កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ចង់​សងសឹក Horn វិញ ប៉ុន្តែ​លើស​ង្វៀន​នៅ​ហ្វីលីពីន​
04, Sep 2017 , 9:59 pm        
រូបភាព
Manny Pacquiao ចង់​ឡើង​សង្វៀន​ដើម្បី​សងសឹក​ជាមួយ Jeff Horn ក្នុងការ​ប្រកួត​លើក​ទី​២ ប៉ុន្តែ​ត្រូវធ្វើឡើង​ក្នុង​ទឹកដី​ប្រទេស​ហ្វីលីពីន​វិញ​ម្តង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Rupper​។​



​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី ៣ ខែកញ្ញា ថា​រូបគេ​នៅតែ​ចង់​ប្រកួត​សងសឹក​ជាមួយ Horn ដរ​ដែល​ក្រោយ​រូបគេ​ប្រកាស​ដកខ្លួន​ចេញពី​ការប្រកួត​លើក​ទី​២​រវាង​អ្នក​ទាំងពីរ ដែល​នឹងត្រូវ​ឡើង​ក្នុងប្រទេស​អូស្ត្រាលី​ម្តងទៀត​នៅ​ចុង​ឆ្នាំនេះ​។​

​អ្នក​ប្រដា​ល់វ័យ ៣៨​ឆ្នាំ បាន​ប្រាប់​ស្ថានីយ៍​វិទ្យុ DZBB ថា​៖«​វា​នឹង​មិនអាច​កើតឡើង​ម្តងទៀត​នៅ​អូស្ត្រាលី​នោះទេ ប៉ុន្តែ​យើង​កំពុង​នាំយក​ការប្រកួត​នេះ​ទៅកាន់​ហ្វីលីពីន​វិញ​ម្តង​។ នេះ​នឹង​ជាការ​ល្អ​សម្រាប់​ទេសចរណ៍​របស់​ប្រទេស​យើង​ផងដែរ​»​។​

​អតីត​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ ៨​ស្ថាប័ន​រូបនេះ បាន​បាត់បង​ខ្សែ​ក្រ​វាត WBO របស់គេ​ក្រោយ​ចាញ់​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់​សញ្ជាតិ​អូស្ត្រាលី Horn នៅ​ទីក្រុង Brisbane កាលពី​ខែកក្កដា​យ៉ាង​ច​ម្រូ​វ​ចម្រាស​។

​លោកស្រី Annastacia Palaszczuk ដែលជា​នាយករដ្ឋមន្ត្រី​រដ្ឋ Queensland នៃ​ប្រទេស​អូស្ត្រាលី និង​ជា​អ្នកគាំទ្រ​ហិរញ្ញវត្ថុ​នៃ​ការប្រកួត​រវាង​អ្នក​ទាំងពីរ បានប្រកាស​ការប្រកួត​លើក​ទី​២ នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ដើម្បី​ឲ្យ Pacquiao បាន​សង​សិ​ក​វិញ​បន្ទាប់ពី​បរាជ័យ​ដោយ​មិន​អស់ចិត្ត​នោះ​។ ប៉ុន្តែ​យ៉ាងណា ស្តេច​ប្រដាល់​អាស៊ី​បានលើកឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា រូបគេ​មិនអាច​ឡើង​សង្វៀន​លើក​ទី​ពីរ​នៅ​ទឹកដី​ដរ​ដែល​នោះទេ ដោយ​ចង់​ឲ្យ​ការប្រកួត​នេះ​ធ្វើឡើង​នៅ​ទឹកដី​ខ្លួន​វិញ​ម្តង​៕


Tag:
 ប្រដាល់​
  Manny Pacquiao
  Jeff Horn
  WBO
© រក្សាសិទ្ធិដោយ thmeythmey.com