ជាតិ
លោក ជា សុផារ៉ា នឹងដោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនផលិតស្ករសក្នុងខេត្តចំនួន៣ រូបពីហ្វេសប៊ុកលោក ជា សុផារ៉ា
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នឹងដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៣ ដែលមានវិវាទជាមួយក្រុមហ៊ុនផលិតស្ករស។ ការចេញមុខដោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋរបស់លោក ជា សុផារ៉ា នេះធ្វើឡើងក្រោយពីលោក បានបើកកិច្ចប្រជុំអន្តរក្រសួងជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធចំនួន៣រូប ស្តីពីការដោះស្រាយ បញ្ហាពាក់ព័ន្ធនិងដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញ នៅព្រឹកថ្ងៃទី៣០ សីហានេះ។
រដ្ឋមន្ត្រីចំនួន៣រូប ដែលបានពិគ្រោះយោបល់ជាមួយលោក ជា សុផារ៉ា ក្នុងការរកដំណោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះ មានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
កិច្ចប្រជុំអន្តរក្រសួងខាងលើនេះ បានសម្រេចលទ្ធផលមួយចំនួន ដែលលោក ជា សុផារ៉ា ជាអ្នកទទួលបន្ទុកសម្របសម្រួលនិងដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចនេះ ខណៈដែលក្រុមការងារអន្តរក្រសួងចំពោះកិច្ច នឹងបន្តភារកិច្ចដដែល។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានសម្រេចប្រគល់ភារកិច្ចជូនប្រធានមន្ទីរដែនដីខេត្តកោះកុង កំពង់ស្ពឺ និងព្រះវិហារ សម្របសម្រួលចំពោះទម្រង់បែបបទ និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ និង ទីតាំងដីពាក់ព័ន្ធរយៈពេល៣០ថ្ងៃ(ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧) នៅសាលាស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ,សាលាស្រុកស្រែអំបិល ខេត្តកោះកុង សាលាស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ។
ប៉ុន្តែសម្រាប់បុគ្គលណាដែលក្លែងបន្លំឯកសារ ឬញុះញង់បង្ករបញ្ហា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះជាការព្រមានរបស់ក្រសួងរៀបចំដែនដី ដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា។
ទាក់ទងនឹងបញ្ហាដីធ្លីនេះ ប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិចដែលរងគ្រោះជាច្រើននាក់ បាននាំគ្នាដាក់ញត្តិទៅកាន់ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣០ សីហា ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន ដកក្រុមហ៊ុនចិនចំនួន៥ ដែលទទួលបានសិទ្ធិវិនិយោគដាំអាកាស្យា និងអំពៅសរុបជាង៤ម៉ឺនហិកតា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារចេញ។ ប្រជាពលរដ្ឋទាំងនេះ បានអះអាងថាក្រុមហ៊ុនទាំង៥ បានរំលោភសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមភាគតិច បំផ្លាញធនធានធម្មជាតិ និងបង្ករឲ្យមានអំពើរពុករលួយជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com