កីឡាអន្តរជាតិ
អន្តរជាតិ
AFC ស៊ើបអង្កេត​លើ​ក្រុម​ដែល​ល្មើស​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ចុងក្រោយ​តំបន់​អាស៊ី​
07, Sep 2017 , 10:19 pm        
រូបភាព
សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បានចាប់ផ្តើម​ស៊ើបអង្កេត​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការប្រព្រឹត្ត​បទល្មើស​នៃ​បទបញ្ជា​នានា​នៅក្នុង​ការប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​តំបន់​អាស៊ី កាលពី​ថ្ងៃទី​៥ ខែកញ្ញា ដើម្បី​បាន​កៅអី​ទៅ World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី​។ បច្ចុប្បន្ន AFC កំពុង​រង់ចាំ​ទទួលយក​របាយការណ៍​ពាក់ព័ន្ធ​ទាំងអស់​មុននឹង​ឈានដល់​ដំណាក់កាល​បន្ទាប់​។ នេះ​បើតាម​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ចុះផ្សាយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា​។​



AFC នឹង​សហការ​ជាមួយ​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក (FIFA) ផងដែរ​ដើម្បី​ផ្តល់​របាយការណ៍​ចាំបាច់​ស្តីពី​បញ្ហា​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់ FIFA ក្រោយ​មានការ​រាយការណ៍​ពី​ការបំពាន​នានា​ក្នុងពេល​ប្រកួត​ជម្រុះ World Cup ជុំ​ទី​៣​នៅ​តំបន់​អាស៊ី​។​

​តែ​យ៉ាងណាក៏ដោយ AFC នៅ​មិនទាន់​បង្ហាញថា​ក្រុម​ណា​ដែលមាន​ជាប់​ពាក់ព័ន្ធ​ជុំវិញ​ករណីនេះ កាលពី​ប្រកួត​ក្នុង​វគ្គ​ជ្រុះ​ជុំ​ចុងក្រោយ​កាលពី​ថ្ងៃទី ៥ ខែកញ្ញា​នៅឡើយ​នោះទេ​។​
​កាលពី​ខែមិថុនា AFC បាន​សរសេរ​របាយការណ៍​ទៅកាន់​សមាជិក​របស់ខ្លួន ដែល​រំលឹក​ឡើងវិញ​ថា អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​ជាប់ទាក់ទង​នឹង​បាល់ទាត់​អាស៊ី​ត្រូវតែ​គោរព​គោលការណ៍​អព្យាក្រឹត​។​

​លិខិត​ដែល​ផ្ញើ​ដោយ AFC បាន​សង្កត់ធ្ងន់ថា​គោលការណ៍​នេះ​គឺជា​គ្រឹះ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី និង​ចលនា​កីឡា​អន្តរជាតិ ហើយ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាម​មាត្រា ៣.២ នៃ​លក្ខន្តិក​របស់ AFC ដែល​ចែងថា​៖«AFC មាន​លក្ខណ​អព្យាក្រឹត​នៅក្នុង​រឿង​នយោបាយ និង​សាសនា​»​។​

​ក្បាល​ម៉ា​ស៊ី​គ្រប់គ្រង​កីឡាបាល់ទាត់​តំបន់​អាស៊ី​នេះ​បន្ថែមថា​រាល់​សមាជិក​ត្រូវបាន​ចងភ្ជាប់​ដោយ​មាត្រា ១៤.៤ ដែល​ចែងថា​៖«​រាល់​សមាជិកសមាគម​ត្រូវ​គ្រប់គ្រង​កិច្ចការ​របស់ខ្លួន​ដោយ​ឯករាជ្យ និង​ដោយ​គ្មាន​ឥទ្ធិពល​ណាមួយ​ពី​ភាគី​ទី​បី​ឡើយ​»​។​

​លើសពីនេះ​ទៀត​នោះ AFC ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​គោរព​គោលការណ៍​គ្រឹះ​ទាំងនេះ​ដើម្បី​ឆ្ពោះទៅមុខ​ទាំងអស់គ្នា​។ ក្នុងន័យនេះ AFC រំលឹក​ឡើងវិញ​ក្នុង​មាត្រា ៦ នៃ​លក្ខន្តិក​ដែល​ចែងថា​៖«​រាល់​បុគ្គល និង​អង្គ​ការដែល​ជាប់ទាក់ទង​ដោយផ្ទាល់​ឬ​ប្រយោល​ទាំងនោះ​ត្រូវតែ​គោរព​តាម​លក្ខន្តិក សេចក្តីណែនាំ និង​ការសម្រេចចិត្ត​របស់ AFC»៕


Tag:
 បាល់ទាត់​
  AFC
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com