អន្តរជាតិ
ឌូទើតេ៖ «បះបោរទម្លាក់ខ្ញុំពីតំណែងចុះ បើអ្នកមិនពេញចិត្ត»
× ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងថា ការទិតៀនប៉ូលិសដែលបាញ់សម្លាប់ក្មេងប្រុសវ័យ១៧ឆ្នាំសប្តាហ៍មុនជារឿងចៀសមិនផុតឡើយ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានប្រាប់ឲ្យអ្នកប្រឆាំងលោកទាំងអស់ថា ក្នុងករណីពួកគេមិនពេញចិត្ត ពួកគេក្រោកឈរប្រឆាំងតវ៉ា និងទម្លាក់លោកពីតំណែងបាន បើសិនជាពួកគេអាចធ្វើទៅរួច។
សារព័ត៌មាន Manila Standard ចុះផ្សាយថា ប្រធានាធិបតី ឌូទើតេ បានផ្តាំផ្ញើឲ្យអ្នកប្រឆាំងលោកចេញមុខបះបោរនិង ទម្លាក់លោកបើសិនជាគេមិនពេញចិត្ត។ លោកព្រលយពាក្យបែបនេះ បន្ទាប់ពីលោកទទួលស្គាល់ថា វាគ្មានការហាមឃាត់អ្នកណាម្នាក់រឿងរិះគន់ប៉ូលិសដែលបាញ់សម្លាប់ក្មេងប្រុសអាយុ ១៧ឆ្នាំ ឈ្មោះ Kian Delos Santosឡើយ។
«ខ្ញុំនឹងបញ្ជូនឡានទៅដឹកអ្នកទាំងអស់គ្នាទៀត។ ធ្វើវាទៅ។ ខ្ញុំកំពុងរង់ចាំ ហើយវានឹងមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល និងប្រធានាធិបតីដែលកំពុងធ្វើការនាពេលបច្ចុប្បន្ន»។ នេះជាសម្តីរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ឆ្លើយតបនឹងអ្នករិះគន់លោក។
ប្រធានាធិបតីរូបនេះបានបន្តទៀតថា៖ « បើសិនជាមានការបះបោរមែន អ្នកប្រឆាំងនិងមិនជឿជាក់លើខ្ញុំអាចចូលរួមតាមចិត្ត។ យើងអាចមានចលនាបះបោរមួយតាមចិត្តចុះ»។
ករណីសម្លាប់ក្មេងមិនដឹងអីម្នាក់ នៅតែរឿងចម្រូចម្រាសសម្រាប់រដ្ឋបាលលោក ឌូទើតេ ហើយចលានប្រឆាំងលោកក៏កើនឡើងកាន់តែខ្លាំងដូចគ្នា។ ប៉ុន្តែលោក ឌូទើតេ មិនមានចេតនាបញ្ចប់សង្គ្រាមគ្រឿងញៀនលោក ត្រឹមនេះទេ ថ្វីបើលោកប្រឈមការរិះគន់ និងមានការតវ៉ាច្រើនពីក្រុមសិទ្ធិមនុស្សនិងប្រជាពលរដ្ឋខ្លួនក៏ដោយ។
ប្រធានាធិបតីរូបនេះបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្មីៗនេះថា សង្គ្រាមគ្រឿងញៀនរបស់លោកនឹងបន្តទៅមុខទៀតដើម្បីបោសសម្អាតក្រុមឈ្មួញនិងឧក្រិដ្ឋជនគ្រឿងញៀនដែលបង្កបញ្ហាដល់សង្គមហ្វីលីពីនមកដល់បច្ចុប្បន្ននោះ។
គួរបញ្ជាក់ដែរថា កន្លងមកប៉ូលិសបានរាយការណ៍ថាមនុស្សប្រហែល៣២០០នាក់ត្រូវបានសម្លាប់ ដោយប៉ូលិសក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកន្លងមក ប៉ុន្តែខាងស្ថាប័នសិទ្ធិមនុស្សបានអះអាងថា មនុស្សមិនតិចជាង ៧០០០នាក់ទេដែលត្រូវបានគេសម្លាប់ក្រៅរង្វង់ច្បាប់និងគ្មានហេតុផលត្រឹមត្រូវ៕
Tag:
រ៉ូឌ្រីហ្គោ ឌូទើតេ
Kian Delos Santos
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com