អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឡាវ សរសើរ​ចិន​មិន​ដាច់​ពី​មាត់ លើ​គម្រោង​ផ្លូវ​រថភ្លើង​លឿន​តាម​រូងភ្នំ ចិន​-​ឡាវ​
04, Sep 2017 , 7:59 am        
រូបភាព
ដោយ:
 
​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ឡាវ លោក Bounchanh Sinthavong បាន​កោតសរសើរ​ពី​គុណភាព​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ចិន​-​ឡាវ កំពុង​ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ចិន ។ រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ ថែមទាំង​មើលឃើញ​ផលប្រយោជន៍​ជាច្រើន នៃ​ការតភ្ជាប់​នេះ​ផងដែរ ។​

 
​លោក​រដ្ឋមន្ត្រី Bounchanh Sinthavong នៅ​ថ្ងៃទី​៣០ សីហា​កន្លងទៅ បាន​ត្រួត​ពិនិត្យមើល​គម្រោង​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​រវាង​ប្រទេស​ចិន និង​ឡាវ ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី បាន​អះអាងថា លោក​បាន​យល់ដឹង​ច្រើន​ពី​ស្ថានភាព​នៃ​ការសាងសង់​នេះ ក៏ដូចជា គោលការណ៍​នៃ​ការផ្តល់​សំណង​លើដី​ដែល​ប៉ះពាល់ និង​ជាពិសេស​នោះ ពី​ផល​លំបាក​ក្នុង​ការសាងសង់ ដែលមាន​ឆ្លងកាត់​តាម​រូងភ្នំ​ជាដើម​នោះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​បន្ថែម​ពី​ការយល់ដឹង​ថ្មី​ពី​គម្រោង លោក​រដ្ឋមន្ត្រី ក៏​ប្រាប់ថា លោក​ពេញចិត្ត​ខ្លាំង​ចំពោះ​គុណភាព ដំណើរការ និង​សុវត្ថិភាព​នៃ​គម្រោង​នេះ​ទៀតផង​។ តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​រដ្ឋមន្ត្រី បាន​ប្រាប់​នាយក​គ្រប់គ្រង​គម្រោង​ចិន លោក Zhou Xiaoxia យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ បាន​យល់ច្បាស់​ពី​ល្បឿន​របស់​ចិន​ហើយ ។ ការគ្រប់គ្រង​គម្រោងរ​បស់​អ្នក ពិតជា​ល្អ​មែន​។ អ្នក​ពិតជា​អស្ចារ្យ​មែន​»​។ 
 
​លោក Bounchanh ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​ឡាវ​ទៀតថា រដ្ឋាភិបាល​ឡាវ ពិតជា​ផ្តល់​តម្លៃ​ខ្ពស់​ដល់​គម្រោង​ផ្លូវ​រថភ្លើង​នេះ និង​ថែមទាំង​រំពឹងថា គម្រោង​នេះ នឹង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ច្រើន​ដល់​ប្រទេស​ទាំងពីរ​ទៀតផង ។ 
 
​សូម​ជម្រាប​ផងដែរ គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​១៦០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​ដែល​ត​ភ្ជាប់​ពី​ព្រំដែន​ចិន មក​រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ បានចាបផ្តើម​ពី​ចុងឆ្នាំ​២០១៦​មក ។ គម្រោង​ផ្លូវ​រថភ្លើង​លើកដំបូង​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ឆ្លងកាត់​រូងភ្នំ​ជាច្រើន​នេះ មាន​ប្រវែង ៤១៤, ៣៣២ គីឡូ​ម៉ែត 
 
​គេ​រំពឹងថា គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៥​ឆ្នាំ ដែលមាន​ទំហំ​វិនិយោគ​រហូតដល់ ៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ទំហំ​ថវិកា ៧០​ភាគរយ ជា​របស់​ចិន និង​៣០​ភាគរយ​ជា​របស់​ឡាវ​៕ 
 
 

Tag:
 ឡាវ​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com