ជាតិ
សេដ្ឋកិច្ច
កម្ពុជា ស្នើ​អាស៊ាន និង​អ្នកពាក់ព័ន្ធ រួមគ្នា​ធ្វើ​ឲ្យ​សុខភាព សុវត្ថិភាព​ការងារ​កម្មករ​និ​យោ​ជិ​ក​ក្នុង​តំបន់​ប្រសើរ​
06, Sep 2017 , 9:18 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងការងារ
រូបភាពពីហ្វេសប៊ុកក្រសួងការងារ
ដោយ:
ក្រសួង​ការងារ​កម្ពុជា បានស្នើ​សុំ​ឲ្យ​សមាជិក​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ បន្ត​ខិតខំ​ជួយ​គ្នា ដើម្បី​ឲ្យ​សម្រេចបាន​នូវ​ភាពជោគជ័យ ទៅតាម​ស្មារតី​នៃ​សេចក្ដីថ្លែងការណ៍​រួម ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព សុវត្ថិភាព​ការងារ និង​សុខមាលភាព​របស់​កម្ម​ករ​និយោជិត​ក្នុង​តំបន់​អាស៊ាន​។ ការស្នើ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​លើក​ទី​២១ ស្ដីពី​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យ​ការងារ​អាស៊ាន ស្ដីពី​សុខភាព និង​សុវត្ថិភាព​ការងារ ដែល​បានរៀបចំ​កាលពី​ថ្ងៃទី​៣ កញ្ញា នៅ​សាល​មហា​ស្រប និង​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​សេន​(sands Expo & Convention Center) ប្រទេស​សិង្ហ​បុរី​។



​សន្និសីទ និង​កិច្ចប្រជុំ​ពិសេស រៀបចំ​ក្នង​គោលបំណង​ពិភាក្សា​លើ​វ​ឌ្ឍ​ភាព និង​ការប្ដេជ្ញាចិត្ត​របស់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព សុវត្ថិភាព​ការងារ និង​សុខមាលភាព​របស់​កម្ម​ករ និ​យោ​ជិ​ក ក្នុង​តំបន់​អាស៊ាន​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​កា​ងារ នៅ​ថ្ងៃទី​៤ កញ្ញា ២០១៧​។

​រដ្ឋមន្ត្រី​នៃ​វិស័យ​ការងារ​សមាជិក​អាស៊ាន បាន​ប្តេជ្ញាចិត្ត​គាំទ្រ​សេចក្ដីព្រាង សេចក្ដីថ្លែងការណ៍​រួម ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព សុវត្ថិភាព​ការងារ និង​សុខមាលភាព​របស់​កម្ម​ករ​និយោជិត​ក្នុង​តំបន់​អាស៊ាន​នេះ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។ រដ្ឋលេខាធិការ​ក្រសួង​កា​ងារ លោក ហ៊ុយ ហាន​សុង បានលើកឡើង​ពី​សារសំខាន់ នៃ​គោលនយោបាយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ ក្នុងនោះ​ផែនការមេ​របស់​នាយក​ដ្ឋា​ន​ពេទ្យ​ការងារ ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព និង​សុវត្ថិភាព​ការងារ ដើម្បី​កាព​រីកចម្រើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ​ដដែល សេចក្តីថ្លែងការណ៍​នេះ បានដាក់​ចេញ​គោលដៅ​មួយចំនួន​ដើម្បី​អនុវត្ត មានដូចជា លើកកម្ពស់​ស្តង់ដារ​សុវត្ថិភាព​ការងារ និង​សុខភាព (OSH)​។ បង្កើតឡើង​នូវ​លទ្ធភាព និង​សមត្ថភាព​អធិការកិច្ច​លើ​សុវត្ថិភាព​ការងារ និង​សុខភាព ដើម្បី​ធានា​ឱ្យបាន​ថា​ក្រុមអធិការកិច្ច​ពិតជា​មាន​ធនធាន និង​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ជម្រុញ​ការគោរព​ប្រតិបត្តិ​បទ​ប្បញ្ញត្តិ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ការងារ និង​សុខភាព​។ ពង្រឹង​លទ្ធភាព ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ ក្នុង​សហគមន៍​អាស៊ាន​។ ពង្រីក​ការប្រមូល​ទិន្នន័យ​សុខភាព​ការងារ និង​សុវត្ថិភាព​។ លើកកម្ពស់​ការចែករំលែក​បទពិសោធន៍ ការអនុវត្ត​យ៉ាង​ល្អប្រសើរ និង​ចំណេះដឹង​លើ​សុវត្ថិភាព​ការងារ និង​សុខភាព​។ លើកកម្ពស់​ឱ្យ​កាន់តែ​ស៊ីជម្រៅ លទ្ធភាព​របស់​ផ្នែក​ឯកជន ខាង​សុវត្ថិភាព​ការងារ និង​សុខភាព​។  លើកទឹកចិត្ត​ឲ្យ​អង្គការ​និយោជក និង​និយោជិត ចូលរួម​ឲ្យ​បាន​សស្រាក់សស្រាំ និង​បង្កើន​ការសហការ​ជាមួយ​ដៃគូ​ដែល​តែងតែ​ផ្ដល់នូវ​ជំនួយ​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​ការងារ និង​សុខភាព ដូចជា​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ប្រទេស​បូក​បី​របស់​អាស៊ាន ៕


Tag:
 ការងារ​
 ​ កម្មករ​
 ​ សុខភាព​-​សុវត្ថិភាព​
  ​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com