អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទាហាន​មី​យ៉ាន់​ម៉ា​អះអាងថា ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ដុត​ផ្ទះសម្បែង​ខ្លួនឯង ហើយ​រត់​ភៀសខ្លួន​
08, Sep 2017 , 2:42 pm        
រូបភាព
កងកម្លាំង​មី​យ៉ាន់​ម៉ា​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា បាន​ដុត​ផ្ទះសម្បែង​ខ្លួនឯង ហើយ​រត់​ភៀសខ្លួន​ពេល​សន្តិសុខ​ចេញ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ប្រដាប់អាវុធ​ដែល​បះបោរ​នៅ​រដ្ឋ Rakhine​។ ការអះអាង​បែបនេះ គឺជា​ការឆ្លើយតប​ចោទប្រកាន់​កន្លងមក​ដែលថា ទាហាន​មី​យ៉ាន់​ម៉ា​ធ្វើទុក្ខបុកម្នេញ​និង​ដុតបំផ្លាញ​លំនៅ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

​ស្រប​ពេលដែល​សហគម​ន៍​អន្តរជាតិ​បន្ត​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​នៅ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​បាន​ឆាប់ កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​ចេញមក​បកស្រាយ​បង្ហាញ​ភាព​ស្អាតស្អំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គេ​ថែមទាំង​អះអាង​ប្រាប់​អ្នកកាសែត​ថា ប្រជាជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ឯណោះ​ទេ​ដែល​ដុត​ផ្ទះសម្បែង​ខ្លួនឯង និង​រត់​ភៀសខ្លួន​នោះ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AP ស្ថិតក្នុង​ចំណោម​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​អមដំណើរ​ដោយ​កងកម្លាំង​សន្តិសុខ ដើម្បី​ទៅកាន់​ភូមិ Ah Lel Than Kyaw​។ ទីភ្នាក់ងារ​នេះ​បាន​សាកសួរ​មន្ត្រីប៉ូលិស​មូល​ដ្ឋា​ន​ពាក់ព័ន្ធ​បញ្ហា​ដែល​កើតឡើង​ក្នុង​តំបន់​ដ៏​គ្រោះថ្នាក់​នេះ ស្របពេល​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​បះបោរ​កំពុង​បន្ត​។​
 
​មន្ត្រីប៉ូលិស​ម្នាក់​ឈ្មោះ Aung Kyaw Moe បាន​អះអាង​ដូច្នេះ​៖ ពួកគេ​បាន​ដុត​ផ្ទះសម្បែង​ខ្លួនឯង​ហើយ​រត់​។ យើង មិនឃើញ​អ្នកណាម្នាក់​ជាក់លាក់​ដុត​ឡើយ ព្រោះ​យើង​រវល់​ប្រឹង​ការពារ​សន្តិសុខ​នៅ​ទីតាំង​របស់​យើង​។ ប៉ុន្តែ​ពេលដែល​មានផ្ទះ​សម្បែង​ឆេះ វា​មានតែ​ជនជាតិ Bengali (​រ៉ូ​ហ៊ីង​យ៉ា​) ប៉ុណ្ណោះ​ដែល​ស្ថិតនៅ​ទីនោះ​»​។​
 
​មី​យ៉ាន់​ម៉ា​ចាត់ទុក​ប្រជាជន​ភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនជាតិ Bengalis ដែលជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​បង់​ក្លា​ដែ​ស​។ ដូច្នេះហើយ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែលមាន​ចំនួន​ប្រហែល ១,១​លាន​ដុល្លារ​កំពុង​រស់នៅ​រដ្ឋ Rakhine នោះ​គ្មាន​សញ្ជាតិ​និង​មិន​ត្រូវគេ​ទទួលស្គាល់​ជា​ជនជាតិ​ស្របច្បាប់​ឡើយ​។ 
 
​ដោយឡែក ក្រៅពី​បកស្រាយ​ដែល​ហាក់បី​ជា​ទម្លាក់កំហុស​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រតិបត្តិការ​បោសសម្អាត​ក្រុម​បះបោរ​ចាប់ពី​ថ្ងៃ ២៥​នោះ បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជិត ៤០០​នាក់​ក្នុងនោះ​ភាគច្រើន​ជាង​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​។ ទាហាន​រដ្ឋាភិបាល​ក៏បាន​ចោទ​ផងដែរ​ថា ក្រុម​បះបោរ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក៏បាន​ដុត​ផ្ទះសម្បែង​ប្រជាជន​ផងដែរ​។​
 
​សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ឯណោះ​វិញ មិនបាន​ទទួលយក​ការបកស្រាយ​យករួចខ្លួន​របស់​ទាហាន​មី​យ៉ាន់​ម៉ា​នេះ​ទេ​។ គេ​បាន​បន្ទោស​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ជាពិសេស​កងទ័ព​មី​យ៉ាន់​ម៉ា និង​ថែមទាំង​បាន​ចោទប្រកាន់ថា ក្រុម​នេះ​បានធ្វើ​ទុក​បុក​ម្នេញ​លើ​ជន​ស៊ីវិល​ដើម្បី​ធ្វើយ៉ាងណា​បង្ខំ​ឲ្យ​ប្រជាជន​ទាំងនោះ​រត់​ភៀស​ខ្លូន​ចេញទៅ​បង់​ក្លា​ដែ​ស​៕

© រក្សាសិទ្ធិដោយ thmeythmey.com