ជាតិ
អ្នកវិភាគ​៖ CNRP ត្រូវ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន បើ​គ្មាន​វត្តមាន​«​សម រង្ស៊ី និង កឹម សុខា​»
09, Sep 2017 , 9:39 am        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា អំឡុងពេលចុះជួបសកម្មជន និងអ្នកគាំទ្រ
រូបពីហ្វេសប៊ុកលោក កឹម សុខា អំឡុងពេលចុះជួបសកម្មជន និងអ្នកគាំទ្រ
​ភ្នំពេញ​៖ បន្ទាប់ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​លាលែង​ចេញពី​តំណែង នៅពេលនេះ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​បច្ចុប្បន្ន ក៏​កំពុង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ។ អ្នកវិភាគ​ថា បញ្ហា​នេះ​គឺជា​វិញ្ញាសារ​ធំ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន ដោយ​មិនចាំបាច់​មាន​ឥស្សរៈជន​ជាន់ខ្ពស់​ទាំងពីរ​រូបនេះ​ដឹកនាំ​បក្ស​ឡើយ​។ ការលើកឡើង​របស់​អ្នកវិភាគ​បែបនេះ ធ្វើឡើង​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​តែងតាំង​ប្រធាន​ថ្មី ជំនួស​ឯកឧត្តម កឹម សុខា​។​



​អ្នកវិភាគ​នយោបាយ លោក មាស នី យល់ឃើញថា ហេតុផល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ដាក់​អ្នក​ជំនួស​តំណែង​ឯកឧត្តម កឹម សុខា នោះ គឺ​គ្រាន់តែ​ជា​រូបភាព​មួយ ដែល​ចង់បង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន ដល់​អ្នកគាំទ្រ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​លោក មាស នី វិញ ហេតុផល​ដែល​គណបក្សប្រឆាំង​លើកឡើង​នេះ វា​កំពុង​បង្ហាញ​ពី​ភាពកម្សោយ និង​ការបរាជ័យ​ទៅវិញ​ទេ ។ ការបរាជ័យ​ដែល​លោក មាស នី មើលឃើញ​នោះ គឺ​ត្រង់​ថា គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​មិនអាច​ដំណើរការ​ទៅមុខ​បានទេ បើ​គ្មាន​វត្តមាន​ដឹកនាំ​របស់​ឯកឧត្តម កឹម សុខា និង​លោក សម រង្ស៊ី ។ 



​ត្រង់ចំណុច​នេះ​លោក មាស នី ពន្យល់​វិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ត្រៀម​ដាក់​ប្រធាន​ថ្មី ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន​។ «​ខ្ញុំ​យល់​អារម្មណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​មិន​ដាក់​ប្រធាន​ថ្មី អ្នក​ជំនួស​លោក កឹម សុខា នោះ​ក៏​ព្រោះតែ​ពួកគេ​មិន​ចង់បង្ហាញ​ពី​ភាព​ខ្សោយ ដែល​ត្រូវ​ធ្វើតាម​ការចង់បានរ​បស់​គណបក្សកាន់អំណាច​ឡើយ​។ ប៉ុន្តែ​ជា​ទស្សនៈ​ខ្ញុំ គណបក្ស​នេះ​គួរតែរៀបចំ​មេដឹកនាំ​ក្បាលម៉ាស៊ីន​បក្ស ដើម្បី​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ថា អត់​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា គណបក្ស​នៅតែ​អាច​ដំណើរការ​ទៅមុខ ដោយ​មិនមែន​ដឹកនាំ​បក្ស​អាស្រ័យ​ពឹងផ្អែក​លើ​បុគ្គលនិយម​ទេ​…​។ ហើយ​ខ្ញុំ​ជឿថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជ្រើសរើស​អ្នក​ជំនួស​លោក កឹម សុខា​។​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក មាស នី ដែល​បាន​បន្ថែមថា បើ​គណបក្សប្រឆាំង សម្រេចចិត្ត​ដាក់​ប្រធាន​ថ្មី ជំនួស​ឯកឧត្តម កឹម សុខា នោះ វា​បង្ហាញ​ពី​គំរូ​ភាពរឹងមាំ​គណបក្ស ទៅដល់​អ្នកគាំទ្រ និង​គណបក្ស​ដទៃទៀត​ផងដែរ​។

​ការលើកឡើង​របស់​អ្នកវិភាគ​ខាងលើនេះ ធ្វើឡើង​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​តែងតាំង​ប្រធាន​ថ្មី​ជំនួស​ឯកឧត្តម កឹម សុខា ឡើយ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកស្រី មួរ សុខ​ហួរ ពន្យល់ថា មូល​ហេតុដែល​គណបក្ស​មិន​តែងតាំង​ប្រធាន​ថ្មី ព្រោះ​កុំ​ឲ្យ​មហាជន​យល់ច្រឡំ​ថា គណបក្ស​ខ្លួន មានគំនិត​បំផ្លាញ​ប្រជាធិបតេយ្យ ដូច​ការចោទប្រកាន់​មកលើ​ឯកឧត្តម កឹម សុខា​។​

«​គណបក្ស​យើង​មាន​ជំហរ​ច្បាស់លាស់​ណាស់ ហើយ​យើង​ស្គាល់​ច្បាស់​ណាស់​ថា នរណា​ជា​ប្រធាន នោះ​គឺ​ឯកឧត្តម កឹម សុខា ហើយ​មិនមាន​អ្នកណា​ជំនួស​តំណែង​គាត់​ឡើយ​។ ដូច្នេះ​គណបក្ស​យើង​នឹងមិន​តែង​អ្នក​ជំនួស​តំណែង​ឯកឧត្តម កឹម សុខា ទេ​…​។ ការចោទប្រកាន់ ការចាប់​ឃុំខ្លួន​មក​ប្រធាន​គណបក្ស​ម្នាក់​ហើយ ម្នាក់ទៀត​នេះ វា​កំពុង​បង្ហាញថា​នយោបាយ​កម្ពុជា កំពុង​ដើរ​ហួស​ចំណុច​ក្រហម​ហើយ វា​កំពុង​ដើរ​ដល់​ចំណុច​ហានិភ័យ​ខ្ពស់​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​អនុប្រធាន​គណបក្សប្រឆាំង ដែល​បាន​បន្ថែមថា បើទោះជា​គណបក្ស​ខ្លួន​ដាក់​អ្នកណា​ជា​ប្រធាន​បក្ស ក៏​គង់តែ​រងគ្រោះ​ដែរ បើសិនជា​នៅតែមាន​ការបន្ត​ប្រើប្រាស់​ប្រព័ន្ធតុលាការ ធ្វើជា​ឧបករណ៍​នយោបាយ​។​

​និយាយ​ដល់​ត្រង់នេះ លោក មាស នី ផ្ដល់​ជា​ទស្សនៈ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ តែងតាំង​ប្រធាន​ថ្មី​ជំនួស​ឯកឧត្តម កឹម សុខា ហើយ​នៅតែ​រងគ្រោះ​ដោយសារ​បញ្ហា​ក្តីក្ដាំ​ទៀត​នោះ វា​នឹង​បង្ហាញ​កាន់តែច្បាស់​ទៅដល់​សហគមន៍​អន្តរជាតិ ពី​ស្ថានភាព​នយោបាយ​អាក្រក់​នៅ​កម្ពុជា​។ ប៉ុន្តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​តែងតាំង​ប្រធាន​ថ្មី​ទេនោះ វា​នឹង​ផ្ដល់​ផល​អាក្រក់​ដល់​គណបក្ស ដោយ​គ្មាន​ផលចំណេញ​អ្វី​នោះទេ​។​

«​បើ​គណបក្សប្រឆាំង ប្រកាន់​ជំហរ​មិន​ជ្រើសរើស​ក្បាលម៉ាស៊ីន​បក្ស វា​នឹង​នាំ​ឲ្យ​គណបក្ស​នេះ​ប្រឈមមុខ​នឹង​ការរំលាយ ដោយសារ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​គាំទ្រ​បាក់​ទឹកចិត្ត ចំណែក​ក្រុមប្រឹក្សា​ស្រុក​-​ឃុំ ក៏​បាត់បង់​អស់សិទ្ធិ​ដែរ​។ ប៉ុន្តែ​បើ​គណបក្ស​នេះ​ដាក់​អ្នកថ្មី​ជំនួស​ប្រធាន​បក្ស ហើយ​នៅតែមាន​ការចាប់​ដដែល​ទៀត មាន​ផល​ល្អ​ដល់​គណបក្ស ព្រោះ​អន្តរជាតិ​គេ​មើលឃើញ​ពី​ការដឹកនាំ ស្ថានភាព​នយោបាយ​អាក្រក់​នៅ​កម្ពុជា ហើយ​ពួកគេ​អាច​នឹងដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល តាមរយៈ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាដើម​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស នី ដែល​បាន​បន្ថែមថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា អាច​នឹងមាន​ការប្រែប្រួល​តាមរយៈ​«​អណ្ដាត​»​របស់​អ្នកនយោបាយ​ស​។​

​តែ​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​លើ​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ឆ្នាំ​២០១៨ ។ ការពិចារណា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នេះ ស្របពេល​កំពុង​តាមដាន​មើល​ករណី​ឯកឧត្តម កឹម សុខា ដែល​រង​បទ​ចោទ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​ជនបរទេស​។​

​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ដូច្នេះ​ថា​៖« បើ​បញ្ហានយោបាយ​មានការ​ចោទប្រកាន់ ការ​ចាប់ចង ឃុំខ្លួន​បែបនេះ នោះ​ការបោះឆ្នោត​ក៏​មិន​អាចមាន​ភាពសេរី និង​យុត្តិធម៌​ដែរ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​ការបោះឆ្នោត​ឡើយ​»​។  លោកស្រី មូរ សុខ​ហួរ ទាមទារ​ឲ្យ​មានការ​ប្រកួតប្រជែង​នយោបាយ​រវាង​គណបក្ស និង​គណបក្ស ត្រូវ​ស្មើភាព​គ្នា ដោយ​មិនត្រូវ​ធ្វើទុក្ខបុកម្នេញ​គូប្រកួត​ម្ខាង​ទៀត​នោះទេ​៕


Tag:
 កឹម សុខា​
 ​សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com