ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ គ្រោង​ហាម​យានយន្ត​បើក​ចូលក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​
03, Sep 2017 , 10:39 pm        
រូបភាព
​
ដោយ:
 
​តំបន់​ប្រាសាទសំបូរព្រៃគុក បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន ក្រោយពី​ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។ កំណើន​ភ្ញៀវទេសចរ​យ៉ាង​កុះករ​បែបនេះ មន្ទីរ​ទេសចរ​ខេត្ត ក៏ដូចជា​ក្រសួងទេសចរណ៍ គ្រោង​មិន​អនុញ្ញាត​ឲ្យ​មាន​យានយន្ត​បើក​ចូលក្នុង​តំបន់​ប្រាសាទសំពូរព្រៃគុក ទៀតឡើយ​។ ក្រសួង គ្រោង បង្កើត​សេវា​ទេសចរណ៍​ដូចជា​ប្រើប្រាស់​រថយន្ត​ថាមពល​អគ្គិសនី ការ​ជិះ​កង់ និង​ជិះរទេះ ឬ​ថ្មើរជើង ជំនួស​វិញ​។​

 
​តំបន់​ប្រាសាទសំបូរព្រៃគុក បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន ប្រមាណ ២៣៣,៥៩៨​នាក់ ដែលមាន​រយៈពេល​ត្រឹមតែ​៥៤​ថ្ងៃ ក្រោយពី​ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៨ ខែកក្កដា​។​
 
​កំណើន​ភ្ញៀវទេសចរ​យ៉ាង​កុះករ​បែបនេះ មន្ទីរ​ទេសចរ​ខេត្ត ក៏ដូចជា​ក្រសួងទេសចរណ៍ គ្រោង​មិន​អនុញ្ញាត​ឲ្យ​មាន​យានយន្ត បើក​ចូលក្នុង​តំបន់​ប្រាសាទសំពូរព្រៃគុក​ទៀត​ឡើយ​។  នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ផ្សាយ​នៅ​ថ្ងៃទី​១ ខែកញ្ញា ។  ប្រភព​ដដែល បញ្ជាក់ថា​ការហាម​នេះ គឺ​ដើម្បី​ថែរក្សា​ប្រាសាទសំបូរព្រៃគុក​ឲ្យ​បាន​គង់វង្ស​។ 
 
​ក្រសួង គ្រោង​បង្កើត​សេវាកម្ម​ទេសចរណ៍​ផ្សេងទៀត​ជំនួស​វិញ ដើម្បី​ជួយ​បង្កើន​កម្រិតជីវភាព ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះដែរ តាមរយៈ​ការលក់​ផលិតផល​ក្នុងស្រុក និង​ការ​បង្កើតជា​ផ្ទះ​ស្នាក់នៅ​។ នេះ​បើតាម​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរ​ខេត្តកំពង់ធំ  ដែល​បាន​បញ្ជាក់ទៀតថា ក្នុងករណី​បិទ​យានយន្ត​មិន​ឲ្យ​បើក​ចូល​តំបន់​ប្រាសាទ អាជ្ញាធរ មាន​ផ្ដល់​ជា​សេវា​ដល់​ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា ដូចជា​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី ការ​ជិះ​កង់ និង​ជិះរទេះ ឬ​ភ្ញៀវ​ក៏​អាច​ថ្មើរជើង​ទៅកាន់​តំបន់​ប្រាសាទ​បានដែរ​។​
 
​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ​ដដែល ក៏បាន​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ជួយ​ថែរក្សា​អ​នា     ម័​យ និង​ថែ​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឯក​នេះ​ឲ្យ​បាន​គង់វង្ស ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​បន្ត​ផង​។​
 
​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង KRAKOW ប្រទេស​ប៉ូឡូញ​។ ប្រាសាទសំបូរព្រៃគុក ដែល​សាង​ឡើង​នៅក្នុង​សតវត្ស​ទី ៧ ក្នុង​រជ្ជកាល​ស្តេច ឥសាន​វរ្ម័ន ក្នុងសម័យ​ចេនឡា បាន​ក្លាយជា​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​។ ប្រាសាទ​នេះ ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ មាន​ចម្ងាយ​ប្រមាណ​៣៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ​៕

Tag:
 ទេសចរណ៍​
  ​ប្រាសាទសំបូរព្រៃគុក​
 ​ បេ​តិក​ណ្ឌ​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com