ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញាដែលសង្ស័យថា អ្នកកំពុងតែមានគ្រួសក្នុងតម្រងនោមហើយ
× គ្រួសក្នុងតម្រងនោមជាជំងឺដែលកើតមានជាញឹកញាប់ក្នុងប្រព័ន្ធផ្លូវទឹកម៉ូត្រ។ គ្រួសនេះភាគច្រើនកើតឡើងដោយសារតែទឹកនោមមានសភាពខាប់ពេករហូតសារធាតុខ្លះករទៅជារឹងតែម្តង។
ជំងឺគ្រួសក្នុងតម្រងនោមមិនមែនតែងតែបង្ករោគសញ្ញារបស់វាឲ្យយើងដឹងទាំងអស់ទេ។ នៅពេលវាស្ថិតក្នុងទំហំតូច វានឹងជ្រុះចេញដោយខ្លួនឯងដោយមិនមានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្តែដល់ពេលគ្រោះនេះធំវិញ វាអាចនឹងស្ទះដល់លំហូរទឹកនោម ដែលធ្វើឲ្យមានអាការៈមួយចំនួនរបស់វាកើតឡើងបាន។
ការឈឺចាប់
ទីតាំងរបស់គ្រួស និងដំណើរការរបស់វាក្នុងផ្លូវទឹកម៉ូត្រអាចបង្កជារោគសញ្ញាច្រើនប្រភេទក្នុងរាងកាយដែរ។ អ្នកជំងឺភាគច្រើនប្រាប់អំពីអារម្មណ៍នៃការមានគ្រួសក្នុងតម្រងនោមថា ពួកគេឈឺចាប់ដូចគេចាក់នៅខ្នង ឬពោះផ្នែកខាងក្រោម។ ការឈឺចាប់នេះអាចរំខានតិចតួច រហូតដល់ខ្លាំងក្លា។ ការឈឺចាប់នេះអាចរាលដាលទៅគ្រលានបាន។
អ្នកក៏ប្រហែលជាមានការឈឺចាប់ជាប់ ឬមានបាត់ៗ និងមានលក្ខណៈដូចជារលក ប៉ុន្តែអាចឈឺយូរបំផុតពីរបីនាទី ហើយក៏បាត់ទៅវិញ ឬអាចកើតឡើងម្តងទៀតប្រហែល ១០នាទីក្រោយ។ ករណីខ្លះ ការឈឺចាប់អាចមានរយៈពេលយូរនិងខ្លាំងក្លាផងដែរ។ ការប្រែប្រួលទៅលើកម្រិតនៃការឈឺចាប់អាចនឹងកើតឡើងដោយសារតែគ្រួសនោះមានចលនា ឬស្ថិតក្នុងទីតាំងខុសៗគ្នា។
អាការៈផ្សេងៗទៀត
ក្រៅពីការឈឺចាប់ខាងលើ រោគសញ្ញាមួយចំនួនទៀតក៏ប្រហែលជាអាចកើតមានលើករណីជំងឺគ្រួសក្នុងតម្រងនោមដែរដូចជា៖
• ឈឺពេលនោម
• ទឹកនោមល្អក់
• ទឹកនោមមានក្លិនខុសធម្មតា
• ចេះតែចង់នោមលឿនជាងធម្មតា និងញឹកញាប់
ទឹកនោមដែលមានឈាមអាចដោយសារតែគ្រួសក្នុងតម្រងនោមនោះធ្វើឲ្យទឹកនោមប្រែទៅជាពណ៌ត្នោត ផ្កាឈូក ឬក្រហម។
អ្នកក៏គួរតែទៅជួបពេទ្យដែរបើសិនជាអ្នកមានការឈឺចាប់ជាមួយនឹងអាការៈដូចខាងក្រោមនេះ៖
• ចង្អោ
• ក្អួត
• គ្រុន
• ក្តៅ
អាការៈទាំងនេះអាចបញ្ជាក់ថា អ្នកមានការបង្ករោគហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com