ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ ឡេ​លាយ មិនល្អ ដូច​អ្នក​គិត​នោះទេ​!
26, Aug 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
​ឡេ​លាយ គឺជា​ការ​លាយ​បញ្ចូល​គ្នា​នូវ​សារ​ធាតុគីមី​យ៉ាងច្រើន ដើម្បី​ជួយ​កែខៃ​ស្បែក​ឲ្យ​ស ស្រស់ថ្លា និង​ភ្លឺរលោង​។ ឡេ​លាយ ជា​ឧស្សាហ៍កម្ម​ដែល​ធ្វើ​ឲ្យ​ថៅកែ​ចំណេញ​ប្រាក់​រាប់លាន​ដុល្លារ ប៉ុន្តែ តើ​អ្នកមាន​ដឹង​ទេ​ថា ឡេ​លាយ បែរជា​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ប្រឈម​ទៅនឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ចំពោះ​សុខភាព និង​ស្បែក​របស់គេ​នៅ​ថ្ងៃ​អនាគត​?



​ឡេ​លាយ​ភាគច្រើន ដែលមាន​លក់​នៅលើ​ទីផ្សារ​សព្វថ្ងៃនេះ គ្មាន​គុណភាព​នោះទេ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ពីព្រោះ​តែ​វា​មាន​លាយ​សារធាតុ​ជាច្រើន​បញ្ចូល​គ្នា ដូចជា​ពពួក steroids, hydroquinone និង tretinoin​។ សារធាតុ​ទាំងអស់នេះ អាចធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ប្រឈម​ទៅនឹង​បញ្ហា​ជាច្រើន ដូចជា ការ​អាល្លែកហ្ស៊ី បញ្ហា ស​ស្លេក កើត​ជំងឺមហារីក​ស្បែក ធ្វើ​ឲ្យ​ខូចខាត​ដល់​ថ្លើម និង​ពុល​ដល់​សរីរាង្គ​នានា​ជាដើម​។​

​នៅ​បណ្តា​ប្រទេស​មួយចំនួន មាន​ករណី​ខាងលើ​កើត​ច្រើនណាស់ ក្រោយ​ការប្រើប្រាស់​ឡេ​លាយ​បែបនេះ ជាពិសេស  ចំពោះ​ក្រុមមនុស្ស​ដែល​ស្ថិតក្នុង​អាយុ ចន្លោះ​ពី ២០ ទៅ ៣០ ឆ្នាំ​។​

​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​វិញ ឡេ​លាយ ក៏​ជាទី​ពេញនិយម​របស់​បណ្តា​ប្រជាពលរដ្ឋ​យើង​ដែរ ជាពិសេស នារីៗ​នៅតាម​បណ្តា​គ្រប់​ស្រុក​ខេត្ត​ក្រុង​តែម្តង​។ ដោយសារតែ​ចង់​ឲ្យ​ស្បែ​កស ហើយ​ស​ក្នុង​រយៈពេល​ខ្លី​ទៀត​នោះ ការប្រើប្រាស់​ឡេ​លាយ​ដែល​គ្មាន​គុណភាព បានកើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។​

​ជុំវិញ​ក្តីកង្វល់ និង​គ្រោះថ្នាក់​នៃ​ការប្រើ​ឡេ​លាយ​បែបនេះ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឈប់​ប្រើប្រាស់​ឡេ​លាយ ដើម្បី​ធ្វើ​ឲ្យ​ស្បែ​កស​លឿន ដោយ​អះអាងថា សារជាតិ​ឡេ​លាយ​នោះ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ធ្ងន់ធ្ងរ នៅ​ថ្ងៃ អនាគត​។​

​យ៉ាងណាមិញ សម្រាប់​មិត្ត​នារី​ដែល​ចង់​ប្រើប្រាស់​ឡេ ដើម្បី​ជួយ​ដល់​សុខភាព​ស្បែក សូម​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា ឈ្មោះ​ផលិតផល និង​ប្រភព​ផលិត​ច្បាស់លាស់ ព្រមទាំង​មានការ​ទទួល​ពិនិត្យ​សារធាតុ​ផ្សំ​ត្រឹមត្រូវ​ពី​ក្រសួង​សុខ​ភិ​បាល ដើម្បី​ចៀស​ផុតពី​បញ្ហា​ទាំងឡាយ​៕

ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com