កីឡាអន្តរជាតិ
អន្តរជាតិ
បែលហ្ស៊ិក ម៉ិ​ក​ស៊ិ​ក ជប៉ុន ចូលរួម​ជាមួយ​អ៊ីរ៉ង់ និង​ប្រេ​ស៊ី​ល​ទៅ World Cup នៅ​រុស្ស៊ី​
04, Sep 2017 , 11:52 am        
រូបភាព
​ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក ម៉ិ​ក​ស៊ិ​ក អ៊ីរ៉ង់ និង​ជប៉ុន​បាន​ចាប់ដៃគ្នា កក់​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ ជាមួយ​ប្រេ​ស៊ី​លហើយ បន្ទាប់ពី​រក​ពិន្ទុ​បាន​ច្រើន​ដាច់​គេ​ពី​ការប្រកួត​ជម្រុះ​ក្នុង​ពូ​លតា​ម​ទ្វីប​រៀងៗ​ខ្លួន​។​



​បែលហ្ស៊ិក ជា​ក្រុម​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​អាច​ឈានទៅ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​មុនគេ បន្ទាប់ពី​យកឈ្នះ​ក្រិ​ក ២-១ ក្នុង​វគ្គ​ជម្រុះ​ពូ​ល H នៅ​ថ្ងៃទី ៣ ខែកញ្ញា​នេះ​។ ៨​ប្រកួត​ចុងក្រោយ​ក្រុម​រហស្សនាម​បិសាច​ក្រហម​អាច​រកបាន ២២​ពិន្ទុ​នាំមុខ​ក្រុម​លេខ​៣ ក្រិ​ក ៩​ពិន្ទុ ខណៈ​នៅសល់តែ​២​ប្រកួត​ប៉ុណ្ណោះ​។​



​ចំណែក​ក្រុម​មកពី​ទ្វីបអាស៊ី​ពីរ គឺ​អ៊ីរ៉ង់ និង​ជប៉ុន ក៏បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះដែរ ក្រោយ​រកបាន​ពិន្ទុ​ដាច់​គេ​ពី​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​កន្លងមក​។ អ៊ីរ៉ង់​ជា​ក្រុម​របស់​ទ្វីបអាស៊ី​ដែល​អាច​បាន​កៅអី​ទៅ​រុស្ស៊ី​មុនគេ​ក្រោយ​រកបាន ២១​ពិន្ទុ ពី​ការប្រកួត​៩​លើក ដោយ​នាំមុខ​ក្រុម​លេខ ៣​ស៊ី​រី​ដល់​ទៅ​៩​ពិន្ទុ នៃ​វគ្គ​ជម្រុះ​តំបន់​អាស៊ី​ក្នុង​ពូ​ល A​។​



​ជ​ប៉ុនដែ​ស្ថិតនៅ​ពូ​ល B អាច​រកបាន ២០​ពិន្ទុ​ពី​ការប្រកួត​៩​លើក នាំមុខ​ក្រុម​ចំណាត់ថ្នាក់​លេខ​ពីរ និង​លេខ​បី ៤​ពិន្ទុ ខណៈ​នៅសល់​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ សា​ម៉ូ​រ៉ៃ​ជប៉ុន ក៏​ជា​ក្រុម​របស់​អាស៊ី​ដែលមាន​វត្ត​មាននៅ World Cup ៦​ដង​ជាប់​គ្នា​ផងដែរ​។



​ក្នុង​ពូ​ល B នេះដែរ​មាន​ក្រុម​ពីរ​កំពុងតែ​ប្រជែង​គ្នា​ខ្លាំង គឺ អូស្ត្រាលី និង អា​រ៉ា​បី​សា​អូឌីត ដែលមាន​១៦​ពិន្ទុ​ស្មើគ្នា ហើយ​ក្រុម​ទាំងពីរ​នឹងត្រូវ​សម្រេច​ជោគវាសនា​នា​ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​ទី ៥ ស្អែក​នេះ​។

​សម្រាប់​ម៉ិ​ក​ស៊ិ​ក​វិញ​ក៏បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​ដែរ បន្ទាប់ពី​រកបាន​១៧​ពិន្ទុ​ពី​ការប្រកួត​៧​លើក ក្នុង​វគ្គ​ជម្រុះ​ក្នុង​តំបន់​កា​រ៉ា​អី​ប (Concacaf) បើទោះបី​សល់​៣​ប្រកួត​ទៀត​ក៏ដោយ​។​



​រីឯ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​លោក Tite បាន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​នៃ​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាមេរិក​ឡាទីន បាន​ឈាន​ទៅលេង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន World Cup នៅ​រុស្ស៊ី​​ដោយ​ស្វ័យប្រវត្តិ​មុនគេ​តាំងពី​ខែមីនា​មក​ម្លេះ​។ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​កន្លងមក សាំ​បា​ប្រេ​ស៊ី​ល ប្រកួត​ឈ្នះ​១១​ដង ចាញ់​១ និង​ស្មើ​៣​ដង មាន​៣៦​ពិន្ទុ នាំមុខ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ រហូតដល់​១១​ពិន្ទុ និង​នៅសល់ ៣​ប្រកួត​ក្នុង​ដៃ​ទៀត​៕ 




Tag:
 បាល់ទាត់​
  World Cup
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com