អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទោះ​ថៃ​ព្រម​ផ្តល់​លំនៅ​បណ្តោះអាសន្ន​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​, ថៃ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​ឡើយ
03, Sep 2017 , 8:19 pm        
រូបភាព
ដោយ:
 រដ្ឋាភិបាល​របប​សឹក​ថៃ បានបញ្ជាក់​ទៅកាន់​ប្រមុខ​ការពារជាតិ​មី​យ៉ាន់​ម៉ា ថា របប​សឹក បាននិងកំពុង​តែ​អនុវត្ត​គោលការណ៍​មិន​ជ្រៀត​ជ្រែ​ត​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ​។ នេះ​ក៏​រាប់បញ្ចូល​ទាំង​រឿង​ហិង្សា​ប្រដាប់អាវុធ​របស់​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​បណ្តាល​ឲ្យ​មាន​ប្រជាជន​រាប់ពាន់នាក់​ភៀសខ្លួន​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់ ។



​លោកនាយក​រដ្ឋមន្ត្រី ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​៣០ សីហា​កន្លងទៅ បានបញ្ជាក់​ជំហរ​របស់ខ្លួន​ទៅកាន់​លោក​ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​។  
 
​លោក​លើកឡើង​ដូច្នេះ​ថា​៖« ថៃ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​ឡើយ ។ ថៃ បាន​យល់ដឹង​ពី​ស្ថានភាព​នៅ​តំបន់​នោះ ដែល​តម្រូវ​ឲ្យ​ត្រូវ​ប្រើពេល​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។ 
 
​បើតាម​សំណេរ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង ឡាំង នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នោះ បន្ថែម​ពី ការលើកឡើង​របស់​ប្រមុខ​របប​សឹក លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជួប​ជជែក​ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ប្រកបដោយ​ផ្លែផ្កា​ផងដែរ ។ ក្នុងជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ខាងលើ អះអាងថា ប្រមុខ​ការពារជាតិ​ថៃ បាន​ប្រើប្រាស់​ឈ្មោះ Bengalis ដើម្បី​សំដៅ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទៀតផង​។ កន្លងមក មី​យ៉ាន់​ម៉ា តែងតែ​ហៅ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ថា Bengalis ដែល​សំដៅលើ​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​បង់​ក្លា​ដែ​ស ។ 
 
​អ្វី​គួរកត់សម្គាល់ ជំនួប​រវាង​មេដឹកនាំ​កំពូល​ថៃ​និង​មី​យ៉ាន់​ម៉ា ដែល​ថែមទាំង​បាន​ជជែក​ពី​ករណី​រ៉ូ​ហ៊ីង​យ៉ា ផង​នោះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​រប​ប​សឹក ប្រកាស​ផ្តល់​ជម្រក​បណ្តោះអាសន្ន​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​រត់​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ដោយសារតែ​ហិង្សា​ប្រដាប់អាវុធ ។ 
 
​លោក​ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃទី​២៧ សីហា​កន្លងទៅ បាន​ឲ្យ​ដឹងថា ក្រសួងការពារជាតិ​ថៃ កំពុងតែ​ត្រៀម​ទទួល​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ហើយនឹង​បញ្ជូន​ពួកគេ​ទៅវិញ​នៅពេលដែល ពួកគេ បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​នោះ ។ លោក ប្រា​យុទ្ធ ក៏​បញ្ជាក់ដែរថា ថៃ នឹង​ទទួល​ជនភៀសខ្លួន​ទាំងនោះ ដូច​អ្វីដែល​រដ្ឋាភិបាល​ថៃ បានធ្វើ​ដូច​ប៉ុន្មាន​ឆ្នាំមុន នៅពេល មាន​វិបត្តិ​ជនភៀសខ្លួន​នៅក្នុង​តំបន់​យ៉ាង​ដូច្នេះ​ឯង​៕ 

Tag:
 ថៃ​
  មី​យ៉ាន់​ម៉ា​
  Rohingya
© រក្សាសិទ្ធិដោយ thmeythmey.com