កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​ឈុត​ស៊ី​ហ្គេម​ថៃ​៖ គ្មាន​ការកំណត់​លទ្ធផល​នា​ជំនួប​ជាមួយ​កម្ពុជា​ឡើយ​
09, Sep 2017 , 8:30 am        
រូបភាព
ជំនួបរវាង U22 កម្ពុជា (ក្រហម) និង U22 ថៃ។ រូបថត NOCC
ជំនួបរវាង U22 កម្ពុជា (ក្រហម) និង U22 ថៃ។ រូបថត NOCC
គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​អាយុ​ក្រោម​២២​ឆ្នាំ លោក Worrawoot Srimakha បាន​ច្រានចោល​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការកំណត់​លទ្ធផល​អំឡុង​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ពោល​នា​ជំនួប​ក្នុង​ពូ​ល​ជាមួយ​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

 
 បី​ប្រកួត​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន លើក​ទី ២៩ នៅ​ម៉ាឡេស៊ី ត្រូវបាន​ក្រុម​អ្នកជំនាញ​វិភាគ​លើ​ការ​ភ្នាល់​បាល់ វាយតម្លៃថា ទំនងជា​មានការ​កំណត់​លទ្ធផល​ទុក​មុន​។​ ជំនួ​ប​ទាំង​៣​ប្រកួត​ដែល​អ្នកជំនាញ​ទាំងនោះ​លើកឡើង​ក្នុង​កាសែត​សិង្ហ​បុរី The Straits Times រួមមាន​ការប្រកួតរ​វាង ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ជាមួយ​ឡាវ វៀតណាម​ជាមួយ​កម្ពុជា និង ថៃ​ជាមួយ​កម្ពុជា​។ 
 
​អ្នកវិភាគ​ការ​ភ្នាល់​ជនជាតិ​អ៊ីតាលី​លោក Ivo Romano ដែលជា​អតីត​អ្នកពិគ្រោះ​យោបល់​ខាង​ល្បែងភ្នាល់​កីឡាបាល់ទាត់​នៅ UEFA បាន​និយាយថា​គាត់​បានកត់សម្គាល់​នូវ​សញ្ញា «​មិន​ប្រក្រតី​» មួយចំនួន ក្នុងការ​ប្រកួត​រវាង​ម៉ាឡេស៊ី និង​ឡាវ​ក្នុង​លទ្ធផល ៣-១ នោះ​។​
 
The Straits Times បាន​ដកស្រង​សម្តី​របស់លោក Romano ថា​៖«​មាន​អ្នកខាតបង់​ប្រាក់​យ៉ាងច្រើន​អំឡុង​ការប្រកួត​នេះ​ដោយ​ការ​ភ្នាល់​ថា​ម៉ាឡេស៊ី​នឹង​រក​គ្រាប់​បាល់​ទី​បី  ហើយ​ដែល​គ្រាប់​បាល់​ទី​បី​នោះ​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​នៅក្នុង​ម៉ោង​បន្ថែម​»​។​
 
​ទាក់ទង​នឹង​ជំនួប​ដែល​ថៃ បាន​យកឈ្នះ​កម្ពុជា ៣-០ លោក Worrawoot គ្រូបង្វឹក U22 ថៃ បាន​និយាយ​ការពារ​ខ្លួន​ថា ក្រុម​របស់លោក​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​សកម្មភាព​កំណត់​លទ្ធផល​ក្នុងការ​ប្រកួត​នោះឡើយ​។​
 
«​ខ្ញុំ​ទើបតែ​បានឮ​ព័ត៌មាន​នេះ វា​គ្រាន់តែ​ជាការ​សង្កេត​ពី​បណ្តាញសារព័ត៌មាន​បរ​ទេស​ប៉ុណ្ណោះ ខ្ញុំ​ធានា​ចំពោះ​អ្នក​ទាំងអស់គ្នា​ថា ថៃ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ករណីនេះ​ទេ​។ គោលដៅ​របស់​យើង​នៅ SEA Games គឺ​ការ​ឈ្នះ ហើយ​យើង​មានបំណង​ឈ្នះ​រាល់​ការប្រកួត​នៅ​ទីនោះ និង​ចង់រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ក្រៅពីនេះ​ខ្ញុំ​ជឿជាក់​លើ​កីឡាករ​របស់ខ្ញុំ​ថា​ពួកគេ​ក៏​មិន​ធ្វើបែបនេះ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Worrawoot​។​
 
​សម្រាប់​កម្ពុជា លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​អះអាង​ផងដែរ​ថា សហព័ន្ធ​បានធ្វើ​ការប្រជុំ​ជាមួយ​ក្រុម​គ្រូបង្វឹក​លើ​ករណីនេះ​រួចហើយ ប៉ុន្តែ​មិនមាន​ភស្តុតាង​ណាមួយ​ដែល​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​នោះឡើយ​៕
 
 

Tag:
 បាល់ទាត់​
  Sea Games 2017
  ថៃ​
  កម្ពុជា​
  ម៉ាឡេស៊ី​
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com