អន្តរជាតិ
វៀតណាម ហៅ​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ចិន ជាការ​បំពាន​អធិបតេយ្យ​ខ្លួន​ធ្ងន់ធ្ងរ​
07, Sep 2017 , 7:19 pm        
រូបភាព
​ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ប្រឆាំង​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ដែល​បាន​អះអាងថា បានធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅក្នុង​តំបន់​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង ។ ក្រុង​ហាណូយ បាន​ហៅ​សកម្មភាព​របស់​ក្រុង​ប៉េកាំង ថា​បាន​បំពាន​អធិបតេយ្យ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​ទៀតផង ។



«​វៀតណាម ពិតជា​តវ៉ា​យ៉ាង​ដាច់អហង្ការ​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន និង​ទាមទារ​ឲ្យ​ចិន គោរព​អធិបតេយ្យភាព​វៀតណាម​លើ​តំបន់​ប្រជុំ​កោះ Hoang Sa (​ឬ​ប្រជុំ​កោះ Paracel ) និង​ចៀសវាង សកម្មភាព​បែបនេះ (​សមយុទ្ធ​យោធា​)​ជាថ្មីទៀត​ដើម្បី​ចៀសវាង​ការបង្ក​បញ្ហា​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ និង​សមុទ្រ​ចិន​ខាងត្បូង​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម នៅ​ថ្ងៃ​០៥ កញ្ញា ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម Vietnam News ។​

​អ្នកនាំពាក្យ​លោកស្រី  Lê Thị Thu Hằng ក៏បាន​សង្កត់ធ្ងន់​ទៀត​យ៉ាង​ដូច្នេះ​ថា​៖«​វៀតណាម សូមបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា វៀតណាម នៅតែ​ប្រកាន់យក​ដំណោះស្រាយ​លើ​តំបន់​វិវាទ​តាមរយៈ​វិធានការ​សន្តិវិធី ដែល​ស្របតាម​ច្បាប់​អន្តរជាតិ ដែល​រាប់បញ្ចូល​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ផងដែរ​»​។

​គួរកត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុង​ហាណូយ​នេះ គឺជា​សេចក្តីថ្លែងការណ៍​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ប្រតិកម្ម​ទៅនឹង​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ក្រុង​ប៉េកាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

​នៅ​ថ្ងៃ​៣១ សីហា កន្លងទៅ​ថ្មីៗ ក្រសួងការបរទេស​វៀ​ត​ណា​ម បាន​ផ្ញើ​កំណត់​ទូត​មួយ​ទៅកាន់​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ហាណូយ ដើម្បី​បញ្ជាក់​ជំហរ​ដាច់ខាត​របស់ខ្លួន​ប្រឆាំង​ទៅនឹង​សកម្មភាព​សមយុទ្ធ​យោធា​របស់​កងទ័ពជើងទឹក​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ក្រុង​ហាណូយ បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​របស់ខ្លួន​ទៅលើ​ស្ថានភាព​នៅក្នុង​តំបន់​ជម្លោះ និង​ថែមទាំង​បាន​ទទូច​ឲ្យ​ចិន បញ្ឈប់​សកម្មភាព និង​ធ្វើ​រឿង​ដដែលៗ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ស្មុគស្មាញ​។​

​ក៏ប៉ុន្តែ​តប​នឹង​សេចក្តីថ្លែងការណ៍​លើកទីមួយ​នោះ ចិន បាន​អះអាងថា កងទ័ពជើងទឹក​ចិន ពិតជា​បានធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​មែន ហើយ​សមយុទ្ធ​នោះ គឺ​ធ្វើតាម​ផែនការ​ហ្វឹកហ្វឺន ដោយ​ថែមទាំង​មានការ​ជូនដំណឹង​សម្រាប់​ការធ្វើ​នាវាចរណ៍​នានា​ទុកជាមុន​ទៀតផង​។
 
​នាឱកាស​នោះ ក្រុង​ប៉េកាំង ក៏បាន​ផ្ញើ​សារ​ដោយ​ប្រយោល​ទៅកាន់​វៀតណាម​យ៉ាង​ដូច្នេះ​ថា​៖«​សមយុទ្ធ​យោធា​របស់​ចិន ស្ថិត​ក្រៅ​តំបន់​វិវាទ ហើយ​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​បង្ហាញ​ភាពចាស់ទុំ និង​សម​ហេតុ​សម​ផល​ចំពោះ​សកម្មភាព​មួយ​នេះ​ផងដែរ​»​។
 
​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​មិន​ត្រឹមតែ​វៀតណាម និង​ចិន ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ក៏មាន​រដ្ឋ​អាស៊ាន​មួយចំនួន​ផ្សេងទៀត​ដូចជា ព្រុយ​ណេ ហ្វីលីពីន និង​ម៉ាឡេស៊ី​ផងដែរ​។ កន្លងមក ចិន និង​វៀតណាម តែងតែមាន​សេចក្តីថ្លែងការណ៍​ថ្កោលទោស ដាក់គ្នា​ទៅវិញទៅមក នៅពេល​ដែលមាន​រដ្ឋ​ណាមួយ បង្ហាញ​សកម្មភាព​ច្រើន​នៅក្នុង​តំបន់​ជម្លោះ​អធិបតេយ្យ​នោះ​៕


Tag:
 ចិន​
  វៀតណាម​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com