អន្តរជាតិ
របប​សឹក​ថៃ​ទាត់ចោល​ពាក្យ​រិះគន់ថា​បើកផ្លូវ​ឲ្យ​លោកស្រី យី​ង​ឡាក់ រត់គេចខ្លួន​
28, Aug 2017 , 10:11 am        
រូបភាព
​របប​សឹក​ថៃ​បាន​ទាត់ចោល​ពាក្យរិះគន់​ដែល​កំពុងពុះ​កញ្ជ្រោល​នៅក្នុង​ប្រទេស​ជុំវិញ​ការរត់​គេចខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ។ របប​យោធា​អះអាងថា ខ្លួន​មិនមាន​កិច្ចព្រមព្រៀង​អ្វី​ជាមួយ​លោកស្រី យី​ង​ឡាក់ ដើម្បី​បើកផ្លូវ​ឲ្យ​លោកស្រី​ចាក​ចេញពី​ប្រទេស​នៅមុន​ការប្រកាស​សាលដីកា​នៅ​ថ្ងៃទី​២៥ ខែសីហា​ឡើយ​។ នៅពេលនេះ គេ​ក៏​មិនទាន់​ដឹង​លោកស្រី យី​ង​ឡាក់ នៅទីណា​ឡើយ ខណៈដែល​ការស្វែងរក​ទីតាំង​លាក់ខ្លួន​របស់លោក​ស្រី​កំពុង​ធ្វើ​ញាប់ដៃ​។​



​អវត្តមាន​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ចំពោះមុខ​តុលាការ​ជុំវិញ​សំណុំរឿង​ទិញ​លក់​អង្ករ ធ្វើ​ឲ្យ​របប​សឹក​ថៃ​រង​ការរិះគន់​យ៉ាងខ្លាំង​។ ក្រុម​អ្នក​រិះគន់​បាន​ចោទ​រដ្ឋាភិបាលយោធា​ថាបើ​កដៃ​ឲ្យ​លោកស្រី យី​ង​ឡាក់ រត់គេចខ្លួន​ទៅ​បរទេស ព្រោះ​បើ​លោកស្រី​នៅក្នុង​ប្រទេស របប​សឹក​អាច​ប្រឈមមុខ​បញ្ហា​មិន​ខាន​។ ក្រុម​រិះគន់​លើកឡើង​ទៀតថា របប​សឹក​អាច​បិទ​ភ្នែក​បិទ​ច្រមុះ ឬក៏​អាច​ចូល​ដៃ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ទៀតផង​។​

​ការរិះគន់​លើ​របប​សឹក​បានកើត​ឡើងជា​បន្តបន្ទាប់​ទាំង​នៅតាម​បណ្ដាញសារព័ត៌មាន បណ្ដាញ​សង្គម និង​ការនិយាយ​ត​គ្នា​ជាដើម​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​រាយការណ៍​ថា លោកស្រី យី​ង​ឡាក់ បាន​រត់គេចខ្លួន​ទៅកាន់​ទីក្រុង Dubai ដើម្បី​ជួប​ជាមួយ​បងប្រុស​របស់ខ្លួន គឺ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ។ ដោយសារ​រឿងនេះ របប​សឹក​ថៃ​ក៏​ក្លាយជា​មុខព្រួញ​នៃ​ការរិះគន់​ព្រោះ​តាំងពី​កាន់អំណាច​មក របប​យោធា​បាន​តាមដាន​អ្នកនយោបាយ​យ៉ាង​ដឹ​តដល់ តែ​បែរជា​ឲ្យ​លោកស្រី យី​ង​ឡាក់ គេច​ពី​ភ្នែក​បាន​។​

​ឆ្លើយតប​ពាក្យរិះគន់​នេះ លោក Winthai Suvari អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់​។ យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Winthai ចាត់ទុក​ពាក្យរិះគន់​ទាំងនោះ​ជា​គំនិត​ផ្ទាល់ខ្លួន​ដែល​ចេះតែ​ភ្ជាប់​រឿង​មួយ​ទៅ​រឿង​មួយទៀត ដោយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ក្នុង​ស្ថានការណ៍​បែបនេះ មិនគួរ​មាន​អ្នកណា​និយាយ​អ្វីដែល​បង្ក​ការយល់ច្រឡំ ឬក៏​បង្ក​ការប៉ះពាល់​ដល់​ស្ថាប័ន​ផ្សេង​ឡើយ​។ 

​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ត្រូវគេ​ជឿថា​បាន​រ់ត់គេចខ្លួន​មុន​តុលាការ​កំពូល​ប្រកាស​សាលដីកា​នៅ​សប្ដាហ៍​មុន​។ ប្រភពពី​ម​ន្រី្ត​ផ្ទៃក្នុង​បក្ស​ភឿ​ថៃ​និយាយថា លោកស្រី យី​ង​ឡាក់ បាន​រត់គេចខ្លួន​ទៅកាន់​ឌូ​បៃ ដោយ​ឆ្លងកាត់​កម្ពុជា រួច​បន្តដំណើរ​ទៅកាន់​សិង្ហ​បុរី មុននឹង​ហោះ​ទៅ​ជួប​លោក ថាក់ស៊ីន ព្រោះ​លិខិតឆ្លងដែន​របស់លោក​ស្រី​មិនត្រូវ​បាន​ដកហូត​ឡើយ​។ យ៉ាងណាក្ដី អាជ្ញាធរ​កម្ពុជា​បានប្រកាស​ហើយ​ថា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​មិនបាន​ឆ្លងកាត់​ទឹកដី​ខ្លួន​ទេ​។​

​ក្នុងករណី​ចូលខ្លួន​ចំពោះមុខ​តុលាការ លោកស្រី យី​ង​ឡាក់ អាច​ប្រឈមមុខ​ការជាប់​ពន្ធនាគា​រ​ដល់​ទៅ​១០​ឆ្នាំ​ចំពោះ​ការធ្វេសប្រហែស​ក្នុងការ​បំពេញការងារ​ជុំវិញ​ការទិញ​លក់​អង្ករ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​រាប់លាន​ដុល្លារ​។ អតីតមន្ត្រី​រដ្ឋាភិបាល​លោកស្រី​ពីរ​នាក់ គឺ​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម Boonsong Teriyapirom ត្រូវ​ជាប់ពន្ធនាគារ​៤២​ឆ្នាំ​ក្នុងករណី​កិច្ចព្រមព្រៀង​ទិញ​លក់​អង្ករ​រវាង​រដ្ឋាភិបាល​ថៃ និង​ចិន ឯ​អតីត​អនុរដ្ឋមន្ត្រី Poom Saraphol ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៣៦​ឆ្នាំ​ផងដែរ​៕


Tag:
 ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​
© រក្សាសិទ្ធិដោយ thmeythmey.com