ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្មនៃប្រទេសGMS ឯកភាពគ្នាក្នុងការកសាងប្រព័ន្ធសុវត្ថិភាពចំណីអាហារក្នុងតំបន់
× រដ្ឋមន្ត្រីកសិកម្មនៃប្រទេសមហាអនុតំបន់មេគង្គ(GMS) បានឯកភាពគ្នា ក្នុងការកសាងប្រព័ន្ធសុវត្ថិភាពចំណីអាហារក្នុងតំបន់។ ការគាំទ្រគ្នា ធ្វើឡើងក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម នៃមហាអនុតំបន់មេគង្គលើកទី២ដែលរៀបចំធ្វើនៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកញ្ញា។
រដ្ឋមន្ត្រីកសិកម្ម នៃមហាអនុតំបន់មេគង្គ(GMS) បានប្រកាសគាំទ្រយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងផែនការសកម្មភាព ដើម្បីកសាងប្រព័ន្ធសុវត្ថិភាពចំណីអាហារមួយនៅទូទាំងតំបន់។ ការគាំទ្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម នៃមហាអនុតំបន់មេគង្គលើកទី២ដែលរៀបចំធ្វើនៅខេត្តសៀមរាប។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព័ន្ធសុវត្ថិភាពចំណីអាហារនេះ នឹងផ្អែកលើបទដ្ឋានដែលមានមូលដ្ឋានផ្អែកលើវិទ្យាសាស្ត្រ និងមានការទទួលស្គាល់ទៅវិញទៅមក ការតាមដានប្រភពផលិតផល និងការចែករំលែកព័ត៌មាន ជាពិសេសព័ត៌មានអំពីបញ្ជីរាយនាមគ្រោះថ្នាក់ សម្រាប់មុខទំនិញសំខាន់ៗមួយចំនួន ។
ADB ដើរតួនាទីជាលេខាធិការដ្ឋាន នៃមហាអនុតំបន់មេគង្គ ដែលមានសមាសភាពប្រទេសកម្ពុជា ចិន (ពិសេសខេត្តYunnan និងតំបន់ស្វយ័តGuangxi Zhuang) ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖«យុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ២០១៨-២០២២ និងផែនការសកម្មភាពក្រុងសៀមរាប នឹងជួយឲ្យយើងក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មដែលមានសុវត្ថិភាព និងមិនប៉ះពាល់បរិស្ថាននាំមុខគេ»។ លោករដ្ឋមន្ត្រីកសិកម្ម បន្ថែមថា៖«វាគឺជាសក្ខីកម្មមួយយ៉ាងច្បាស់លាស់ ដែលបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការរួមចំណែក ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈការធានាថាសុវត្ថិភាពចំណីអាហារ ដូចជាសន្តិសុខស្បៀង គឺជាសិទ្ធិមនុស្ស សម្រាប់ទាំងអស់គ្នា»។
យោងតាមទិន្នន័យឆ្នាំ២០១៥ ពីអង្គការសុខភាពពិភពលោក មានមនុស្សស្ទើរតែ១នាក់ ក្នុងចំណោម១០នាក់ បានធ្លាក់ខ្លួនឈឺជារៀងរាល់ឆ្នាំ ដោយសារទទួលទានអាហារដែលកខ្វក់ ក្នុងនោះមាន ៤២ម៉ឺននាក់ បានស្លាប់ដោយសារតែមូលហេតុនេះ។ នៅអាហ្វ្រិក និងអាស៊ីអាគ្នេយ៍ បញ្ហានេះមានធ្ងន់ធ្ងរយ៉ាងខ្លាំង ដោយសារអត្រាជំងឺបណ្តាលពីអាហារ មានកម្រិតខ្ពស់ជាងគេបំផុត។ នេះបើតាមទិន្នន័យដដែល ដែលបានឲ្យដឹងទៀតថា ការផ្ទុះរាលដាលនៃជំងឺបណ្តាលពីអាហារនៅមហាអនុតំបន់មេគង្គ បណ្តាលពីវត្តមាននៃមេឡាមីននៅប្រទេសចិន និងសំណល់អង់ទីប៊ីយូទិក និងសំណល់អរម៉ូន នៅក្នុងផលិតផលសត្វពាហនៈ និងផលិតផលជលផល ក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ប្រទេសភាគច្រើន នៅក្នុងមហាអនុតំបន់មេគង្គ បានអនុម័តទៅលើលិខិតបទដ្ឋានគតិយុត្តិទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ប៉ុន្តែមានតំបន់ជាច្រើនរាំងស្ទះ ដោយសារហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពនៅមានកម្រិត របស់ស្ថាប័នត្រួតពិនិត្យចំណីអាហារប្រកបដោយប្រសិទ្ធភាព។
លោក Ramesh Subramaniam អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ADB នឹងផ្តល់ការវិនិយោគ និងជំនួយបច្ចេកទេស ដល់ប្រទេសមហាអនុតំបន់មេគង្គ ក្នុងការកសាងប្រព័ន្ធចំណីអាហារមួយដែលមានសុវត្ថិភាព និងមាននិរន្តរភាព។ ជាពិសេស ADB នឹងជួយដល់បណ្តាប្រទេសនានា ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពចំណីអាហារ និងបង្កើតក្របខណ្ឌគតិយុត្តិ សម្រាប់ការប៉ាន់ស្មានហានិភ័យជារួម ការគ្រប់គ្រងហានិភ័យ និងការចែករំលែកព័ត៌មាន។
លោក Subramaniam បន្ថែមដូច្នេះថា៖«ដោយសារប្រទេសនៃមហាអនុតំបន់មេគង្គ មានព្រំប្រទល់ជាប់គ្នា និងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្ម មានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង ធ្វើឲ្យប្រទេសទាំងនេះ មានមូលដ្ឋានមួយដ៏ល្អ ក្នុងការផ្គត់ផ្គង់ចំណីអាហារ ដែលមានសុវត្ថិភាព និងមានគុណភាព ដោយកាត់បន្ថយបាន ផលប៉ះពាល់បរិស្ថាន ចំពោះប្រទេសដែលនៅជិតខាងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល»។ លោក ក៏គូសបញ្ជាក់ពីការធ្វើការជាមួយមហាអនុតំបន់មេគង្គ ដើម្បីជួយដល់បណ្តាប្រទេសនានា ទាញប្រយោជន៍ពីការប្តេជ្ញាចិត្តដែលមានភាពរឹងមាំរួចទៅហើយនៅក្នុងប្រទេសនីមួយៗ និងជំរុញឲ្យមានការជឿទុកចិត្តគ្នាក្នុងចំណោមអ្នកប្រើប្រាស់ អ្នកលក់រាយ ដៃគូពាណិជ្ជកម្ម ប្រកបដោយសក្តានុពល និងអ្នកពាក់ព័ន្ធដទៃទៀត។
កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម នៃមហាអនុតំបន់មេគង្គលើកទី២នេះ ក៏បានបញ្ចូលផងដែរ កិច្ចសន្ទនារវាងរដ្ឋ និងឯកជន។ អ្នកចូលរួម បានឯកភាពថា វិស័យរដ្ឋ និងឯកជន និងអង្គការមិនមែនរដ្ឋាភិបាល គប្បីធ្វើការងារជាមួយគ្នា ដើម្បីធ្វើឲ្យបទដ្ឋានសុវត្ថិភាពចំណីអាហារមានសង្គតភាព។ កិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន គ្រោងធ្វើឡើង ដើម្បីបង្កើនជំនាញបច្ចេកទេសពាក់ព័ន្ធនឹងប្រព័ន្ធ និងបទដ្ឋានត្រួតពិនិត្យចំណីអាហារ។ កិច្ចប្រជុំនេះ ក៏បានបង្ហាញផងដែរ ផលិតផលកសិកម្ម និងផលិតផលចំណីអាហារដែលត្រូវបានផលិតប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព ក្នុងមហាអនុតំបន់មេគង្គ ដូចជាកន្លែងកែច្នៃត្រីប្រហុក ក្នុងប្រទេសកម្ពុជា និងតំបន់ទេសចរណ៍ក្សេត្របរិស្ថានសំខាន់ៗនៅក្នុងតំបន់៕
© រក្សាសិទ្ធិដោយ thmeythmey.com