ជាតិ
សេដ្ឋកិច្ច
ការ​បូម​ប្រេង​ដំណក់​ដំបូង មិន​ពាក់ព័ន្ធ​តម្លៃ​ប្រេងសាំង​ដែល​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​ឡើយ​!
07, Sep 2017 , 3:36 pm        
រូបភាព
ដោយ:
​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹងមាន​ដំណក់​ប្រេង​ឆៅ​លើកដំបូង [​ក្នុង​សម័យកាល​ថ្មី​នេះ​] នៅ​ចុងឆ្នាំ​២០១៩ ឬ​ឆ្នាំ​២០២០ បន្ទាប់ពី​ក្រុមហ៊ុន​សិង្ហ​បុរី  Krisenergy បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល កាលពី​ចុងខែ​សីហា​កន្លងមក​។ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង ក្រុមហ៊ុន​នេះ​មាន​រយៈពេល​ពីរ​ខែ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​លើ​ការវិនិយោគ​គម្រោង​មួយ​នេះ​នៅ​ប្លុក​A ។ បើ​ក្រុមហ៊ុន​សម្រេច​វិនិយោគ​ជា​ផ្លូវការ នោះ​ដំណក់​ប្រេង​នឹង​ទទួលបាន​តាម​ការគ្រោង​ទុក​។​



​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្ដិ​ធារ៉ា ឲ្យ​ដឹងថា ការ​បូម​ប្រេង​ដំណក់​ដំបូង​នេះ មិន​មានន័យថា​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ប្រចាំថ្ងៃ​ចុះថោក​នោះទេ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​លក់​ប្រេង​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​និង​មធ្យម មិនទាន់មាន​ហេ​ដ្ឋា​រចនា​ខ្សែសង្វាក់​ឧស្សាហកម្ម​គាំទ្រ​ការកែច្នៃ​ប្រេង​ក្នុងស្រុក​។

​ប៉ុន្តែ​តម្លៃ​ប្រេង​ឆ្អិន​លើ​ទីផ្សារ​ក្នុងស្រុក​អាច​នឹង​ចុះថោក​ក្នុង​កម្រិត​ណាមួយ​ផងដែរ ដោយយោង​ទៅលើ​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​លើកដំបូង​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៩​។  នេះ​ជា​គម្រោង​របស់​ក្រុមហ៊ុន​មួយ​ផ្សេងទៀត គឺ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក CPC ដែល​បោះទុន​ដំណាក់កាល​ដំបូង ៦២០ លាន​ដុល្លារ​នៅ​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​កំពត​។ រោងចក្រ​នេះ​គ្រោង​នាំចូល​ប្រេង​ឆៅ​ពី​ក្រៅប្រទេស​មក​ចម្រាញ់​សម្រេច​ដើម្បី​លក់​ក្នុងស្រុក និង​នាំចេញ ដោយ​រំពឹង​នឹង​កែច្នៃ​ប្រេង​បាន ៥​លាន​តោន​ក្នុង​មួយឆ្នាំ នៅពេល​ដំណាក់កាល​ទាំងអស់​របស់​គម្រោង​ត្រូវបាន​បញ្ចប់​។

​រីឯ​ការផ្គត់ផ្គង់​រប​ស់​ក្រុមហ៊ុន Krisenergy ឲ្យ​ទៅ​ក្រុមហ៊ុន CPC មិនទាន់​អាច​ប្រាកដ​បាន​នោះទេ​។ លោក ម៉េង សក្ដិ​ធារ៉ា បានបញ្ជាក់​នៅក្រោយ​សិក្ខាសាលា​ស្ដីពី​ដំណើរ​ឆ្ពោះទៅ​ប្រទេស​ផលិត​ប្រេង នៅ​ថ្ងៃទី​៦​ខែសីហា ថា វា​អាស្រ័យ​ការ​ផ្គូរ​ផ្គង​រវាង​គុណភាព​ប្រេង​ឆៅ និង​រោងចក្រ រួមទាំង​តម្លៃ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ​។

​សូម​ស្ដាប់​ការពន្យល់​របស់ លោក ម៉េង សក្ដិ​ធារ៉ា ដូចតទៅ​៖




​យោងតាម​តួលេខ​ពី​អគ្គនាយកដ្ឋាន​ប្រេងកាត កម្ពុជា​បាន​នាំចូល​ប្រេងឥន្ធនៈ ១,៩​លាន​តោន​នៅ​ឆ្នាំ​២០១៥​។ ប៉ុន្តែ​បើតាម​ជំរឿន​ស្ថិតិ​ក្នុង​ឆ្នាំ​ដដែល​របស់​ស្ថាប័ន​មួយ​នេះ កម្ពុ​ជាមាន​តម្រូវការ​ប្រេងឥន្ធនៈ ១,៧៨​លាន​តោន​៕


Tag:
 ម៉េង សក្ដិ​ធារ៉ា​
  ប្រេងកាត
© រក្សាសិទ្ធិដោយ thmeythmey.com