ជាតិ
សេដ្ឋកិច្ច
ស្ពានបេតុង​ឆ្លងទន្លេ​សាប​ក្នុង​ក្រុងភ្នំពេញ​ថ្មី​មួយទៀត នឹងត្រូវ​សាងសង់​ឆាប់ៗ​នេះ​
09, Sep 2017 , 1:59 pm        
រូបភាព
រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖  រាជធានី​ភ្នំពេញ​នឹងមាន​ស្ពានបេតុង​មួយទៀត ដែល​ឆ្លងកាត់​ទន្លេសាប ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែតុលា​ឆ្នាំនេះ​។ នេះ​បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី ។​



​ស្ពានបេតុង​នេះ​ត្រូវ​សាងសង់​ចេញពី​ចំណុចឃ្លាំង​ស្តុក​សាំង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ទន្លេសាប​ទៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ដែល​ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។ បើតាម លោក ម៉េ​ត មាស​ភក្ដី ស្ពាន​នេះ​មាន​ប្រវែង​ជាង ៥០០​ម៉ែត្រ និង​ទទឹង ២០,៥​ម៉ែត្រ ដែល​គ្រោង​ដាក់​ឲ្យ​សាងសង់​ក្នុងអំឡុង​ខែតុលា​ខាងមុខនេះ ហើយនឹង​បញ្ចប់​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ទៅ​ពីរ​ឆ្នាំ​។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ អះអាងថា ស្ពានបេតុង​នេះ​ត្រូវ​សាងសង់ឡើង ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ ដោយ​នឹង​សម្រួល​បាន​មួយផ្នែក​ចំពោះ​អ្នកដំណើរ​ដែល​ចង់​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ផ្លូវជាតិ​លេខ​៦ ។​

​ជាមួយគ្នានេះ គម្រោង​សាងសង់​ស្ពានដែក​ប៉ា​ឡេ​មួយទៀត​ស្ថិត​លើ​ទីតាំង​ដដែល​នេះ​នឹងត្រូវ​សាងសង់​ក្នុង​ខែតុលា​នេះ​ផងដែរ និង​គ្រោង​បញ្ចប់​នៅ​ខែមេសា​ឆ្នាំ​២០១៨ ។ លោក មាស​ភក្ដី បញ្ជាក់ថា ស្ពានដែក​នេះ​ត្រូវបាន​សាងសង់​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​ដើម្បី​សម្រួល​ចរាចរណ៍ ហើយ​ស្ពានដែក​នេះ​នឹងត្រូវ​រុះរើ​វិញ​នៅពេល​ស្ពានបេតុង​ដាក់​ឲ្យ​ដំណើរការ​។

​ទោះយ៉ាងណា លោក ម៉េ​ត មាស​ភក្ដី មិនទាន់​អាច​បញ្ជាក់​ពី​ថវិកា​សម្រាប់​សាងសង់​ស្ពាន​ទាំងពីរ​នេះ​បាន​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ស្ពានដែក​ប៉ា​ឡេ​ត្រូវ​សាងសង់​ដោយ​ថវិកា​របស់​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ​។ 

​ប៉ុន្តែ​បើតាម​ការ​ស្រង់​សំដី​តំណាង​ក្រុមហ៊ុន OCIC ដោយសារ​ព័ត៌មាន Freshnews ស្ពានបេតុង​នឹងត្រូវ​ចំណាយ​ថវិកា ៣៥​លាន​ដុល្លារ និង​ជាង ៩​លាន​ដុល្លារ​សម្រាប់​ស្ពានដែក​ប៉ា​ឡេ ដែលជា​ការចំណាយ​រប​ស់​ក្រុមហ៊ុន​។​

​ការស្ថាបនា​ស្ពាន​ទាំងពីរ​នេះ ស្របគ្នា​នឹង​ការបើក​ការជួសជុល​ឡើងវិញ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោ​ចង្វារ​ទី​១)​នៅ​ដើមខែ​តុលា​នេះ​។ ស្ពាន​ពីរ​នេះ​មាន​ចម្ងាយ​ប្រហែល ២,៥​គីឡូម៉ែត្រ​ពី​ស្ពាន​ជ្រោ​ចង្វារ​ទី​១៕


Tag:
 ស្ពាន​ឆ្លង​ទន្លេសាប​
  ម៉េ​ត មាស​ភក្ដី​
© រក្សាសិទ្ធិដោយ thmeythmey.com