អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជិត​៤០០​នាក់​ស្លាប់​ព្រោះ​ការប្រយុទ្ធ​គ្នា​រវាង​ទាហាន​មី​យ៉ាន់​ម៉ា​និង ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​
02, Sep 2017 , 12:22 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
 
​មនុស្ស​ជិត​៤០០​នាក់​បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិចរ​វា​ង​កងសន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​។ ក្រុម​សន្តិសុខ​បាន​អះអាងថា ខ្លួន​កំពុង​ចេញ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ភេរវ​ករ​ជ្រុលនិយម និង​ការពារ​ប្រជាជន​ស៊ីវិល ។​ប៉ុន្តែ គេ​កត់សម្គាល់​ឃើញថា ក្រុម​សន្តិសុខ​ឆ្លៀត​វាយប្រហារ​លើ​ជន​ស៊ីវិល​។


​ទិន្នន័យ​ជា​ផ្លូវការ​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា ការប៉ះទង្គិច​រវាង​ក្រុម​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ៤០០​នាក់​ស្លាប់​។ ក្នុងចំណោម​អ្នកស្លាប់ មាន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​៣៧០​នាក់ កងសន្តិសុខ​១៣​នាក់ មន្ត្រី​រដ្ឋាភិបាល​២​នាក់ និង​ជន​ស៊ីវិល​១៤​នាក់​ទៀត​។ គេ​សន្និដ្ឋានថា នេះ​ជា​អំពើហិង្សា​ដែល​បង្ក​ឲ្យ​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើនជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ដកស្រង់​របាយការណ៍​អង្គការសហប្រជាជាតិ​គិត​ត្រឹម​ថ្ងៃទី​៣១​សីហា​ថា  រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ៣៨០០០ នាក់​បាន​ឆ្លង​ចូលទៅ​បង់​ក្លា​ដែ​ស​។​
 
​ដោយឡែក ក្រុម​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​អះអាងថា ពួកគេ​គ្រាន់​ចេញ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ភេរវជន​ជ្រុលនិយម​ប៉ុណ្ណោះ ម្យ៉ាង​គេ​មាន​ភារៈ​ការពារ​ជន​ស៊ីវិល​ដែរ​។ ប៉ុន្តែ​បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ប្រជាជន​ដែល​រត់​ភៀសខ្លួន កងសន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​បាញ់រះ និង​ដុត​កម្ទេច​លំនៅដ្ឋាន​ក្នុង​ចេតនា​បង្ខំ​ឲ្យ​ពួកគេ​រត់​ភៀសខ្លួន​តែម្ដង​។​
 
​អង្គការសហប្រជាជាតិ​បាន​បាន​បញ្ជាក់ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ២០០០០ នាក់​ដែល​បាន​ព្យាយាម​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​ដែរ ប៉ុន្តែ​ត្រូវ​ជាប់គាំង​នៅ​តំបន់​ព្រំដែន​។​ស្របពេល​ជាមួយគ្នានេះដែរ ក្រុមការងារ​មនុស្សធម៌​នៅ​បង់​ក្លា​ដែ​ស​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​ដែល​សម្រុក​ចូលមក​ជំរំ​ជនភៀសខ្លួន​។​
 
​គួរ​បញ្ជាក់ដែរថា ការប៉ះទង្គិច​លើក​នេះ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​ខូចខាត​ខ្លាំង​ជាង​ការ​ការប៉ះទង្គិច​គ្នា​កាលពី​ខែតុលា​ឆ្នាំមុន​ទៅទៀត​។ ខែតុលា​ឆ្នាំមុន ក្រុម​ប្រដាប់អាវុធ​រ៉ូ​ហ៊ីង​យ៉ា​បាន​វាយប្រហារ​ទៅលើ​ប៉ុស្ដិ៍​កងសន្តិសុខ ហើយ​កងសន្តិសុខ​បាន​វាយប្រហារ​តបត​វិញ​។​ប៉ុន្តែ ចំនួន​មនុស្ស​ស្លាប់​និង​ការ​ខូ​ត​ខាត​មាន​តិចតួច​ប៉ុណ្ណោះ​៕
 

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com