ជាតិ
គ​.​ជ​.​ប លុបឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ជាង​៩០​នាក់​ដែល​បានទទួល​មរណភាព​
07, Sep 2017 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៧ កញ្ញា​នេះ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​លុបឈ្មោះ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ជាង​៩០​នាក់ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​នៃ​ដំណើការ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៨​។​



​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មកដល់ពេលនេះ មាន​ពលរដ្ឋ​ចំនួន​៩២​នាក់ ដែល គ​.​ជ​.​ប បាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ដោយសារតែ​ពួកគេ​ទាំងនោះ បានទទួល​មរណភាព​។ បើតាម​លោក ហង្ស ពុទ្ធា តួលេខ​នៃ​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត នឹង​បន្ត​កើនឡើង​ទៀត តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាងមុខ​។​

​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃ​ទៅ​៩ វិច្ឆិកា​។ សម្រាប់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន ១,៤១២,១៤៩ នាក់ ។  អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ទាំងនេះ គឺជា​យុវជន ដែល​គ្រប់​អាយុ​បោះឆ្នោត ,​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នក​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ការ​បោះឆ្នោះ​ឃុំ​/​សង្កាត់​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា​។​

​បើតាម​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន​របស់​គជប ពលរដ្ឋ​ខ្មែរ​មាន​សរុប ១៥,៨៨៣,២៥០ នាក់ ហើយ​ពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ​មាន​ចំនួន ៩,៧៨៨,២៣៩ នាក់ អ្នក​ត្រៀម​លុបឈ្មោះ​ចេញ​មាន ៨០,២៦៣​នាក់ ខណៈ​ការិយាល័យ​បោះឆ្នោត​មាន​សរុប ២៣,៤៧០​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។ សម្រាប់​ការបោះឆ្នោតជាតិ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រៀម​ថវិកា​៥២​លាន​ដុល្លារ ដែល​មកពី​រដ្ឋាភិបាល​កម្ពុជា និង​ពី​បណ្ដា​ប្រទេស​ជា​ម្ចាស់ជំនួយ ដូចជា​សហភាព​អឺរ៉ុប ជប៉ុន និង​ចិន រួមទាំង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​ផងដែរ​៕


Tag:
 គជប​
 ​ បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com