហូតដល់​ទាមទា​ប្រាក​១០​លាន​ដុល្លារ​នេះ ព្រោះថា​កាលពី​ខែ តុលា ឆ្នាំ ២០១៦ កន្លងទៅ Neymar ធ្លាប់បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​រយៈពេល​៥​ឆ្នាំ​ពោលគឺ​រហូតដល់​ឆ្នាំ​២០២២ ព្រមទាំង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត ៣០​លាន​ដុល្លារ​ថែម​ទៀតផង​។ ប៉ុន្តែ​យ៉ាងណា អតីត​យុវជន​ក្រុម Santos រូបនេះ​នៅតែ​សម្រេច​ចាកចេញ​មុន​កិច្ចសន្យា​ទៅ​រួម​ក្រុម PSG ដដែល​។​

​លើសពីនេះ Barcelona ក៏បាន​បញ្ជាក់ទៀតថា ប្រសិនបើ Neymar មិន​ព្រម​បង់ប្រាក់​នៃ​ការប្ដឹង​ទាមទារ​នេះ​ទេនោះ ក្លិប Paris St-Germain នឹង​ត្រូវជា​អ្នករ៉ាប់រង​បង់ប្រាក់​ទាំងអស់នេះ​ជំនួស​វិញ​៕


Tag:
 បាល់ទាត់​
  Neymar
  Barcelona
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com