កីឡាជាតិ
ជាតិ
ប៉េតង់៖ កីឡាករមានសមត្ថភាពក្នុងពានសម្តេច ស ខេង អាចជាប់ក្នុងបញ្ជីជម្រើសជាតិ លោក អ៊ិន គឹមស៊្រុន ពេលផ្តល់បទសម្ភាសឲ្យអ្នកសារព័ត៌មានក្រោយត្រឡប់មកពីចូលរួមប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួរ
× បើយោងតាមអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កីឡាករកីឡាការិនីដែលមានសមត្ថភាព និងទេពកោសល្យនាការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់សម្តេច ស ខេង ប្រចាំឆ្នាំ២០១៧ សហព័ន្ធនឹងកត់ត្រាទុកក្នុងបញ្ជីជម្រើសជាតិ។ ពានសម្តេច ស ខេង នៅឆ្នាំនេះអាចទាក់ទាញក្លិបចូលរួមសរុបចំនួន៣៦ក្លិប ហើយការប្រកួតចាប់ផ្តើមចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា នៅលើទីលានអគារដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ។
លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់ថា លោកនឹងសំឡឹងមើលកីឡាករវ័យក្មេងដែលមានសមត្ថភាព និងទេពកោសល្យក្នុងក្លិបទាំង៣៦ដែលចូលរួមប្រកួតពានរង្វាន់សម្តេច ស ខេង នៅឆ្នាំនេះ ដើម្បីកត់ត្រាទុកក្នុងបញ្ជីព្រាងឈ្មោះក្រុមជម្រើសជាតិយុវជនថ្នាល។ លោកបានអះអាងថា យុវជនដែលបានកត់ត្រាទាំងនេះអាចទទួលបានឱកាសប្រមូលផ្តុំក្នុងក្រុមយុវជនថ្នាល ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជារូបនេះបានបន្ថែមថា បើតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺតម្រូវឲ្យមានកីឡាករមានសមត្ថភាពយ៉ាងហោចពី១ពាន់នាក់ទៅ២ពាន់នាក់។ ការតម្រូវបែបនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ការចម្រាញ់រកកីឡាករល្អបំផុតដាក់ឲ្យប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍នេះ។ ដូច្នេះដើម្បីសម្រេចផែនការនេះ សហព័ន្ធនឹងធ្វើយុទ្ធនាការចុះទៅស្វែងរកកីឡាករមានសមត្ថភាពនៅសាលាទូទាំងប្រទេសកម្ពុជា។
សម្រាប់ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់សម្តេច ស ខេង លើកទី១៧នៅឆ្នាំនេះមាន៣៦ក្លិបចូលរួម ដែលចំនួននេះមានការកើនឡើងជាងពាក់កណ្តាលបើធៀបទៅនឹងឆ្នាំមុនដែលមានប្រមាណជា២០ក្លិបចូលរួម។ លោក អ៊ិន គឹមស្រ៊ុន បានបញ្ជាក់ថា ការកើនឡើងដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយសារចំនួនក្លិបនៅតាមបណ្តាខេត្តមានការកើនឡើង ហើយម្យ៉ាងទៀតក្លិបទាំងនេះបាននិងកំពុងត្រៀមខ្លួនចូលរួមប្រកួតកីឡាជាតិលើកទី២នៅឆ្នាំ២០១៨ ខាងមុខនេះផងដែរ។
ពានរង្វាន់សម្តេច ស ខេង ប្រចាំឆ្នាំ២០១៧ បានបើកការប្រកួតកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ក្រោមវត្តមានរបស់លោក ព្រហ្ម ឌិន អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតធ្វើឡើងរយៈពេល៤ថ្ងៃចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីលានប៉េតង់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ៕
Tag:
ប៉េតង់
សម្តេច ស ខេង
អ៊ិន គឹមស្រ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com