រថយន្ត
​អង់គ្លេស​នឹង​សាកល្បង​ដំណើរការ​រថយន្ត​ដឹកទំនិញ​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​គ្មាន​ខ្សែ​
04, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​នាយកដ្ឋាន​ដឹកជញ្ជូន និង​ផ្លូវ​ហាយ​វេរ​បស់​អង់គ្លេស បានផ្តល់​ភ្លើង​ខៀវ​ចំពោះ​ប្រតិបត្តិ​ការសាកល្បង​លើកដំបូង​នូវ​រថយន្ត​ដឹកទំនិញ​ដែល​គ្មាន​មនុស្ស​បើក លើ​បណ្តា​ផ្លូវ​នានា​របស់​ចក្រភព​អង់គ្លេស​ទាំងមូល​។ នេះ​បើតាម​ការផ្សាយ​របស់ The Guardian​។​



​រថយន្ត​ដឹកទំនិញ​ចាប់ពី​៣​គ្រឿង​ឡើងទៅ បើកបរ​ជា​ក្បួន ដោយ​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាមរយៈ​បច្ចេកវិទ្យា​គ្មាន​ខ្សែ Wireless ។ ក្នុង​ដំណើរការ​សាកល្បង រថយន្ត​នាំមុខគេ​មាន​អ្នកបើកបរ​ដែល​ត្រូវ​គ្រប់គ្រង​លើ​ល្បឿន ការជាន់​ហ្វ្រាំង និង​ទិសដៅ​របស់​យានយន្ត រីឯ​រថយន្ត​បន្តបន្ទាប់ ក៏មាន​អ្នកបើកបរ​ផងដែរ ប៉ុន្តែ​ពួកគេ​ត្រៀមខ្លួន​តែ​ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​ប៉ុណ្ណោះ​។​

​មន្ត្រី​ជំនាញ​បាន​អះអាងថា ល្បឿន​បើកបរ​ថេរ ផ្តល់នូវ​ការ​សន្សំសំចៃ​ប្រេង និង​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន ជាពិសេស​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច រួមទាំង​រក្សា​ចម្ងាយ​ត្រឹមត្រូវ​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​ទៀត​ដែល​ធ្វើដំណើរ​លើផ្លូវ​ថ្នល់​។​



​រដ្ឋាភិបាល​អង់គ្លេស បាន​បញ្ចេញ​ទឹកប្រាក់​ប្រមាណ​៨.១​លាន​ផោន (១០.៥០​លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​សាកល្បង​បច្ចេកវិទ្យា​នេះ​។ នាយកដ្ឋាន​ដឹកជញ្ជូន និង​ផ្លូវ​ហាយ​វេរ​បស់​អង់គ្លេស (DfT) មិនទាន់​ហ៊ាន​អះអាង​ពី​កាលបរិច្ឆេទ​នៃ​ការសាកល្បង​រថយន្ត​ដឹកទំនិញ​ដែល​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​គ្មាន​ខ្សែ​នោះឡើយ ប៉ុន្តែ​គេ​រំពឹងថា វា​អាច​ដំណើរ​នៅលើ​ផ្លូវធំ​នៅមុន​ដំណាច់ឆ្នាំ​២០១៨ ។​

​ក្រៅពី​ការ​សន្សំសំចៃ​ប្រេង និង​ការជួយ​ដល់​បរិស្ថាន អ្នកជំនាញ​បានបញ្ជាក់​ផងដែរ​ថា ក្បួន​រថយន្ត​ទំនិញ​ដែល​ភ្ជាប់​បច្ចេកវិទ្យា​នេះ ក៏បាន​នូវ​សុវត្ថិភាព​ខ្ពស់​ផងដែរ​នៅលើ​ផ្លូវថ្នល់​។​

​យោងតាម The Guardian លោក Paul Maynard រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​អង់គ្លេស បាន​លើកឡើងថា​៖ «​យើង​វិនិយោគ​លើ​បច្ចេកវិទ្យា ក្នុង​គោលបំណង​លើកកម្ពស់​ការរស់នៅរ​ប​ស់មនុស្ស ហើយ​គម្រោង​ដំណើរការ​រថយន្ដ​ដឹកទំនិញ​ដោយ​ភ្ជាប់​បច្ចេកវិទ្យា នឹង​ជួយ​សម្រួល​ច្រើន​ដល់​ការងារ​ជំនួញ ហើយ​មាន​តម្លៃថោក​»​។​

​គម្រោង​បែបនេះ ក៏​ធ្លាប់​សាកល្បង​នៅ​បណ្តា​ប្រទេស​មួយចំនួន​ផងដែរ ក្នុងនោះ​មានដូចជា​អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​ជប៉ុន ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com