អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ប្រាប់​ឲ្យ​វៀតណាម ឲ្យ​បង្ហាញ​ភាពចាស់ទុំ និង​សម​ហេតុ​សម​ផល​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
03, Sep 2017 , 7:39 pm        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​មានការ​ព្រួយបារម្ភ និង​តវ៉ា​ខ្លាំង​ប្រឆាំង​សមយុទ្ធ​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅក្នុង​តំបន់​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ហាណូយ បាន​ទទូច​ឲ្យ​ក្រុង​ប៉េកាំង គោរព​ច្បាប់​អន្តរជាតិ ខណៈ ក្រុង​ប៉េកាំង អះអាងថា សកម្មភាព​ខ្លួន ធ្វើឡើង​ដោយ​ស្របច្បាប់ និង​ថែមទាំង​មានការ​ជូនដំណឹង។

 
​ក្រសួងការបរទេស​វៀ​ត​ណា​ម នៅ​ថ្ងៃ​៣១ សីហា បាន​ផ្ញើ​កំណត់ហេតុ​តវ៉ា​ការទូត​មួយ​ទ​ទៅកាន់​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ហាណូយ ដើម្បី​បញ្ជាក់​ជំហរ​ដាច់ខាត​របស់ខ្លួន​ប្រឆាំង​ទៅនឹង​សកម្មភាព​សមយុទ្ធ​យោធា​របស់​កងទ័ពជើងទឹក​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ នេះ​បើ​យោងតាម​សារព័ត៌មាន​វៀតណាម Vietnam News ។ 
 
​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម ក្រុង​ហាណូយ ការ​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​របស់ខ្លួន​ទៅលើ​ស្ថានភាព​នៅក្នុង​តំបន់​ជម្លោះ និង​ថែមទាំង​បាន​ទទូច​ឲ្យ​ចិន បញ្ឈប់​សកម្មភាព និង​ធ្វើ​រឿង​ដដែលៗ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ស្មុគស្មាញ​។​
 
​តប​នឹង​ការតវ៉ា​នេះ ក្រុង​ប៉េកាំង ក៏បាន​បំភ្លឺ​ពី​សកម្មភាព​របស់ខ្លួន​ផងដែរ ។ នៅ​ថ្ងៃទី​០១ កញ្ញា នាឱកាស​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​លើកឡើងថា កងទ័ពជើងទឹក​ចិន ពិតជា​បានធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​មែន ហើយ​សមយុទ្ធ​នោះ គឺ​ធ្វើតាម​ផែនការ​ហ្វឹកហ្វឺន ដោយ​ថែមទាំង​មានការ​ជូនដំណឹង​សម្រាប់​ការធ្វើ​នាវាចរណ៍​នានា​ទុកជាមុន​ទៀតផង​។ 
 
​លោកស្រី​អ្នកនាំពាក្យ ក៏បាន​ផ្ញើ​សារ​ដោយ​ប្រយោល​ទៅកាន់​វៀតណាម​យ៉ាង​ដូច្នេះ​ថា​៖«​សមយុទ្ធ​យោធា​របស់​ចិន ស្ថិត​ក្រៅ​តំបន់​វិវាទ ហើយ​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​បង្ហាញ​ភាពចាស់ទុំ និង​សម​ហេតុ​សម​ផល​ចំពោះ​សកម្មភាព​មួយ​នេះ​ផងដែរ​»​។ 
 
​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​មិន​ត្រឹមតែ​វៀតណាម និង​ចិន ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ក៏មាន​រដ្ឋ​អាស៊ាន​មួយចំនួន​ផ្សេងទៀត​ដូចជា ព្រុយ​ណេ ហ្វីលីពីន និង​ម៉ាឡេស៊ី​ផងដែរ​។ កន្លងមក ចិន និង​វៀតណាម តែងតែមាន​សេចក្តីថ្លែងការណ៍​ថ្កោលទោស ដាក់គ្នា​ទៅវិញទៅមក នៅពេល​ដែលមាន​រដ្ឋ​ណាមួយ បង្ហាញ​សកម្មភាព​ច្រើន​នៅក្នុង​តំបន់​ជម្លោះ​អធិបតេយ្យ​នោះ​៕ 

Tag:
 ចិន​
  វៀតណាម​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com