កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ​អាជ្ញាកណ្តាល​ស៊ីសំណូក FIFA ឲ្យ​អាហ្វ្រិក​ខាងត្បូង និង​សេ​ណេ​ហ្គា​ល់​ប្រកួត​ឡើងវិញ​
07, Sep 2017 , 2:18 pm        
រូបភាព
​ការប្រកួត​ជម្រុះ World Cup រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង ជាមួយ​សេ​ណេ​ហ្គា​ល់ នឹងត្រូវ​ប្រកួត​ឡើងវិញ​ម្តងទៀត​បន្ទាប់ពី FIFA រកឃើញថា​អាជ្ញាកណ្តាល​ដែល​កាត់សេចក្តី​ប្រកួត​នេះ​ស៊ីសំណូក​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA បានបញ្ចប់​តំណែង​លោក​អាជ្ញាកណ្តាល Joseph Lamptey អស់​មួយជីវិត ក្រោយ​រកឃើញថា​បានទទួល​សំណូក​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ពិភពលោក​រវាង អាហ្វ្រិក​ខាងត្បូង​ជាមួយ​សេ​ណេ​ហ្គា​ល់ ដើម្បី​ឆ្ពោះទៅ​រុស្ស៊ី ឆ្នាំ​២០១៨​។​



​អាជ្ញាកណ្តាល​សញ្ជាតិ​ហ្គា​ណា វ័យ​៤២​ឆ្នាំ​រូបនេះ​បានផ្តល់​បាល់​ពិន័យ ១១​ម៉ែត្រ​ដល់​អាហ្វ្រិក​ខាងត្បូង​ក្នុង​ជ័យជម្នះ ២-១ លើ​ក្រុម​សេ​ណេ​ហ្គា​ល់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ចាប់កំហុស​កីឡាករ Kalidou Koulibaly ថា​បាន​ប៉ះ​ដៃ​ក្នុង​តំបន់​គ្រោះថ្នាក់​។ ប៉ុន្តែ​ក្រោយ​ការពិនិត្យ​ឡើងវិញ​រក​ឃើញថា​បាល់​បាន​ប៉ះ​ជង្គង់​ខ្សែការពារ​របស់ Napoli ប៉ុណ្ណោះ​។​

​ក្រោយ​រកឃើញថា​មានការ​សូកប៉ាន់​អាជ្ញាកណ្តាល​ក្នុងការ​ប្រកួត​រវាង​ក្រុម​នៅ​ទ្វីបអាហ្វ្រិក​នេះ FIFA បានសម្រេច​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ប្រកួត​ម្តងទៀត​នា​ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ​។​



Lamptey ត្រូវបាន​ហាម​មិន​ឲ្យ​ទាក់ទង​ជាមួយនឹង​កីឡាបាល់ទាត់​អស់​មួយជីវិត​កាលពី​ខែមីនា ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​ទី​៦ ខែកញ្ញា​នេះ តុលាការ​អាជ្ញាកណ្តាល​កីឡា​បានសម្រេច​ព្យួរ​ការពិន័យ​នេះ​បណ្តោះអាសន្ន​វិញ​។​

 សូមបញ្ជាក់ថា សេ​ណេ​ហ្កា​ល់​និង​អាហ្វ្រិក​ខាងត្បូង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៣ និង​ទី ៤ ក្នុង​ពូ​ល D នៃ​វគ្គ​ជម្រុះ World Cup 2018 ទ្វីបអាហ្វ្រិក តាម​ពីក្រោយ​ក្រុម​នាំមុខគេ បូ​គី​ណា​ហ្វា​សូ និង កាប់​វែ​រ​។ ក្នុងចំណោម​ក្រុម​ទាំង​៤ មានតែ​១​ក្រុម​ប៉ុណ្ណោះ​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល ទើប​អាច​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី​បាន​៕



Tag:
 បាល់ទាត់​
  FIFA
  Joseph Lamptey
© រក្សាសិទ្ធិដោយ thmeythmey.com