កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ ក្រៅពីម៉ាឡេស៊ី ជ័យលាភីមេដាយផ្សេងទៀត ត្រូវបានរកឃើញថា ប្រើសារធាតុហាមឃាត់
× អត្តពលិកដែលឈ្នះមេដាយរបស់មេឡេស៊ី មិនត្រូវបានរកឃើញថាបានប្រើប្រាស់សារធាតុញៀន ឬប៉ូវកំលាំងក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងគូឡាឡាំពួឡើយ ប៉ុន្តែរកឃើញមានលើអត្តពលិកឈ្នះមេដាយរបស់ប្រទេសផ្សេង។ នេះបើតាមការចុះផ្សាយរបស់ Asian Correspondent។
លោកស្រី Low Beng Choo អគ្គលេខាធិការក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (OCM) បានលើកឡើងថា៖«យើងមានការសោកស្តាយណាស់ ពីព្រោះយើងចង់ឲ្យព្រឹត្តិការណ៍ SEA Games លើកនេះ មិនមានការប្រើប្រាស់សារធាតុហាមឃាត់»។
លោកស្រី Low Beng Choo អគ្គលេខាធិការក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (OCM)
ការលើកឡើងរបស់អ្នកស្រី Beng Choo បែបនេះបន្ទាប់ពីរកឃើញថាមានអត្តពលិកមកពីប្រទេសផ្សេងៗដែលទទួលបានមេដាយពីការប្រកួតកីឡានេះ បានប្រើប្រាស់សារធាតុញៀន ឬប៉ូវកំលាំងនៅពេលប្រកួតក្រោយមានការពិនិត្យដោយប្រធានគណៈកម្មាធិការឱសថលោកវេជ្ជបណ្ឌិត S. S. Cheema នាទីក្រុងកូឡាឡាំពួ កាលពីថ្ងៃអាទិត្យទី៣ ខែកញ្ញានេះ។
យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតជុំវិញអត្តពលិកដែលជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុហាមឃាត់មិនត្រូវបានបញ្ជាក់ថាមកពីប្រទេសណានោះទេ បើទោះបីពួកគេមិនមែនជាកីឡាកររបស់ម៉ាឡេស៊ីក៏ដោយ។
«យើងបានធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីបង្កើតការយល់ដឹងទៅកាន់ក្រុមអត្តពលិករបស់យើង [ម៉ាឡេស៊ី] តាមរយៈគណៈកម្មាធិការជាតិអូឡាំពិករបស់យើង ប៉ុន្តែយើងមិនអាចគ្រប់គ្រងលើប្រទេសដទៃបានទេ»។ នេះជាការបញ្ជាក់របស់អ្នកស្រីប្រធាន OCM ហើយលោកស្រីក៏បានបន្តថា៖«យើងដឹងគឺថាអ្នកទទួលបានមេដាយត្រូវបានធ្វើតេស្តថាមានសារធាតុហាមឃាត់។ អត្តពលិកដែលរកឃើញទាំងនេះត្រូវបានផ្តល់ពេលវេលាដើម្បីស្នើសុំ ហើយសវនាការនឹងត្រូវធ្វើឡើងបន្ទាប់ពីនោះ»៕
Tag:
Sea Games 2017
ម៉ាឡេស៊ី
ប្រើសារធាតុហាមឃាត់
© រក្សាសិទ្ធិដោយ thmeythmey.com