អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងជើងប្រកាសជោគជ័យការសាកល្បងគ្រាប់នុយក្លេអ៊ែរលើកទី៦
× កូរ៉េខាងជើងបានប្រកាសពីជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា។ នេះជាការសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦ មក។ កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែអះអាងថាគ្រាប់បែកអ៊ីដ្រូសែននេះ មានអានុភាពខ្លាំងជាងគ្រាប់បែកដែលសាកល្បងលើកមុនៗ។ គ្រាប់បែកដែលសាកល្បងនេះ គឺជាគ្រាប់បែកដែលកូរ៉េខាងជើងទើបផលិតបានដោយខ្លួនឯង។
រញ្ជួយដីនៅកូរ៉េខាងជើងនៅថ្ងៃទី៣ ខែកញ្ញា គឺបណ្ដាលមកពីការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដ៏មានឥទ្ធិពល។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃនេះ គឺជាជោគជ័យដ៏អស្ចារ្យ។ នៅមុនការប្រកាសនេះ យោធាកូរ៉េខាងត្បូង ចាប់សញ្ញានៃរលករញ្ជួយនៅតំបន់សាកល្បងនុយក្លេអ៊ែរនៅឯភាគឦសានប្រទេស ហើយដែលខ្លួនសង្ស័យថាជាការសាកល្បងនុយក្លេអ៊ែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
មុនការសាកល្បងនេះ កូរ៉េខាងជើងក៏បានចេញផ្សាយរបាយការពីគ្រាប់បែកថ្មី ដែលមានឥទ្ធិពលក្រៃលែង ហើយអាចបំពាក់លើមីស៊ីលរំលងទ្វីបទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក៏ផ្សាយដែរថា សមត្ថភាពផ្ទុះរបស់គ្រាប់នុយក្លេអ៊ែរថ្មីនេះមានកម្រិតស្មើការផ្ទុះរបស់ TNT រាប់រយគីឡូតោន ហើយអាចបំផ្ទុះនៅរយៈកម្ពស់ខ្ពស់ទៀតផង។ គ្រាប់បែកថ្មីនេះ ជាស្នាដៃអ្នកវិទ្យាសាស្ត្រក្នុងស្រុក ដែលអាចឲ្យកូរ៉េខាងជើងពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែបានបញ្ជាក់ថាកូរ៉េខាងជើងពិតជាសាកល្បងនុយក្លេអ៊ែរមែន ពោលចាប់តាំងពីការចាប់បានរលករញ្ជួយមកម្ល៉េះ ព្រោះការរញ្ជួយនេះមានកម្រិតខ្លាំងជាងការរញ្ជួយលើកមុនៗ។ ចាប់តាំងពីឆ្នាំ២០០៦ កូរ៉េខាងជើងបានសាកល្បងមីស៊ីលចំនួន៥ដងរួចហើយ ដោយក្នុងឆ្នាំ២០១៦ របបកុម្មុយនីស្តឯកោមួយនេះបានសាកល្បងនុយក្លេអ៊ែរដល់ទៅពីរដង។ កូរ៉េខាងជើងបានប្រឹងប្រែងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនយ៉ាងខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំមកនេះ។
ដោយសារមហិច្ឆតានេះ កូរ៉េខាងជើងក៏រងទណ្ឌកម្មមិនតិចដែរ ហើយថ្មីៗនេះក៏ទើបតែរងទណ្ឌកម្មថ្មីទៀត បន្ទាប់ពីបានបាញ់មីស៊ីលដល់ទៅពីរលើកក្នុងខែកក្កដា។ គេរំពឹងថាការសាកល្បងគ្រាប់នុយក្លេអ៊ែរលើកនេះ នឹងនាំឲ្យកូរ៉េខាងជើងរងទណ្ឌកម្មទៀតមិនខាន ព្រោះរដ្ឋឯកាមួយនេះមិនស្ដាប់អន្តរជាតិ ចូលចិត្តបង្ករឿង និងធ្វើទង្វើប្រឆាំងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដែលហាមការសាកល្បងគ្រាប់នុយក្លអ៊ែរ។
ម្យ៉ាងទៀតនោះ កូរ៉េខាងជើងក៏កំពុងតែផ្ចាញ់ផ្ចាលអាមេរិក ដែលគំរាមប្រើកម្លាំងទ័ពដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ខ្លួននោះ។ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ព្រមានជាច្រើនលើកហើយថា លោកអស់ការអត់ធ្មត់នឹងកូរ៉េខាងជើងហើយ ហើយការចរចាក៏មិនមែនជាច្រកចេញនៃវិបត្តិនេះដែរ។ ជារឿយៗ លោក ត្រាំ តែងគំរាមវាយប្រហារកូរ៉េខាងជើង បើរដ្ឋនេះមិនបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួននោះ៕
Tag:
កូរ៉េខាងជើង
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com