ជាតិ
សង្គមជាតិ
កម្ពុជា និង អ​.​ស​.​ប រួមគ្នា​បង្កើត​កម្ម​វី​ធី​មួយ ដើម្បី​លើកកម្ពស់​ការទទួលបាន​ការងារ​របស់​យុវ​ជ​កម្ពុជា​
01, Sep 2017 , 1:57 pm        
រូបភាព
​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ បានចុះហត្ថលេខា​កិច្ចសហប្រតិបត្តិការ លើ​កម្មវិធី​រួមគ្នាឈ្មោះថា «​រួបរួម​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» ។ កិច្ចសហប្រតិបត្តិការ​សម្រាប់​កម្មវិធី​នេះ មាន​រយៈពេល ២​ឆ្នាំ ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧ នេះ  និង​មាន​គោលដៅ ផ្តល់​លទ្ធភាព​ទទួលបាន​ការ​ងារ​ប្រសើរ​ជាង​មុន​ដល់​ស្ត្រី និង​បុរស​វ័យក្មេង​កម្ពុជា​។



​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) នៅ​ថ្ងៃទី​៣១ ខែសីហា ​​បាន​ចុះហត្ថលេខា​លើ​កម្មវិធី​​មួយ​ឈ្មោះថា «​រួបរួម​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» សម្រាប់​រយៈពេល​កិច្ចសហប្រតិបត្តិការ​២​ឆ្នាំ ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧​។  កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ ជាមួយ​ទីភ្នាក់ងារ​ស្វីស​ដើម្បី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ដែល​នឹង​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ ក៏​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម រវាង​រាជរដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា កម្មវិធី​«​រួបរួម​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​»  ជា​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទី​ភ្នា​ក់​អង្គការ​សហ​ប្រ​ចា​ជាតិ ចំនួន​៥ អង្គការ​UNDP, UNESCO, UNICEF, UNV និង​អង្គការ ILO ក្នុង​នាទី​ជា​ទីភ្នាក់ងាររដ្ឋបាល និង​សម្របសម្រួល​។



​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា កម្មវិធី​នេះ នឹង​លើកកម្ពស់​ឱកាស​ការងារ​សមរម្យ និង​ដែល​ផ្តល់​ផល​សម្រាប់​យុវជន​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ភាព​មាន​ការងារ​ធ្វើ នៃ​យុវជន​ដែល​ស្វែងរក​ការងារ តាមរយៈ​ការអប់រំ និង​ការបណ្តុះបណ្តាល​ដែលមាន​គុណភាព​ខ្ពស់ ដែល​រួមទាំង​បំ​ណិ​ន​ជីវិត សហគ្រិនភាព និង​ភាពជា​អ្នកស្ម័គ្រចិត្ត​ផង​។ 

​លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា កម្មវិធី​រួមគ្នា​នេះ បានផ្តល់​ឱកាស​ដោយឡែក​មួយ សម្រាប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងសង្គម​កម្ពុជា ដែល​រួមទាំង រដ្ឋាភិបាល អង្គការសហប្រជាជាតិ ទីភ្នាក់ងារ​ផ្តល់ជំនួយ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ធ្វើការ​ជាមួយគ្នា ឆ្ពោះទៅ​សម្រេច​គោលដៅ​រួម នៃ​ការបង្ក​លក្ខណៈ​ឲ្យ​ស្ត្រី និង​បុរស​វ័យក្មេង មានលទ្ធភាព​ទទួលបាន​ការងារ​ប្រសើរ​ជាង​មុន ជាពិសេស​ក្រុម​ជនទន់ខ្សោយ និង​ងាយ​រងគ្រោះ​លោកស្រី Claire Van der Vaeren បញ្ជាក់ទៀតថា ការលើកកម្ពស់​ការងា​រ​សម្រាប់​យុវជន មាន​សារសំខាន់​ណាស់ នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​បរិ​យា​ប័ន្ន និង​ដើម្បី​រួមចំណែក ក្នុងការ​សម្រេចបាន​កំណើន​ដោយ​ចីរភាព​នៅ​កម្ពុជា​។ 

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា បាន​សាទរ​ចំពោះ​ភាគី​ទាំងអស់​ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​នេះ​។ លោក​ថា ការចាប់ផ្តើម​អនុវត្ត​កិច្ចសហប្រតិបត្តិការ កម្មវិធី​នេះ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ ផ្នែក​ការងារ​សម្រាប់​យុវជន​កម្ពុជា​។  

​លោកស្រី Carin Salerno នាយិកា​ទីភ្នាក់ងារ​ស្វីស​ដើម្បី​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ បាន​ថ្លែងថា ស្ថាប័ន​របស់លោក​ស្រី មាន​កិត្តិយស​ណាស់​ក្នុងការ​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​ក្នុង    វិស័យនេះ ដើម្បី​បង្កើត​ការងារ​កាន់តែច្រើន និង​ប្រសើរ​ជាង​មុន​សម្រាប់​ពលរដ្ឋ​វ័យក្មេង​កម្ពុជា​។ លោកស្រី​បន្ថែមទៀតថា ទីភ្នាក់ងារ​ស្វី​ស​ដើម្បី​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ នៅតែ​គាំទ្រ​កិច្ចប្រឹងប្រែង​អភិវឌ្ឍន៍​របស់​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​កិច្ចការ​យកចិត្តទុកដាក់​របស់​ស្ថាប័ន​លោកស្រី​៕
 

Tag:
 កម្ពុជា​
 ​ អង្គការសហប្រជាជាតិ​
 ​ ការងារ​
 ​ យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com