ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការសម្រេច​ចោទប្រកាន់ឯ.ឧ កឹម សុខា ពីអំពើក្បត់ជាតិ
05, Sep 2017 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
នៅទីបំផុតតុលាការដំបូងរាជធានីភ្នំពេញ បានសម្រេចចោទ​ប្រកាន់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស។ នេះ​បើតាម​លោក លី សុផាណា អ្នកនាំពាក្យ​តុលាការ​ដំបូងរាជធានីភ្នំពេញ។



បទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស មានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា ៤៤៣ ដែលបទល្មើសនេះ ស្ថិតនៅក្នុងក្របខណ្ឌនៃអំពើក្បត់ជាតិ។ លោក លី សុផាណា បានប្រាប់អ្នកកាសែត​តាមរយៈ Telagram យ៉ាងនេះថា៖« បន្ទាប់ពី​បាន​ពិនិត្យ​សំណុំរឿង រួមទាំង​ឆ្លងកាត់​ការស្រាវជ្រាវ​ស៊ើបអង្កេត ដោយបាន​ពិនិត្យ​ភស្តុតាង​និង​ផ្ទៀងផ្ទាត់​ចម្លើយ​ជនសង្ស័យ​រួចមក ព្រមទាំង​យល់ឃើញថា​ មាន មូលដ្ឋាន​គ្រប់គ្រាន់ ​ឲ្យតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្វើការ​ចោទប្រកាន់​ដោយ​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ កឹម សុខា ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ»​។
​បើតាមក្រមព្រហ្ម​ទណ្ឌ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ​។​
 
ការសម្រេចចោទប្រកាន់របស់តុលាការនៅពេលនេះ ធ្វើឡើងក្រោយពីក្រុម​មេធាវីរបស់ឯកឧត្តម​ កឹម សុខា បានដាក់​សំណើ​ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​សុំ​ឲ្យ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ លោក​មេធាវី​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​យើង សុំ​ឲ្យ​គាត់​នៅក្រៅ​ឃុំ ព្រោះ​យើង នៅតែ​គិតថា គាត់ គ្មាន​ទោស​»។ យ៉ាង​ណា​​ក៏​ដោយចុះ រហូតមកដល់​ពេលនេះ ក្រុម​មេធាវី នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ព្រះរាជអាជ្ញា​នោះទេ ចំពោះ​សំណើ​ខាងលើ​។

កាលពីថ្ងៃទី​៤ ខែកញ្ញា ព្រះរាជអាជ្ញា​បី​រូប បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​ឯកឧត្តម កឹម សុខា​។ ការសាកសួរនោះ ក៏មានវត្តមាន​របស់​មេធាវីទាំង ៥ រូប របស់ឯកឧត្តម កឹម សុខា ដែរ។ 
 
​សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច បាន​បញ្ជូន​ឯកឧត្តម កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com