អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បង់​ក្លា​ដែ​សនឹង​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា បើ​មី​យ៉ាន់​ម៉ា​ត្រូវការ​
29, Aug 2017 , 6:02 pm        
រូបភាព
ដោយ:
 
​បង់​ក្លា​ដែ​សបាន​ស្នើសុំ​សហការ​លើ​ផ្នែក​យោធា​ជាមួយ​មី​យ៉ាន់​ម៉ា​ដើម្បី​បង្ក្រាប​ក្រុម​ឧទ្ទាម​ក្នុង​រដ្ឋ Rakhine​។ រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​សបាន​អះអាងថា បើ​មី​យ៉ាន់​ម៉ា​ត្រូវការ​ជំនួយ​ពី​បង់​ក្លា​ដែ​ស ប្រទេស​ទាំងពីរ និង​សហការគ្នា​ផ្នែក​យោធា​ដើម្បី​បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ​នៅតាម​ព្រំដែន​បង់​ក្លា​ដែ​ស​។​



​នៅ​ថ្ងៃ​ចន្ទ​ទី​២៨​ខែសីហា បង់​ក្លា​ដែ​ស​បានស្នើ​ផ្ដល់ជំនួយ​យោធា​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ​រំដោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា Arakan (ARSA) ក្នុង​រដ្ឋ Rakhine​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន 
 
​បង់​ក្លា​ដែ​ស​ដែលជា​មិត្ត​ជិតខាង​មី​យ៉ាន់​ម៉ា​មិន​ពេញចិត្ត​ខ្លាំង​ចំពោះ​ការវាយប្រហារ​របស់​ក្រុម​ប្រដាប់អាវុធ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទៅលើ​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ឡើយ​។​ការប៉ះទង្គិច​គ្នា​បង្ក​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួនធំ​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​ផង​។​
 
​បើតាម​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​បី​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស​។ ដោយឡែក បើតាម​អាជ្ញាធរ​បង់​ក្លា​ដែ​ស ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​ផ្សេងទៀត​បាន​សម្រុក​ចូលមក​ព្រំដែន​បង់​ក្លា​ដែ​ស ប៉ុន្តែ​ជនជាតិ​ទាំងនេះ​ត្រូវ​បង់​ក្លា​ដែ​ស​ឃាត់ខ្លួន និង​រាប់រយ​នាក់​ទៀត​ត្រូវបាន​ប​ញ្ចូ​ន​មក​មី​យ៉ាន់​ម៉ា​វិញ​។​
 
​បើតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន AFP មន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​លើកឡើងថា យើង​អាច​ផ្តល់​ការគាំទ្រ​ផ្នែក​យោធា​ដល់​មី​យ៉ាន់​ម៉ា និង​សហការគ្នា​ដើម្បី​កម្ចាត់​ក្រុម​ទាហាន​រំដោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា Arakan (ARSA)  ឬ​ក្រុម​ឧទ្ទាម​ផ្សេងៗ​នៅតាម​ព្រំដែន​បង់​ក្លា​ដែ​ស​-​មី​យ៉ាន់​ម៉ា​ដែរ ក្នុងករណី​មី​យ៉ាន់​ម៉ា​ត្រូវការ​»​។​
 
​គួរ​បញ្ចាក់​ដែរ​ថា ក្រុម​សកម្មប្រយុទ្ធ​រំដោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា Arakan ជា​ក្រុម​ប្រដាប់អាវុធ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​សន្យា​ការពារ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​នេះ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​កងសន្តិសុខ​មី​យ៉ាន់​ម៉ា និង​ជនជាតិ​មី​យ៉ាន់​ម៉ា​មួយចំនួនធំ​ដែល​កាន់សាសនា​ព្រះពុទ្ធ​ក្នុង​រដ្ឋ Rakhine​។​
 
​ដោយឡែក អំឡុងពេល​មានការ​ប៉ះទង្គិច​គ្នា​នេះ រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​សបាន​កោះហៅ​ភារធារី​មី​យ៉ាន់​ម៉ា​មកជួប​កាលពី​ចុង​សប្តាហ៍ មុន​ដើម្បី​ប្រាប់​ពី​កង្វល់​និង​ក្តីបារម្ភរ​បស់បង់​កា្ល​ដែ​ស​ពេលដែល​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ច្រើន​បែបនេះ​ចូល​ទឹកដី​ខ្លួន​។  បច្ចុប្បន្ន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​ជំរុំ​ជនភៀសខ្លួន kutupalong នៅ​បង់​ក្លា​ដែ​សមាន​ចំនួន ៤០​ម៉ឺន​នាក់​ហើយ​។ បង់​ក្លា​ដែ​សបាន​បន្ត​ស្នើសុំ​ឲ្យ​មី​យ៉ាន់​ម៉ា​យក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទាំងនេះ​ទៅវិញ ហើយ​ប្រញាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងស្រុក​ដោយ​ជ្រើសរើស​មធ្យោបាយ​មួយ​ត្រឹមត្រូវ​និង​គ្រប់​ជ្រុងជ្រោយ​៕

Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
 ​ ​Arakan
© រក្សាសិទ្ធិដោយ thmeythmey.com