ជាតិ
​​​ន​យោ​បាយ​ជាតិ​
រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​របស់​បក្ស​មូលដ្ឋាន ដែល​កើតចេញពី​សមាជ​លើក​ទី​១
27, Aug 2017 , 10:39 pm        
រូបភាព
(ពីឆ្វេងដៃទៅស្តាំដៃ) លោក យ៉េង វីរៈ ប្រធានគណបក្សនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិ លោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការវិន័យ និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក។ អ្នកទាំងបី បានឡើងបង្ហាញខ្លួន ក្នុងអង្គសមាជលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលរៀបចំនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Por Setha
(ពីឆ្វេងដៃទៅស្តាំដៃ) លោក យ៉េង វីរៈ ប្រធានគណបក្សនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិ លោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការវិន័យ និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក។ អ្នកទាំងបី បានឡើងបង្ហាញខ្លួន ក្នុងអង្គសមាជលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលរៀបចំនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Por Setha
ភ្នំពេញ​៖ របៀបវារៈ​សំខាន់ៗ​ចំនួន​បី ត្រូវបាន​អនុម័ត​នៅក្នុង​សមាជ​លើក​ទី​១ របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​រៀបចំឡើង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២0១៧​នេះ​។ របៀប វារៈ​ទាំងបី​នោះ គឺ​ការជ្រើសតាំង​ប្រធាន​គណបក្ស ការអនុម័ត​លើ​លក្ខន្តិកៈ រួមទាំង​ការរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ផ្សេងទៀត ដូចជា​គណៈកម្មាធិការ​នាយក គណៈកម្មាធិការ​ប្រតិបត្តិ និង​គណៈកម្មាធិកា​រវិ​ន័យ​។


 
លោក យ៉េ​ង វីរៈ ដែល​កំពុងកាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បន្ត​ឈរឈ្មោះ​ធ្វើជា​បេក្ខជន​ប្រធាន​ម្តងទៀត​។ ហើយ មានតែ​លោក យ៉េ​ង វីរៈ​ម្នាក់​ប៉ុណ្ណោះ ដែល​ឈរឈ្មោះ​ធ្វើជា​បេក្ខជន​ប្រធាន​គណបក្ស​នេះ​។ ជា​លទ្ធផល លោក បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណបក្ស​សាជាថ្មី ដោយ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន​១១៧  ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ចំនួន​១២៥​។​

លោក យ៉េ​ង វីរៈ ដែលជា​អ្នកជំនាញ​ផ្នែក​ច្បាប់ មិន​ត្រឹមតែ​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណបក្ស​នោះទេ តែ​លោក ក៏បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ផងដែរ​។
​ចំណែក លោក យ៉ង សាំង​កុមារ បណ្ឌិត​ផ្នែក​កសិកម្ម ហើយពី​មុន​ជាម​ន្ត្រី​ពង្រឹងសមត្ថភាព​យុវជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​។ រីឯ លោកស្រី ប្រុក វ៉ា​ន្នី ជា​អតីតមន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​និង​វិន័យ​។

តំណាង​ជាង​១00​នាក់ ដែល​មកពី​បណ្តា​រាជធានី​-​ខេត្ត​នានា បាន​ចូលរួម​នៅក្នុង​សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវបាន​បង្កើតឡើង​តាំងពី ឆ្នាំ​២0១៥​មក​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com