ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងថៃចុះកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានចុះកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធពាក់ពន្ធនឹងពន្ធលើប្រាក់ចំណូល (DTA)។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Don Pramudwinai ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចានអូចា ដែលលោកបានមកធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃនៅកម្ពុជា នៅថ្ងៃទី៧ខែកញ្ញា។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នេះជាកិច្ចព្រមព្រៀងទី៤ហើយដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូ ក្នុងបំណងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលធ្វើឲ្យប្រាកប្រជាក្នុងការកំណត់សិទ្ធិយកពន្ធ និងបង្កើនមូលដ្ឋានគិតពន្ធ។ កិច្ចព្រមព្រៀងនេះក៏មានបំណងការពារនិវាសនជន (អ្នកជាប់ពន្ធដែលមានលំនៅក្នុងប្រទេសហត្ថលេខី) ពីការប្រព្រឹត្តមិនត្រឹមត្រូវណាមួយពាក់ព័ន្ធនឹងពន្ធ និងការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេសពន្ធរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅពេលដែលប្រទេសទាំងពីរផ្ដល់សច្ចាប័ន។ មុនចុះហត្ថលេខាជាមួយថៃ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងនេះជាមួយប្រទេសសិង្ហបុរី ចិន និងប្រទេសប្រ៊ុយណេ។
ក្រៅពីនេះរដ្ឋាភិបាលកំពុងចរចាលើកិច្ចព្រមព្រៀង DTA ជាមួយប្រទេសអាស៊ី និងអាស៊ានមួយចំនួនដូចជា ប្រទេសកូរ៉េ ម៉ាឡេស៊ី វៀតណាមជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com