ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​ថៃ​ចុះ​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​
09, Sep 2017 , 7:59 am         604
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កឹ​ប​កេង​បន្លំ​ពន្ធ​ពាក់​ពន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល (DTA)​។


​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក Don Pramudwinai  ក្រោម​អធិបតីភាព​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន និង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ ចាន​អូ​ចា ដែល​លោក​បានមក​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​មួយថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៧​ខែកញ្ញា​។

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នេះ​ជា​កិច្ចព្រមព្រៀង​ទី​៤​ហើយ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ដៃគូ ក្នុង​បំណង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ហត្ថលេខី លើ​កិច្ច​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​ធ្វើ​ឲ្យ​ប្រាក​ប្រជា​ក្នុង​ការកំណត់​សិទ្ធិ​យកពន្ធ និង​បង្កើន​មូលដ្ឋាន​គិត​ពន្ធ​។ កិច្ចព្រមព្រៀង​នេះ​ក៏មាន​បំណង​ការពារ​និវាស​ន​ជន (​អ្នក​ជាប់ពន្ធ​ដែលមាន​លំនៅ​ក្នុងប្រទេស​ហត្ថលេខី​) ពី​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ណាមួយ​ពាក់ព័ន្ធ​នឹង​ពន្ធ និង​ការពារ​ចំណូល​ពន្ធ​ក្នុងស្រុក តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​គេចវេស​ពន្ធ​រវាង​ប្រទេស​ទាំងពីរ​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​នៅពេលដែល​ប្រទេស​ទាំងពីរ​ផ្ដល់​សច្ចាប័ន​។ មុន​ចុះហត្ថលេខា​ជាមួយ​ថៃ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ប្រទេស​សិង្ហ​បុរី ចិន និង​ប្រទេស​ប្រ៊ុយណេ​។

​ក្រៅពីនេះ​រដ្ឋាភិបាល​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង DTA ជាមួយ​ប្រទេស​អាស៊ី និង​អាស៊ាន​មួយចំនួន​ដូចជា ប្រទេស​កូរ៉េ ម៉ាឡេស៊ី វៀតណាម​ជាដើម​៕

Tag:
 DTA
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ