ជាតិ
នយោបាយជាតិ
ពលរដ្ឋខ្មែរគាំទ្រCNRP រស់នៅក្នុងប្រទេសចំនួន ៧ គ្រោងធ្វើបាតុកម្មប្រឆាំងការចាប់ឯ.ឧ កឹម សុខា ឯកឧត្តម កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តកំពង់ចាម កាលពីខែសីហា ឆ្នាំ ២០១៧។ (រូបពីងហ្វេសប៊ុកឯកឧត្តម កឹម សុខា)
× ប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សសង្គោះជាតិ នៅក្នុងប្រទេស អូស្ត្រាលី កាណាដា អាមេរិក បារាំង និងញូហ្សឺលែន គ្រោងធ្វើបាតុកម្ម ដើម្បីឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា។ នេះបើតាមកញ្ញា កឹម សម្មាធីតា កូនស្រីរបស់ឯកឧត្តម កឹម សុខា។ អ្នកនាំពាក្យរដ្ឋាភិបាល យល់ថា គម្រោងធ្វើបាតុកម្មនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ។
ប្រជាពលរដ្ឋខ្មែរគាំទ្រគណបក្សសង្គ្រោះជាតិ រស់នៅប្រទេសអូស្ត្រាលី កាណាដា បារាំង និងអាលឺម៉ង់ នឹងធ្វើបាតុកម្មនៅថ្ងៃទី ០៩ ខែកញ្ញា ដើម្បីប្រឆាំងនឹងការចាប់ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា។ ចំណែកពលរដ្ឋខ្មែរគាំទ្រគណបក្សនេះ រស់នៅក្នុងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក គ្រោងនឹងធ្វើបាតុកម្មដែរ នៅថ្ងៃទី ១០ កញ្ញា។ នេះបើតាមហ្វេសប៊ុករបស់កញ្ញា កឹម សម្មាធីតា កូនស្រីពៅរបស់ឯកឧត្តម កឹម សុខា។
ជាមួយគ្នានេះ បើតាមកញ្ញា សម្មាធីតា ដដែល ពលរដ្ឋខ្មែររស់នៅប្រទេសញូហ្សឺលែន ដែលគាំទ្រគណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនឯកឧត្តម កឹម សុខា នៅថ្ងៃទី ១៦ ខែកញ្ញា ហើយពលរដ្ឋខ្មែរនៅប្រទេសបែលហ្ស៊ិក នឹងធ្វើបាតុកម្មនៅថ្ងៃទី ១៨ ខែកញ្ញា។
ឆ្លើយតបនឹងគម្រោងធ្វើបាតុកម្មនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី ហាក់មិនបារម្ភនោះទេ ដោយលោកចាត់ទុកថា ផែនការធ្វើបាតុកម្មនេះ ជាសិទ្ធិរបស់ពួកគេ។លោក យល់ថា គម្រោងធ្វើបាតុកម្មនោះ មិនប៉ះពាល់ដល់កម្ពុជានោះឡើយ ព្រោះពលរដ្ឋខ្មែរទាំងនោះ រស់នៅក្រៅប្រទេស។ « នេះជាសិទ្ធិរបស់ពួកគេ ព្រោះអ្នកទាំងនោះពួកគាត់គាំទ្រ លោក កឹម សុខា។ វាមិនប៉ះពាល់ដល់កម្ពុជាឡើយ»។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន។
តែយ៉ាងណាអ្នកនាំពាក្យរូបនេះ ស្នើឲ្យពលរដ្ឋដែលគ្រោងធ្វើបាតុកម្មទាំងនោះ គួរគាំទ្រអំពើរដ្ឋាភិបាល ដែលបានការពារបូរណភាព អធិបតេយ្យ ដើម្បីការពារសុខសន្តិភាពនៅកម្ពុជា ជាងគាំទ្រអ្នកមានបំណងផ្តួលរំលំរដ្ឋាភិបាល។ លោកបន្ថែមយ៉ាងនេះថា៖« ពួកគេបាតុកម្មគាំទ្រអ្នកផ្តួលរំលំរដ្ឋាភិបាល ស្មើនឹងចូលរួមផ្តួលរំលរដ្ឋាភិបាលកម្ពុជា។ ពលរដ្ឋទាំងនោះ គួរគាំទ្រអ្នកនៅក្នុងប្រទេស ដែលខំការពារសន្តិភាព មិនឲ្យបរទេសបំផ្លាញកម្ពុជា»។
ស្របពេលដែលពរដ្ឋខ្មែរគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស គ្រោងធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនឯកឧត្តម កឹម សុខា ពីបទក្បត់ជាតិ ស្ថាប័នរបស់រដ្ឋស្ទើរទាំងអស់នៅកម្ពុជាឯណេះវិញ បានចេញលិខិតគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល និងតុលាការលើឯកឧត្តម កឹម សុខា ជាបន្តបន្ទាប់។ ស្ថាប័នទាំងនោះ សុទ្ធតែទាមទារឲ្យតុលាការដាក់ទោសប្រធានគណបក្សសង្គ្រោះជាតិ ឲ្យបានធ្ងន់ធ្ងរ។
កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែកញ្ញា សមត្ថកិច្ចបានចាប់ខ្លួនឯកឧត្តម កឹម សុខា នៅផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ពីរ ខណ្ឌទូលគោក។ ក្រោយចាប់ខ្លួន អាជ្ញាធរ បានបញ្ជូនឯកឧត្តម កឹម សុខា ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី ៥ ខែកញ្ញា អយ្យការអមតុលាការដំបូង បានចោទឯកឧត្តម កឹម សុខា ទាក់ទងនឹងអំពើក្បត់ជាតិ នៅក្នុងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រមទណ្ឌ។ បទចោទនេះ ត្រូវជាប់ទោសពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ។ នៅថ្ងៃទី ៦ ខែកញ្ញា តុលាការបានសម្រេចឃុំខ្លួន ឯកឧត្តម កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុងបណ្តោះអាសន្ន៕
Tag:
កឹម សុខា
ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com