ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំប្រៃពេកមិនត្រឹមតែធ្វើឲ្យលើសសម្ពាធឈាមទេ តែក៏ជាប់ទាក់ទងនឹងមហារីកក្រពះដែរ
× ធម្មតាយើងដឹងហើយថា ជាតិប្រៃ ឬអំបិល គឺជាគ្រឿងផ្សំធ្វើម្ហូប ដែលវាអាចជួយបង្កើនរសជាតិម្ហូបដែលយើងទទួលទានកាន់តែឆ្ងាញ់តាមរយៈភាពប្រៃរបស់វា។ ក្រៅពីនេះ វាក៏ត្រូវបានគេប្រើដើម្បីរក្សាអាហារឲ្យបានយូរ ដោយការប្រឡាក់សាច់ ព្រមទាំងអាចជួយទប់ស្កាត់ការលូតលាស់របស់បាក់តេរីថែមទៀតផង។
កាលពីប្រមាណ បីទសវត្សន៍មុន កេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ជាតិប្រៃនេះត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងជំងឺជាច្រើនដូចជា ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង នៅពេលដែលទទួលទានវាច្រើនពេក។ ប៉ុន្តែក្នុងនោះជាក៏មានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺមហារីកក្រពះផងដែរ។
តាមពិតទៅ បើយោងទៅតាមក្បួនណែនាំរបបអាហារសម្រាប់ជនជាតិអាមេរិក (Dietary Guideline for Americans) បានណែនាំថា យើងគួរតែកាត់បន្ថយការញ៉ាំជាតិប្រៃ ឬសូដ្យូមឲ្យនៅក្រោម ២៣០០មីលីក្រាមក្នុងមួយថ្ងៃ។ ចូរចាំថា អំបិល៦ក្រាម ឬមួយស្លាបព្រា គឺមានជាតិសូដ្យូមតែ ៤០ភាគរយប៉ុណ្ណោះ។
ដោយយោងទៅតាមអំណះអំណាងមួយចំនួននិយាយថា ការញ៉ាំអំបិល ឬប្រៃច្រើនអាចជាប់ទាក់ទងប្រឈមខ្ពស់នឹងមហារីកក្រពះ។ រឿងនេះប្រហែលជាដោយសារតែវាធ្វើឲ្យកើនឡើងដល់បាក់តេរីបង្កដំបៅក្រពះ H.pylori ក្នុងក្រពះហើយ។
ការសិក្សាមួយកាលពីឆ្នាំ ២០១១ ដែលធ្វើទៅលើមនុស្សប្រមាណ ១០០០នាក់ បានឲ្យដឹងថា អ្នកដែលញ៉ាំប្រៃច្រើនគឺប្រឈមខ្ពស់នឹងមហារីកក្រពះ។ ហើយការសិក្សាដ៏ធំមួយទៀតដែលមានមនុស្សចូលរួម ២៦៨៧១៨នាក់ បានរកឃើញថា អ្នកដែលញ៉ាំប្រៃគឺប្រឈមនឹងមហារីកក្រពះច្រើនជាងអ្នកញ៉ាំមិនប្រៃប្រមាណ ៦៨ភាគរយឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែសម្គាល់ថា ការសិក្សាទាំងនេះគឺបង្ហាញតែទំនាក់ទំនងរវាងមហារីកក្រពះ និងការញ៉ាំប្រៃខ្លាំងប៉ុណ្ណោះ។ ដូច្នេះវាត្រូវតែមានការស្រាវជ្រាវបន្ថែមច្រើនទៀតដើម្បីកំណត់ឲ្យដឹងថា តើរបបអាហារប្រៃប៉ុណ្ណាទើបអាចវិវត្តទៅជាជំងឺនេះបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com