ជាតិ
នយោបាយជាតិ
សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យតំណាងរាស្ត្រCNRP ជួបសួរសុខទុក្ខឯកឧត្តម កឹម សុខា រូបពីហ្វេសប៊ុកលោក កឹម សុខា កាលពីអំឡុងចុះជួបអ្នកគាំទ្រកន្លងមក
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលជួបសួរសុខទុក្ខឯកឧត្តម កឹម សុខា ឡើយ។
ចៅក្រមស៊ើបសួរលោក គី ឫទ្ធិ បានបញ្ជាក់ថា មូលហេតុដែលតុលាការ មិនអាចឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលជួបឯកឧត្តម កឹម សុខា នោះ ក៏ព្រោះតែតុលាការកំពុងបន្តនីតិវិធីស៊ើបសួរលើករណីប្រធានបក្សប្រឆាំងនេះ។ តាមរយៈលិខិតឆ្លើយតបសំណើររបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនោះ ចៅក្រមស៊ើបសួរ បានបញ្ជាក់ដូច្នេះថា៖«ដោយសារសំណុំរឿងកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហើយចៅក្រមមិនទាន់បានសាកសួរជនត្រូវបានចោទនៅឡើយ ។ ហេតុដូចនេះការចូលជួប ឫសួរសុខទុក្ខ អាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទដែលមិនទាក់ទិននិងរឿងនេះប៉ុណ្ណោះ។ សម្រាប់អ្នកដទៃទៀត ការចូលជួបសួរសុខទុក្ខ មិនអាចអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន»។
កាលពីថ្ងៃទី៦ កញ្ញា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបណ្តោះអាសន្ន ទាក់ទងនឹងអំពើក្បត់ជាតិ នៅក្នុងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រមទណ្ឌ។ បទចោទនេះ ត្រូវជាប់ទោសពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com