ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ជួយ​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ អញ្ចឹង​ចាំ​ដល់​ណា​ទៀត​?
24, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នកមាន​ជំងឺ ឬ​មិន​ស្រួលខ្លួន អ្នក​ប្រហែលជា​មិនមាន​អារម្មណ៍​ចង់​ញ៉ាំ​អ្វី​ទាំងអស់ ប៉ុន្តែ​រាងកាយ​អ្នក​នៅតែ​ត្រូវការ​ថាមពល​ពី​អាហារ​ដដែល​។ ជាក់ស្តែង​សម្រាប់​អ្នកជំងឺ​ផ្តាសាយ​ក៏​ដូចគ្នា​ដែរ បើសិនជា​អ្នក​ចង់​ឲ្យ​ជំងឺ​នេះ​ឆាប់​ជា​ទៅវិញ ការប្រើ​ថ្នាំ​មិនមែនជា​ជម្រើស​ល្អ​បំផុត​ទេ តែ​ការ​ញ៉ាំ​អាហារ​បន្ថែម​ទើប​ជា​តម្រូវ​ការចាំបាច់​។ ដូច្នេះ​ចូរ​ជ្រើសរើស​អាហារ​ខាងក្រោម​នេះ​ទទួលទាន​ឲ្យ​បាន​ច្រើន​បើសិនជា​ចង់​ឲ្យ​ជំងឺ​ផ្តាសាយ​ឆាប់​ជា​វិញ​។​



​ស៊ុប​មាន់​

​ស៊ុប​ប្រៃ​ល្មម​ជា​វិធី​ព្យាបាល​បែប​បូរាណ​មួយ​សម្រាប់​ជំងឺ​គ្រប់​ប្រភេទ ជាពិសេស​គឺ​វា​ល្អ​បំផុត​សម្រាប់​ជំងឺ​ផ្តាសាយ​តែម្តង​។ ទឹក​ក្តៅ​ឧណ្ហៗ​គឺ​ល្អ​ណាស់​សម្រាប់​ជួយ​ឲ្យ​ប្រហោង​ឆ្អឹង​ក្នុង​មុខ​បើក​បានល្អ ហើយក៏​ដកដង្ហើម​បាន​កាន់តែ​ស្រួល​ដែរ​។ ចំណែកឯ​ជាតិ​ប្រៃ​ចេញពី​ស៊ុប​ព្រមទាំង​ជាតិ​សាច់មាន់​ទៀត អាចជួយ​បំបាត់​អាកា​រៈរ​មាស់ ឬ​រលាក​នៅក្នុង​បំពង់ករ​បាន​។​

​តែ​ក្តៅ​
​ភេសជ្ជៈ​ក្តៅ​ឧណ្ហៗ​ដូចជា​តែ​គឺ​ល្អ​ណាស់​សម្រាប់​ជំងឺ​ផ្តាសាយ​។ ចូរ​បន្ថែម​ទឹកឃ្មុំ​បន្តិច​ទៀតផង​បើសិនជា​អ្នកមាន​អាកា​រៈ​ក្អក​។ ចូរ​ហាន់​ខ្ញី​មួយ​ចំនិត​ដាក់​ក្នុង​តែ​នោះ​ផង​ទៅ​ដើម្បី​ជួយ​បន្ថយ​ការ​រលាក និង​បំបាត់​ការ​តឹង​ច្រមុះ​។ អ្នក​ក៏​មិនគួរណា​ញ៉ាំ​កាហ្វេ​ទេ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​រំខាន​ដល់​ថ្នាំ​ដែល​អ្នក​ញ៉ាំ ព្រមទាំង​បង្កើន​ការ​ប្រឈម​នឹង​ភាព​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៀត​។​

​យ៉ា​អួ​
​យ៉ា​អួ​មាន​បាក់តេរី​ផ្តល់​សុខភាព​រាប់លាន ហើយក៏​អាចជួយ​បង្កើន​សុខភាព​ពោះវៀន​ថែម​ទៀតផង​។ ការដែល​ញ៉ាំ​អាហារ​មួយ​នេះ វា​នឹង​ជួយ​រាងកាយ​ប្រឆាំងនឹង​ជំងឺ​ជាច្រើន ព្រមទាំង​ជំងឺ​ផ្តាសាយ​ផងដែរ​។​

​រឿង​ដ៏​សំខាន់បំផុត​ដែល​ត្រូវ​ចងចាំ​នោះ​គឺថា នៅពេល​អ្នកមាន​ជំងឺ​ផ្តាសាយ ត្រូវតែ​ធ្វើយ៉ាងណា​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន​។ ចូរ​ញ៉ាំ​ទឹក ឬ​តែ​ក្តៅ​ឧណ្ហៗ​ជា​ទៀងទាត់​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​ខណៈពេល​អ្នក​កំពុងតែ​ជាសះស្បើយ​ពី​ជំងឺ​ផ្តាសាយ​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com