កីឡាអន្តរជាតិ
អន្តរជាតិ
Tottenham ទិញ​បាន​ខ្សែការពារ Sanchez ពី Ajax ក្នុងតម្លៃ ៥៦​លាន​ដុល្លារ​
24, Aug 2017 , 1:37 pm        
រូបភាព
Tottenham Hotspur បានបញ្ចប់​ការចុះហត្ថលេខា​នាំយក​ខ្សែការពារ Davinson Sanchez ពី​ក្រុម Ajax ក្នុងតម្លៃ​ផ្ទេរ ៤២ លាន​ផោន ប្រមាណ ៥៦​លាន​ដុល្លារ​អាមេរិក​។



​ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​វ័យ ២១ ឆ្នាំ​រូបនេះ​បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល​ប្រាំមួយ​ឆ្នាំ​ដើម្បី​ស្នាក់នៅ​ជាមួយ​ក្រុម​ជើងឯក​រង Premier League រដូវ​កាល​មុន​។​
​វត្តមាន​របស់ Sanchez បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្សែបម្រើ​បារាំង Moussa Sissoko ដែល​អ្នកចាត់ការ​ទូទៅ​របស់ Spurs លោក Mauricio Pochettino ទិញ​ពី Newcastle ក្នុងតម្លៃ ៣០ លាន​ផោន ប្រហែល ៣៨​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៦​។​



​អ​តី​អ​សមាជិក​ក្រុម Atletico Nacional ជា​កីឡា​ករទី​២ របស់ Tottenham បន្ទាប់ពី​នាំយក​អ្នកចាំទី Paulo Gazzaniga ពី Southampton មក​រួម​ក្រុម​កាលពី​ថ្ងៃ​ពុធ​ទី​២៣ ខែសីហា​នេះ​។​
Sanchez បាន​ចូលរួម​ជាមួយ Ajax ពី​ក្លិប Atletico Nacional នៃ​លី​ក​កំពូល​កូ​ឡុំ​ប៊ី​កាលពី​ខែមិថុនា​ឆ្នាំមុន​ក្នុង​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ និង​បាន​បង្ហាញខ្លួន ៣២ ប្រកួត ហើយ​ជាប់​ឈ្មោះ​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​នៃ​ក្របខណ្ឌ​កំពូល​ហូ​ឡង់​ទៀតផង​។​



​កាលពី​រដូវ​កាល​មុន​រូបគេ​ក៏បាន​ជួយ Ajax ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UEFA Europa League ដោយ​ជួប​ក្រុម Manchester United ផងដែរ ប៉ុន្តែ​បាន​ត្រឹម​រងជើង​ឯក​ប៉ុណ្ណោះ​៕


Tag:
 បាល់ទាត់​
  Davinson Sanchez
  Ajax
  Tottenham
© រក្សាសិទ្ធិដោយ thmeythmey.com