ជាតិ
វីដេអូ
សត្វ​ត្មាត ដែល​កំពុង​ស្ថិតនៅក្នុង​ហានិភ័យ​ខ្ពស់ ត្រូវបាន​គេ​ជំរឿន​ឃើញ​នៅសល់​ជាង​១០០​ក្បាល​
05, Sep 2017 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ សត្វ​ត្មាត ដែលជា​ប្រភេទ​សត្វ​កំពុងស្ថិត​នៅក្នុង​ហានិភ័យ​ខ្ពស់ មាន​នៅសល់​ចំនួន​ជាង​១០០​ក្បាល​ប៉ុណ្ណោះ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​សត្វ​ត្មាត​ពី​ប្រទេស​កម្ពុជា​។​



​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ​ថា សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការវិនាស​ផុត​ពូជ​ខ្លាំង ខណៈ​ចំនួន​របស់​វា​មានការ​ធ្លាក់ចុះ​៥០​ភាគរយ គិត​ចាប់តាំងពី​ឆ្នាំ​២០០០​មក​។ សេចក្តីប្រកាស​ព័ត៌មាន បន្តថា តាមរយៈ​ការ​ជំរឿន​នៅ​ឆ្នាំ​២០១៧​នេះ សត្វ​ត្មាត​នៅសល់តែ​ចំនួន​១២១​ក្បាល​ប៉ុណ្ណោះ ដែលជា​តួលេខ​ទាប​បំផុត នៅក្នុង​កំណត់ត្រា​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​។​



​បើតាម​របាយការណ៍រ​បស់​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ មូលហេតុ​ដែល​នាំ​ឲ្យ​សត្វ​ត្មាត​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​បំផុត​នោះ គឺ​ដោយសារ​ការគំរាមកំហែង​ពី​ការបំពុល​របស់​មនុស្ស​។ បន្ថែម​ពីនេះ​សត្វ​ត្មាត​យ៉ាងតិច​ចំនួន​៣០​ក្បាល​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​សម្លាប់​នៅក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ថ្លែង​ក្នុង​ទិវា​ផ្សព្វផ្សាយ​អំពី​សត្វ​ត្មាត​នៅ​កម្ពុជា​លោក Simon Mahoon ទីប្រឹក្សាបច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ WCS បាន​និយាយថា​៖ ការបំពុល​ប្រហែលជា​ការគំរាមកំហែង​ដ៏​ខ្លាំង​បំផុត​ចំពោះ​ហ្វូង​សត្វ​ត្មាត​នៅក្នុង​កម្ពុជា​។ ការបំពុល​នេះ ក៏មាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ​។ កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល អង្គការ​អភិរក្ស​នានា និង​សហគមន៍​ពិតជា​ចាំបាច់​ណាស់ ដើម្បី​អភិរក្ស​សត្វ​ត្មាត​ទាំង​៣​ប្រភេទ​កុំ​ឲ្យ​បាត់បង់​»​។​



​ជាមួយគ្នានេះ​លោក សេង ទៀក ប្រធាន​អង្គការ​WWF បាន​និយាយថា ៖«​តម្រូវការ​សាច់សត្វ​ព្រៃ នាំ​ឲ្យ​ការ​បរបាញ់​សត្វព្រៃ​មានការ​កើនឡើង​។ ចំណី​សម្រាប់​សត្វ​ត្មាត​មាន​តិចតួច ដោយ​ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។ បន្ថែម​ពីនេះ​សហគមន៍​មួយចំនួន​ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង ដើម្បី​ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​មាន​មាឌតូច​ជាដើម​។ ការបំពុល​នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​សត្វ​ត្មាត​ជាង​៣០​ក្បាល​ស្លាប់ ដោយសារតែ​សត្វ​ត្មាត​ទាំងអស់នោះ ស៊ី​សាកសព​សត្វ​ដែល​ស្លាប់​ដោយសារ​ការបំពុល​»​។​

​ក្រៅពី​រង​ការបំពុល​នេះ សត្វ​ត្មាត​នៅ​កម្ពុជា ក៏​កំពុង​រង​ការ​ផុត​ពូជ​ដោយសារ​ការបាត់បង់​ទីជម្រក និង​ការ​កង្វះខាត​ចំណីអាហារ​ផងដែរ (​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ក្រចកជើង​ពីរ និង​ហ្វូង​ស​គោ​សាទិស​ស្រុក​។ នេះ​ជាការ​លើកឡើង​របស់​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ ដែល​បាន​បន្ថែមថា ការកើនឡើង​នៃ​ការបាត់បង់​ព្រៃឈើ និង​ការផ្លាស់ប្ដូរ​ដីព្រៃ​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការកាប់​ឆ្ការ​ដីព្រៃ បាន​ជះឥទ្ធិពល​ដល់​ការបាត់បង់​ទីជម្រក​ពង​កូន និង​ការកាត់បន្ថយ​ប្រភេទ​សត្វ​ជា​ចំណី​របស់​ហ្វូង​ត្មាត​ផងដែរ​។​



​ត្រង់ចំណុច​នេះ​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប បាន​និយាយថា ៖ ការងារ​អភិរក្ស​រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ មិនបាន​បញ្ឈប់​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ត្មាត​ឡើយ​។ លទ្ធផល​ចេញពី​ការ​ជំរឿន​សត្វ​ត្មាត​នា​ឆ្នាំនេះ បានបង្ហាញ​នូវ​ស្ថានភាព​ព្រួយបារម្ភ​ដ៏​ធំ​បំផុត ក្នុងនោះ​ចំនួន​សត្វ​ត្មាត​ភាគច្រើន​មាននៅ​ដែនជម្រកសត្វព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច​»​។​

​តែ​យ៉ាងណា​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា ដោយ​បញ្ឈប់​សកម្មភាព​ទិញ ឬ​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​ការបរិភោគ​សត្វព្រៃ​ដែលមាន​ផ្ទុក​សារធាតុពុល ក៏មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​មនុស្ស​វិញ​ដែរ​។​



​សត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​៣​ប្រភេទ គឺ​ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ​។ សត្វ​ត្មាត​ទាំង​៣​ប្រភេទ​នេះ ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក ដោយសារតែ​ចំនួន​របស់​ពួកវា​នៅតែ​បន្ត​ធ្លាក់ចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​៕












Tag:
 WCS
  សត្វ​ត្មាត
© រក្សាសិទ្ធិដោយ thmeythmey.com