កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ផ្ញើ​សារ​ទៅកាន់​អ្នកគាំទ្រ Monaco ថា​«​អ្នក​ខឹង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​អ្នក​»
05, Sep 2017 , 7:39 pm        
រូបភាព
​ថ្ងៃ​ចូល​ជុំរំ​ហ្វឹកហាត់​លើកដំបូង​ជាមួយ Paris Saint-Germain ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe បាន​សរសេរ​សារ​ដ៏​ផ្អែមល្ហែម​មួយ​ទៅកាន់​អ្នកគាំទ្រ​របស់​ក្លិប​ចាស់ Monaco ថា «​អ្នក​ខឹង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​អ្នក​»​។​



BBC បាន​ផ្សាយ​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង វ័យ​១៨​ឆ្នាំ បាន​សរសេរ​សារ​មួយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ Monaco ដែល​បាន​រិះគន់​ខ្លួន​ក្នុងអំឡុងពេល​រូបគេ​បាន​ផ្លាស់ចេញ​ទៅកាន់​ក្រុម Paris St-Germain ក្នុង​ក្របខ័ណ្ឌ Ligue 1 ក្នុងតម្លៃ​កំណត់ត្រា​ក្លិប​ទី​ពីរ ១៦៦​លាន​ផោន ប្រហែល​ជាង ២១៤​លាន​ដុល្លារ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​ឆ្នាំ ដោយ​រង់ចាំ​ដល់​ឆ្នាំ​បន្ទាប់​ទើប​យកទៅ​ដាច់​។​

Mbappe ត្រូវបាន​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់​ជើងឯក​ចាស់​នៃ​លី​ក​កំពូល​បារាំង​ស្រែក​គំ​ហោគ​ដាក់ នៅពេលដែល​រូបគេ​កំពុង​អង្គុយ​នៅលើ​កៅអី​បម្រុង​នា​ការប្រកួត​ចុងក្រោយ​ក្នុង​ក្របខណ្ឌ Ligue 1  ដែល Monaco យកឈ្នះ Marseille ៦-១​។​



«​ខ្ញុំ​ដឹងថា​អ្នកគាំទ្រ​មួយចំនួន​មិន​យល់​ពី​ជម្រើស​របស់ខ្ញុំ ហើយ​ខ្ញុំ​ដឹងថា​អ្នក​ទាំងនោះ​ខឹង​ខ្ញុំ តែ​ខ្ញុំ​យល់​អ្វីដែល​ពួកគេ​ធ្វើ​»​។ នេះ​ជា​សារ​មួយ​ដែល Mbappe បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន និង​បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​ក៏​យល់​ពី​អារម្មណ៍​អ្នក​ដែល​ស្រែក​ដាក់​ខ្ញុំ នៅពេល​ជួបគ្នា​ចុងក្រោយ​នោះដែរ​។ អ្នក​អាច​ខឹង​ស្អប់​ខ្ញុំ ឬ​ស្រែក​គំ​ហោគ​ដាក់​ខ្ញុំ​បាន ប៉ុន្ដែ​អ្នក​មិនអាច​បញ្ឈប់​ខ្ញុំ​ពី​ក្តី​ស្រឡាញ់​ទៅកាន់​អ្នក​ទាំងអស់គ្នា​បានទេ ហើយ​នេះ​ក៏​ព្រោះ​ការពិត គឺ​ខ្ញុំ​ស្រឡាញ់​អ្នក​»​។​

​សូមបញ្ជាក់ថា Mbappe រកបាន ២៤ គ្រាប់​កាលពី​រដូវ​កាល​មុន​ដើម្បី​ជួយ Monaco ឈ្នះ​ជើងឯក​លី​ក​កំពូល​បា​រាំងជា​លើកដំបូង​ក្រោយ​អាក់ខាន់​រយៈពេល ១៧​ឆ្នាំ​ចុងក្រោយ​៕


Tag:
 បាល់ទាត់​
  Monaco
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com