អន្តរជាតិ
ក្រុងប៉ារីសផ្តល់ទីតាំងសាធារណៈមួយកន្លែងសម្រាប់ក្រុមអ្នកចូលចិត្តស្រាត
×
ទីតាំងសាធារណៈមួយកន្លែងដែលមានឈ្មោះថា «Bois de Vincennes» ក្នុងក្រុងប៉ារីស ត្រូវបានបើកដំណើរកាលពីពេលថ្មីៗកន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមអ្នកធម្មជាតិនិយម ពោលគឺក្រុមអ្នកដែលចូលចិត្តស្រាត។
«មានសេរីភាពហើយ!»។ បើតាមកាសែត Le Figaro នេះជាការរីករាយអបអររបស់ក្រុមអ្នកធម្មជាតិនិយម បន្ទាប់ពីក្រុមប្រឹក្សាក្រុងប៉ារីស ឆ្លើយតបសំណើររបស់ពួកគេដែលបានដាក់កាលពីខែកញ្ញា ឆ្នាំ២០១៦ ។ «Bois de Vincennes» ក្លាយជាទីតាំងប្រមូលផ្តុំអ្នកដែលនិយមស្រាតនៅបារាំង ជាពិសេសក្នុងក្រុងប៉ារីសទាំងមូល។
លោក Bernard បានថ្លែងប្រាប់ Le Figaro ថា ទីតាំងដែលរៀបចំដោយក្រុមប្រឹក្សាក្រុង ពិតជាពិសេសខ្លាំងណាស់សម្រាប់អ្នកនិយមស្រាត ដោយពួកគេមិនបាច់ចំណាយពេលវេលាទៅរកទីតាំងដែលនៅឆ្ងាយពីក្រុង និងមានតម្លៃថ្លៃ។
ក្រៅមានអាងហែលទឹក កន្លែងលំហែរកាយ ទីតាំងដែលមានទំហំប្រមាណ៧៣០០ម៉ែត្រការ៉េ ក៏មានទីលានសម្រាប់សកម្មភាពកីឡាផងដែរ។ មិនខុសពីលោក Bernard នោះឡើយ អ្នកស្រី Beatrice ស្ថាបត្យករ និងជាអ្នកធម្មជាតិនិយមតាំងពីឆ្នាំ១៩៩២ សម្តែងនូវការរីករាយយ៉ាងខ្លាំងចំពោះភ្លើងខៀវរបស់អាជ្ញាធរក្រុងប៉ារីស។ អ្នកស្រីលើកឡើងថា៖ «យើងពិតជាត្រូវការទីតាំងបើកទូលាយ ដែលមិនមានរនាំងសង្គម»។
លោក Julien Claude-Penegry សមាជិកសមាគមអ្នកធម្មជាតិនិយមក្រុងប៉ារីស និងចូលចិត្តដើរស្រាតអស់រយៈពេល១៥ឆ្នាំមកហើយនោះ បានលើកឡើងថា អ្នកចូលចិត្តស្រាតនៅប៉ារីស លែងលំបាកដូចមុនទៀតហើយពីព្រោះពួកគេមានទីតាំងសមរម្យរបស់ខ្លួនដូចនៅ ប៊ែរឡាំង បាសេឡូណា ឬស្តុកហូម ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ទីតាំង Bois de Vincennes មានច្បាប់វិន័យដ៏តឹងតែងផងដែរ។ គម្រោងនេះ ស្ថិតក្នុងតំណាក់កាលសាកល្បងរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ដោយបើកពីម៉ោង៨ព្រឹកដែលម៉ោង៧ និង៣០នាទីល្ងាច។ ប្រសិនបើមានបាតុភាពអវិជ្ជមានកើតឡើង ទីតាំងនេះ ប្រហែលជាត្រូវបិទ៕
© រក្សាសិទ្ធិដោយ thmeythmey.com