English-Français
ជាតិ
សង្គមជាតិ
អ្នកចេះភាសាបារាំងនឹងមានក្តីសង្ឃឹមឡើងវិញចាប់ពីឆ្នាំ២០១៨ខាងមុខនេះ
× ភ្នំពេញ៖ អ្នកចេះភាសាបារាំងអាចនឹងមានក្តីសង្ឃឹមឡើងវិញចាប់ពីឆ្នាំ២០១៨ខាងមុខនេះតទៅ ព្រោះប្រទេសបារាំងនឹងផ្តល់អាហារូបករណ៍ច្រើនឡើងវិញដល់និស្សិតដែលចេះនិយាយភាសាបារាំង។ នេះ គឺជាការប្រកាសរបស់លោក Jacques Krabal, president délégué de l’Assemblee Parlementaire Francophone នៅក្នុងសប្តាហ៍នេះនៅខេត្តព្រះសីហនុក្នុងឱកាសកិច្ចប្រជុំសភានិយាយភាសាបារាំងដែលមានការចូលរួមពីតំណាងរាស្ត្រនៃប្រទេសឡាវ វៀតណាម កម្ពុជា និងតំណាងស្ថាប័ននៃប្រទេសនិយាយភាសាបារាំងមួយចំនួនផ្សេងទៀត។
សូមស្តាប់សំឡេង៖
នាពេលកន្លងមក អ្នកចេះ និងអ្នកភាសាបារាំងអស់សង្ឃឹម។ ព្រោះ អាហារូបករណ៍សម្រាប់និស្សិតទៅសិក្សានៅក្នុងប្រទេសបារាំងត្រូវបានកាត់បន្ថយជារៀងរាល់រាល់ឆ្នាំ ពោល គឺនៅសល់ប្រមាណជា៣០នាក់ក្នុងមួយឆ្នាំៗ។ ម្យ៉ាងទៀត ទីផ្សារសម្រាប់អ្នកចេះភាសាបារាំងកាន់តែតូចចង្អៀត។ អាហារូបករណ៍៣០នាក់ក្នុងមួយឆ្នាំត្រូវបានលោក Jacques Krabal ថា មានចំនួនតិចតួច។
លោក Jacques Krabal ទទួលស្គាល់ថា ភាសារបារាំងបាត់បង់ទីតាំងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាប្រឈមនឹងការរីកចម្រើនខ្លាំងនៃភាសាអង់គ្លេស។ តែដើម្បីពង្រីកភាសាបារាំងឡើងវិញ គ្មានអ្វីក្រៅតែពីការជំរុញការអប់រំឡើយ។ លោកថា ប្រទេសបារាំង ជាពិសេស លោកប្រធានាធិបតី Macron ចាប់ពីចាប់២០១៨ខាងមុខនេះ នឹងជំរុញបង្កើនចំនួនអាហារូបករណ៍ឡើងវិញដល់ប្រទេសនិយាយភាសាបារាំង Francophonie ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ លោកសំណួមពរបន្ថែមទៀតថា ប្រទេសបារាំងមិនត្រូវបង្កើនតែចំនួនអាហារូបករណ៍សម្រាប់និស្សិតប៉ុណ្ណោះទេ តែត្រូវជួយសម្រួលនិតិវិធីនៃការទទួលបានទិដ្ឋាការបារាំងផងដែរ។
ស្របពេលជាមួយគ្នា លោក Jacques Krabal ក៏ព្រួយបារម្ភពីការថយចុះចំនួនតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាដែលចេះភាសាបារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ តែដើម្បីដោះស្រាយបញ្ហានេះ ការពង្រឹងការសិក្សានានាតាមរយៈភាសាបារាំង គឺជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com