ជាតិ
សុវត្តិភាព ចរាចរណ៍
បើកបរខ្ជីខ្ជាធ្វើឲ្យអ្នកដទៃរបួសធ្វើការមិនបានលើសពី៨ថ្ងៃ ប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ
× ជនណាដែលបើកបរធ្វេសប្រហែស ខ្ជីខ្ជា ឬមិនប្រុងប្រយ័ត្ន ធ្វើឲ្យអ្នកដទៃមានរបួស ហើយជនរងគ្រោះ អសមត្ថភាពធ្វើការ ស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ នេះបើតាមមាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ មាត្រាដដែល ឲ្យដឹងទៀតថា ជនប្រព្រឹត្តនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥លានរៀល បើអ្នកជនល្មើសស្ថិតក្នុងស្ថានភាពស្រវឹង បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រូវតាមប្រភេទយានយន្ដ ធ្វើឲ្យមានរបួសមនុស្សច្រើននាក់ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុជាដើម។
មាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថា ជនណាដែលបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្ដីចរាចរណ៍ផ្លូវគោក បណ្ដាលឲ្យអ្នកដទៃមានរបួស ហើយអ្នករងគ្រោះអសមត្ថភាពធ្វើការ ស្មើ ឬលើសពី៨ថ្ងៃគិតពីថ្ងៃកើតហេតុ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
មាត្រា ដដែល បានបញ្ជាក់ទៀតថា បទល្មើសខាងលើ អាចត្រូវផ្ដន្ទាទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ។
ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៨៣ ដែល ក៏បានបញ្ជាក់ទៀតថាអំពើល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល បើអំពើនេះប្រព្រឹត្តក្នុងករណីដូចជា បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រូវតាមប្រភេទយានយន្ដ។ អ្នកប្រព្រឹត្តស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីតឈាមឡើងទៅ។ មានរបួសមនុស្សច្រើននាក់ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងបំណងគេចវេសពីការទទួលខុសត្រូវ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៨៣នេះ ទោសបន្ថែមអាចត្រូវបានប្រកាសហាមប្រកបវិជ្ជាជីវៈ បើបទល្មើសនេះ ប្រព្រឹត្តនៅក្នុងពលេប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំយ៉ាងច្រើន។ ហាមបើកបរយានយន្ដគ្រប់ប្រភេទ រយៈពេល៥ឆ្នាំយ៉ាងច្រើន និងព្យួរលិខិតបើកបររយៈពេល៥ឆ្នាំយ៉ាងច្រើន។
បិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស រយៈពេល ២ខែយ៉ាងយូរ។ ផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន និងផ្សាយសេចក្ដីចម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៏ សោតទស្សន៍ សម្រាប់រយៈពេល៨ថ្ងៃយ៉ាងច្រើន៕
Tag:
ច្បាប់ចរាចរណ៍
បើកបរខ្ជីខ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com